រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ដើម្បីផ្ដល់ផលប្រយោជន៍ដល់វិស័យទេសចរណ៍កម្ពុជាទាំងមូល មិនមែនសម្រាប់តែក្រុមគ្រួសាររបស់សម្តេចឡើយ ។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាឆ្លើយតបទៅក្រុមប្រឆាំងនៅក្រៅប្រទេសថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ជារបស់ត្រកូលហ៊ុន ហើយមិនចាំធ្វើការចំណាយថវិកាច្រើន ។ ការមានប្រសាសន៍ឆ្លើយតប របស់សម្តេចធិបតីនេះ បន្ទាប់ពីមានក្រុមប្រឆាំងនៅក្រៅប្រទេសបានធ្វើការរិះគន់ចំពោះគម្រោងរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសៀមរាប នៅថ្ងៃ១៤ ដល់១៦ មេសាថា ជាការឥតប្រយោជន៍សម្រាប់តែក្រុមគ្រួសាររបស់សម្តេច ។

ថ្លែងក្នុងពិធិប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មានអ្នកនៅក្រៅប្រទេសតាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីផ្សាយជាខេមរភាសា បានរិះគន់ចំពោះគម្រោងនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាពេលខាងមុខថា ជាការឥតប្រយោជន៍ព្រោះការរៀបចំនេះចំពេលប្រជាពលរដ្ឋខ្លះក្រីក្រ ប៉ុន្តែសម្ដេចថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីផ្ដល់ប្រយោជន៍ដល់វិស័យទេសចរណ៍កម្ពុជា ជាពិសេសអ្នករស់នៅខេត្តសៀមរាបចាប់តាំងពីអ្នករត់ម៉ូតូឌុបដល់ម្ចាស់សណ្ឋាគារជាដើម ដែលមកដល់ពេលនេះ បើតាមការលេចលឺសណ្ឋាគារ និងផ្ទះសំណាក់បានកក់ទុកមុនគ្មានសេសសល់ឡើយ ។
សម្ដេចមហាបវរធិបតី បានបន្តថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនមែន ដើម្បីមុខមាត់របស់ក្រុមគ្រួសារសម្តេចឡើយ ព្រោះមិនបានដាក់រូបថតក្រុមគ្រួសារសម្ដេចទេ ។ ការរៀបចំនេះកើតចេញពីសរសៃឈាមសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា (ស ស យ ក) ចាប់តាំងពីយុវជនរហូតដល់មន្ត្រីជាន់ខ្ពស់ ដែលជាឧបនាយករដ្ឋមន្ត្រី ដើម្បីតែមុខមាត់ជាតិ និងប្រយោជន៍ជាតិប៉ុណ្ណោះ ។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ៖«បងប្អូនខ្លះឃើញគេសម្ភាសន៍មក អ្នកវិភាគជំនាញមួយនោះដែលវិភាគគ្រប់មុខនោះគាត់ថា អាហ្នឹងដើម្បីបង្កើនប្រជាប្រិយភាពត្រកូលហ៊ុន ទៅជាចឹងឆ្កុយ ។ គ្រាន់តែឯកឧត្តម ហ៊ុន ម៉ានី រៀបចំឯកឧត្តម ហ៊ុន ម៉ានី មិនមែនតែរៀបចំមួយឆ្នាំហ្នឹងទេ ស.ស.យ.ក រៀបចំតាំងពីយូរមកហើយ ហើយរៀបនោះអត់មានដាក់រូបខ្ញុំអីទេ គឺរៀបចំគ្រប់កន្លែងទាំងអស់» ។
សម្តេចមហាបវរធិបតីបានអះអាងថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះ ធ្វើឡើងនៅតាមគ្រប់បណ្តារាជធានី-ខេត្តនៅទូទាំងប្រទេស មិនមែនរៀបចំតែនៅសៀមរាបមួយនោះទេ ។
ជាមួយគ្នានេះដែរ សម្តេចបានបន្ថែមថា ក្រោយរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះហើយ កម្ពុជាក៏កំពុងរៀបចំឯកសារនានា ដើម្បីដាក់សង្ក្រាន្តបញ្ចូលទៅបញ្ជីបេតិកភណ្ឌពិភពលោក ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ