ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​ដែល​លុយ​ពិបាក​រក​គ្រប់​គ្នា​ត្រូវ​ប្រឹងរក​លុយ មិន​ថា ជា​លក្ខណ​:​បុគ្គលិក ស្ថាប័ន ខេត្ត​ក្រុង ឬ​ប្រទេស​ទាំងមូល​ឡើយ ។ ទស្សនៈវិស័យ​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​ខេត្ត​នីមួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចេះ​ជួយ​រក​លុយ​កំពុង​តែ​បង្ហាញ​រូបរាង​តាម​រយ​:​ការ​លើកកម្ពស់​ការ​ទាក់ទាញ​វិនិយោគ​បរទេស ។…

នៅ​ពេល​ដែល​លុយ​ពិបាក​រក​គ្រប់​គ្នា​ត្រូវ​ប្រឹងរក​លុយ មិន​ថា ជា​លក្ខណ​:​បុគ្គលិក ស្ថាប័ន ខេត្ត​ក្រុង ឬ​ប្រទេស​ទាំងមូល​ឡើយ ។ ទស្សនៈវិស័យ​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​ខេត្ត​នីមួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចេះ​ជួយ​រក​លុយ​កំពុង​តែ​បង្ហាញ​រូបរាង​តាម​រយ​:​ការ​លើកកម្ពស់​ការ​ទាក់ទាញ​វិនិយោគ​បរទេស ។

នៅ​ពេល​បច្ចុប្បន្ន​នេះ​ដំណើរការ​នៃ​ការ​ទាក់ទាញ​វិនិយោគ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​កម្រិត​ជាតិ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី គឺ​មាន​បំណង​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ខេត្ត​នីមួយ​ៗ​ជួយ​រាជរដ្ឋាភិបាល​លើ​កិច្ចការ​ទាក់ទាញ​វិនិយោគ ពោល គឺ​កិច្ចការ​ជួយ​រក​លុយ​តាម​គម្រោង​វិនិយោគ​នានា ។

អ្វី​ដែល​សម្តេច​មហា​បវរ​ធិ​បតី និយាយ​កន្លង​មក​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឡើង​កាន់​តំណែង នៅ​ខែសីហា ឆ្នាំ​២០២៣ មក​ដល់​ពេល​នេះ​កំពុង​តែ​ដំណើរការ​ទៅ​មុខ ហើយ​កិច្ចការ​នេះ​ទំនង​នឹង​អាច​នឹង​ចេញ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ក៏​ថា​បាន ។ ដូច្នេះ​អាជ្ញាធរ​ខេត្ត ទាំង​២៥​ខេត្ត​រាជធានី គួរតែ​រៀបចំ​ខ្លួន​ឲ្យ​ហើយ ដើម្បី​កុំអោយ​មិនដឹង​ចាប់ផ្តើម​ពី​ចំណុច​ណា នៅ​ពេល​គោលនយោបាយ​នោះ​ចេញ​ជា​ផ្លូវការ ។

ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ កាល​ស​ប្តា​ហ៍​មុន នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​រៀបចំ​នូវ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស​មួយ​ពាក់ព័ន្ធ លើ​កា​រត​ភ្ជាប់​ប្រព័ន្ធ​ចែករំលែក​ទិន្នន័យ និង​ពិនិត្យ​លើ​ការ​រៀបចំសេចក្តី​ណែនាំ​នីតិវិធី​ចុះបញ្ជី​គម្រោង​វិនិយោគ​នៅ​ថ្នាក់​ក្រោម​ជាតិ រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំ​នេះ គឺ​ដឹកនាំ​ដោយ លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក​ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ ក្រសួងមហាផ្ទៃ ព្រមទាំង​ក្រុមការងារ​ជំនាញ​សរុប​ប្រមាណ​៤០​រូប ។ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស​នេះ ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ពិនិត្យ​លើ​កា​រត​ភ្ជាប់​ប្រព័ន្ធ​ចែករំលែក​ទិន្នន័យ និង​នីតិវិធី​ចុះបញ្ជី​គម្រោង​វិនិយោគ​នៅ​ថ្នាក់​ក្រោម​ជាតិ តាម​ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា ដែល​គេ​អាច​ហៅ​កាត់​ថា ប្រព័ន្ធ cdcIPM ។

នេះ គឺជា​ជំហាន​ថ្មី​មួយ ក្រោយ​ពេល​ដែល​កិច្ចប្រជុំ​មួយ​បាន​រៀបចំ​ឡើង កាលពី​ខែកុម្ភៈ​ដឹកនាំ​ប្រជុំ​ដោយ​ផ្ទាល់​ដោយ លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា ដើម្បី​ធានា​បាន​នូវ​ភាព​ធន់ និង​ចីរភាព​នៃ​ការ​រៀបចំ​យន្តការ​ប្រទាក់ក្រឡា និង​មាន​សង្គតិភាព​នៃ​លំហូរ​ការងារ​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ ជុំវិញ​ការ​គ្រប់គ្រង​ការ​ចុះបញ្ជី និង​ការ​ត្រួតពិនិត្យ​តាមដាន​ការ​អនុវត្ត​គម្រោង​វិនិយោគ ។

ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​នេះ​វា​ហាក់ជា​កិច្ចប្រជុំ​ក្រុម​អ្នកបច្ចេកទេស​ធម្មតា ប៉ុន្តែ​វា​មិនមែន​ដូច​ការ​គិត​ឡើយ ហើយ​កិច្ចការ​នេះ​អាច​ជា​ការ​បន្ថែម​បន្ទុក​ការងារ និង​ការ​ទទួលខុសត្រូវ​បន្ថែម​មួយ​កម្រិត​ទៀត ដល់​ស្ថាប័ន​នៅ​តាម​ខេត្ត និង​រាជធានី ដើម្បី​ជួយ​លើកកម្ពស់​កិច្ចការ​ទាក់ទាញ​វិនិយោគ​ដែល​ជា​ប្រភព​ចំណូល​ដ៏​មាន​និរន្ត​ភាព​សម្រាប់​ជាតិ និង​ប្រជាជន ។ កិច្ច​ការងារ​នេះ​ដែរ គឺជា​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ​ដោយ​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤ ហើយ​គ្រោង​នឹង​ដាក់​អោយ​ដំណើរការ​សាកល្បង នៅ​ត្រីមាស​ទី​២ ជា​មូលដ្ឋាន​ឆ្ពោះទៅ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០២៥​នេះ​តែ​ម្តង ។

រាជរដ្ឋាភិបាល​ក្រៅពី​ដាក់​ចេញ​យន្តការ​ត្រួតពិនិត្យ និង​បង្រៀន​មន្ត្រី​មូលដ្ឋាន​ឲ្យ​ចេះ​ចាយ​លុយ​ឲ្យ​ត្រូវ​គោលដៅ​ហើយ​នោះ​នៅ​ពេល​នេះ​ក៏​បាន​ដាក់​គោលដៅ​ឲ្យ​អស់លោក​ជួយ​ទាក់ទាញ​រក​ប្រាក់​មក​ពង្រឹង​សេដ្ឋកិច្ច​តាម​ការ​ប្រគល់​ភារកិច្ច​ឲ្យុ​ថ្នាក់​ក្រោម​ជាតិ ជា​ពិសេស គឺ​ថ្នាក់​ខេត្ត និង​រាជធានី​ជួយ​ទាក់​ម៉ូយ ឬ​រក​អ្នក​វិនិយោគ​មក​ដាក់​ទុន​នៅ​ក្នុង​ខេត្ត ដើម្បី​រដ្ឋ​អាច​ប្រមូល​ពន្ធ​បង្កើត​ការងារ​ធ្វើ​ជូន​ពលរដ្ឋ ។​ល​។

នៅ​តាម​កម្មវិធី​សាធារណៈ​នានា​កន្លង​មក សម្តេច​ធិ​បតី ក៏​បាន​លើកទឹកចិត្ត​ឲ្យ​អាជ្ញាធរ​ខេត្ត និង​រាជធានី​ប្រឡងប្រជែង​គ្នា នៅ​ក្នុង​កិច្ចការ​នេះ​ខណៈ​ដែល​បច្ចុប្បន្ន​រាល់​គម្រោង​ទាំងអស់ គឺ​ធ្វើ​ចេញ និង​ទាក់ទាញ​ដោយ​ថ្នាក់​ជាតិ ។

សរុប​ទៅ​កិច្ចការ​នេះ មិនធម្មតា​ឡើយ ហើយ​វា​ជា​កិច្ចការ​លំបាក​មួយ ដែល​ទាមទារ​ឲ្យ​ថ្នាក់​ខេត្ត និង​រាជធានី មានការ​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ច្បាស់លាស់​នៅ​ក្នុង​ការ​រៀបចំ​ខ្លួន​តាំងពី​ការ​ធ្វើ​ទីផ្សារ ការ​ផ្សព្វផ្សាយ ការ​គ្រប់គ្រង​ការងារ …​។​ល​។ នេះ គឺជា​ទស្សនៈវិស័យ និង​ការ​កំណត់​ការ​វាយតម្លៃ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ទាក់ទង​នឹង​សមត្ថភាព​នៃ​ការ​ចេះ​ចាយ​លុយ និង​រក​លុយ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ជាតិ​ឆ្ពោះទៅ​រក​ចក្ខុវិស័យ​នៅ​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ