ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពការណ៍​មួយ​រយ​:​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​មិន​ប្រណី​ដៃ​ឡើយ ចំពោះ​មន្ត្រី​ខិលខូច​និង​ពុក​រលួយ ។ សាច់​ស្អុយ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋាភិបាល​ត្រូវ​បាន​កាត់​ចោល​ជា​បន្តបន្ទាប់ ។ ចំណែក​ទៅ​មុខ​ទៀត រដ្ឋាភិបាល​ក៏​មិន​អាច​លើកលែង​អោយ​បាន​ដែរ ចំពោះ​នរណា​ធ្វើ​អោយ​ខូច​ឈ្មោះ​រដ្ឋាភិបាល ឬ​បំពេញការងារ​មិន​បាន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ…

សភាពការណ៍​មួយ​រយ​:​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​មិន​ប្រណី​ដៃ​ឡើយ ចំពោះ​មន្ត្រី​ខិលខូច​និង​ពុក​រលួយ ។ សាច់​ស្អុយ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋាភិបាល​ត្រូវ​បាន​កាត់​ចោល​ជា​បន្តបន្ទាប់ ។ ចំណែក​ទៅ​មុខ​ទៀត រដ្ឋាភិបាល​ក៏​មិន​អាច​លើកលែង​អោយ​បាន​ដែរ ចំពោះ​នរណា​ធ្វើ​អោយ​ខូច​ឈ្មោះ​រដ្ឋាភិបាល ឬ​បំពេញការងារ​មិន​បាន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ ។

តាម​រយ​:​សកម្មភាព និង​ការ​សម្រេចចិត្ត​នៅ​ដើមឆ្នាំ​នេះ រដ្ឋាភិបាល​បាន​បង្ហាញ​សញ្ញា​ដ៏​ប្រាកដប្រជា​ថា រឿង​ពុក​រលួយ គឺជា​គោលដៅ​ដ៏​ធំ​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​បោសសម្អាត​ចេញពី​ក្នុង​ជួរ​មន្ត្រី ដើម្បី​អោយ​កម្ពុជា​កាន់តែ​មានការ​រីក​ចម្រើន​សេដ្ឋកិច្ច​កាន់តែ​រហ័ស ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៥ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឃាត់ខ្លួន​អភិបាលរង​ខេត្តកំពង់ស្ពឺ​ម្នាក់ កងកម្លាំង​ម្នាក់ និង​អ្នកបកប្រែ​ភាសា​ចិន​ម្នាក់​ពី​បទ​ប្រ​ពឹ​ត្តិ​អំពើ​ពុក​រលួយ សមគំនិត និង​បទ​ក្លែងបន្លំ​លិខិត​ឯកសារ​សាធារណៈ​ដែល​ប្រព្រឹត្ត​ក្នុង​ខេត្តកំពង់ស្ពឺ ប៉ៃលិន បាត់ដំបង ស្ទឹង​ត្រែង និង​ព្រះ​វិហារ កាលពី​ឆ្នាំ​២០២៣ ។

តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពួក​គេ​ទាំង​បី​នាក់ គឺ​មាន​លោក​អភិបាលរង​ខេត្តកំពង់ស្ពឺ ទិ​ត វុ​ទ្ធី អ្នក​រត់ការ ជា​មន្ត្រី​យោធា​ថា​នៈ វរៈសេនីយ៍ត្រី ឈ្មោះ ហ៊ា​វ ខន និង​អ្នកបកប្រែ​ភាសា​ចិន អ៊ឹ​ង សា​រឿ​ន ។ ក្រោយ​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឃាត់ខ្លួន​ពួក​គេ​ទាំង​បី​រូប​ត្រូវ​បាន​អយ្យការ និង​ចៅក្រម​តុលាការខេត្ត​កំពង់ស្ពឺ ចោទប្រកាន់​រួចរាល់​ហើយ​ពេល​នេះ ។ ពួក​គេ​ទាំង​បី​បាន​ជួប​បញ្ហា​នេះ ក្រោយ​ពេល​ដែល​មានការ​ប្តឹងផ្តល់​ពី​សំណាក់​ជនជាតិ​ចិន ដែល​មាន​បំណង​ចង់​មក​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា ។

ដោយឡែក ខាង​ជួរ​សមត្ថកិច្ច​ប៉ូលិស​វិញ​នៅ​ក្នុង​ខែមីនា នេះ​ក៏​មាន​សេចក្តីរាយការណ៍​ថា មានការ​របូត​តំណែង​អធិការ​ស្រុក​មួយ​រូប ដោយសារ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដូច​ជា ដោះ​លែង​ជនសង្ស័យ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន និង​ជនបរទេស​ឆ្លង​ដែន​ខុសច្បាប់ ។ ចំណែក​មន្ត្រី​នគរបាល​៣​រូប​ផ្សេង​ទៀត រង​ការ​ពិន័យ​រដ្ឋបាល បន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​ផ្ញើ​សារ​ទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​ទៅ​កាន់​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស សុខា ដើម្បី​ស្នើ​សុំ​ឲ្យ​ស៊ើបអង្កេត​ករណី​ចោទប្រកាន់​នេះ ។

ក្រៅពី​នោះ កាលពីដើម​ឆ្នាំ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​ឃាត់ ខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ចំនួន​២​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ស៊ីសំណូក​ក្នុង​ការ​ទទួល​ប្រាក់​ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប​លើ​បទល្មើស​គ្រឿង​ញៀ​.​ន និង​ល្បែ​.​ង​ស៊ីសង ។

សរុប​ទៅ នៅ​ក្នុង​រយៈពេល​មិន​ដល់​៣​ខែ​នៃ​ដើមឆ្នាំ​នេះ មន្ត្រី និង​កងកម្លាំង​មិន​តិច​ឡើយ ដែល​បាន​របូត​តំណែង និង​មាន​ពិរុទ្ធ​ផ្នែក​ច្បាប់​ដោយសារ​តែ​រឿង​ពុក​រលួយ​នេះ ហើយ​នៅ​ពេល​ខាង​មុខ​ប្រហែលជា​នឹង​មាន​មន្ត្រី និង​កងកម្លាំង​បន្ថែម​ទៀត​ដែល​នឹង​រង​ពិន័យ ប្រសិនបើ​ពិតជា​ប្រ​ពឹត្ត​កំហុស ។ ដូច្នេះ​កុំ​លេងសើច ហើយ​កុំ​ចេះ​តែ​ហ៊ាន​ប្រ​ពឹត្ត​ផ្តេសផ្តាស​ពីព្រោះ​រដ្ឋាភិបាល​នឹង​មិន​ប្រណី​ដៃ​ឡើយ ។

ឃើញ​ចំណាត់ការ​ប្រកបដោយ​កណ្តាប់​ដែក​បែប​នេះ​ហើយ មន្ត្រីរាជការ កងកម្លាំង​គ្រប់​ប្រភេទ​សូម​ប្រញាប់​លាង​សម្អាត​ដៃ​ចេញពី​អំពើ​ពុក​រលួយ​ជា​បន្ទាន់ ដើម្បី​កុំអោយ​មាន​ពិរុទ្ធ ។ មន្ត្រី​ដែល​ទទួល​ប្រាក់បៀវត្សរ៍​ពី​រាជរដ្ឋាភិបាល គួរតែ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព ។

ដំណាក់កាល​នេះ គឺជា​ដំណាក់​កាលដែល​រដ្ឋាភិបាល​ត្រូវ​វះកាត់​ហើយ ។ ដូច្នេះ​សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន និង​សកម្ម​នៅ​ក្នុង​ការងារ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ បើសិនជា​មិន​ចង់​ក្លាយជា​មន្ត្រី​សាច់​ស្អុយ​ដែល​នឹង​ត្រូវ​វះកាត់​ចោល​ដោយ​រដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ