រាជធានីភ្នំពេញ ៖ បន្ទាប់ពីការរិះគន់ និងការផ្សព្វផ្សាយសកម្មភាពរថយន្តសង្គ្រោះបន្ទាន់លើបណ្តាញសង្គម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានណែនាំសមត្ថកិច្ច មិនត្រូវបិទចរាចរណ៍រថយន្ដសង្គ្រោះបន្ទាន់កំពុងដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ នៅពេលមានក្បួនឆ្លងកាត់នោះឡើយ ។ ពោលត្រូវរៀបចំធ្វើយ៉ាងណាឱ្យរថយន្ដសង្គ្រោះបន្ទាន់បន្ដដំណើរជាធម្មតា ។

ការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយមានវីដេអូ ដែលត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម សមត្ថកិច្ចបិទចរាចរណ៍រថយន្ដសង្គ្រោះបន្ទាន់នៅពេលមានក្បួនថ្នាក់ដឹកនាំឆ្លងកាត់ ។
យោងតាមរយៈសារសំឡេង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ឯកឧត្តម ស ថេត ឯកឧត្តម ជួន ណារិន្ទ ទាក់ទងទៅនឹងការរៀបចំសណ្ដាប់ធ្នាប់ចរារចរណ៍នៅពេលមានក្បួន VIP ឆ្លងកាត់ ខ្ញុំធ្លាប់បានណែនាំជាច្រើនហើយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ខ្លាំងលំហូរនៃចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ ក្នុងករណីមានថ្នាក់ដឹកនាំឆ្លងកាត់ រួមទាំងរូបខ្ញុំផងធ្វើយ៉ាងកាត់បន្ថយនៃពេលវេលានៅក្នុងការបិទផ្លូវនៅពេលខ្លះមិនបិទផ្លូវទាំងអស់ដែរទុកច្រកឱ្យបងប្អូនដើរជិះធ្វើដំណើរបន្ដ» ។
សម្ដេចមហាបវរធិបតី បន្ដថា ទន្ទឹងនឹងការអនុញ្ញាតឱ្យរថយន្ដសង្គ្រោះបន្ទាន់ឆ្លងកាត់នៅពេលមានក្បួនថ្នាក់ដឹកនាំជាតិ និងអន្ដរជាតិនោះ សមត្ថកិច្ចនៅគោលដៅនោះត្រូវពិនិត្យឱ្យបានច្បាស់លាស់ថា ក្នុងរថយន្ដសង្គ្រោះបន្ទាន់នោះមានអ្នកដែលត្រូវសង្គ្រោះមែនឬយ៉ាងណា? ព្រោះខ្លាចមានការលួចបន្លំប្រើប្រាស់រថយន្ដសង្គ្រោះ ដើម្បីធ្វើសកម្មភាពផ្សេងៗប៉ះពាល់ដល់សុវត្ថិភាពថ្នាក់ដឹកនាំ ។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ក៏បានណែនាំថា នៅពេលបិទចរាចរណ៍ថ្នាក់ដឹកនាំឆ្លងកាត់ រួចរាល់ហើយនោះសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ ត្រូវសម្រួលដល់ប្រជាពលរដ្ឋទូទៅកុំឲ្យនៅកកស្ទះយូរពេកព្រោះទាំងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំសុទ្ធតែមានធុរៈរៀងៗខ្លួន ។
លើសពីនេះ នៅពេលបិទក្បួនថ្នាក់ដឹកនាំមិនគួរគប្បីបិទយូរពេកនោះទេ ពោលមុនក្បួនបន្ដិច ហើយក្បួនឆ្លងកាត់រួច ត្រូវបើកដំណើរការឡើងវិញ ។ តាមរយៈសារតេឡេក្រាម នៅថ្ងៃដដែលសម្ដេច នាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់សមត្ថកិច្ចទាំងអស់ ជាពិសេសនគរបាលចរាចរណ៍បានខិតខំប្រឹងប្រែងគ្រប់ពេលវេលា ដើម្បីធានានូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍តាមបណ្តោយ ដងផ្លូវសាធារណៈនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានប្រជាជនច្រើនហើយសកម្មភាពសេដ្ឋកិច្ចក៏រស់រវើកខ្លាំង ។
លើសពីនេះ សម្ដេចក៏បានកោតសរសើរចំពោះអគ្គស្នងការនគរបាលជាតិ ក៏ដូចជា ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ បានខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងណែនាំលើកិច្ចការងារដ៏សំខាន់នេះជាប់ជាប្រចាំ ។
សម្ដេចមហាបវធិបតី បានគូសបញ្ជាក់ថា ៖«ខ្លួនខ្ញុំ ក៏ធ្លាប់ដឹកនាំផ្ទាល់នូវការងារសន្តិសុខសម្រាប់ការពារថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ខ្ញុំយល់ច្បាស់អំពីការលំបាកពេលខ្លះក្នុងការបំពេញភារកិច្ច តាមតួនាទីក្នុងការធានាតុល្យភាពនៃការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិជាមួយនឹងការសម្រួលសកម្មភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់ការពារសុវត្ថិភាពមួយចំនួន» ។
ទោះជាយ៉ាងនេះក្តី ការអនុវត្តភារកិច្ចដោយម៉ឺងម៉ាត់ និងម៉ត់ចត់ ប្រកបដោយភាពបត់បែនទៅតាមករណីចាំបាច់នីមួយៗជាពិសេសករណីពាក់ព័ន្ធជាមួយការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាកិច្ចការដែលយើងត្រូវខិតខំបន្តរួមគ្នាធ្វើ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ ប្រជាពលរដ្ឋ ។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី ក៏សូមការយោគយល់អំពីប្រជាពលរដ្ឋដែលទោះបីជាសមត្ថកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ជាអតិបរមាយ៉ាងណាក៏ដោយក៏ពេលខ្លះមិនអាចជៀសផុតពីការរំខានដល់លំហូរចរាចរណ៍រយៈពេលខ្លី នៅតាមផ្លូវសាធារណៈមួយចំនួននោះទេ ៕
ចែករំលែកព័តមាននេះ