ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ​:​ដែល​កម្ពុជា និង​ពិភពលោក​នឹង​ប្រារ​ព្វ​ទិវា​នារី​អន្តរជាតិ ៨​មីនា វា​ជា​ពេលវេលា​ដ៏​ល្អ​មួយ ដើម្បី​នឹង​ផ្តល់​ការ​គោរព​ដល់​ស្ត្រី​កាន់តែ​ច្រើន ហើយ​ទទួលស្គាល់​តួនាទី​ដ៏​សំខាន់​របស់​ពួក​គេ​ក្នុង​សង្គម​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល ។ នៅ​កម្ពុជា​នៅ​សម័យនេះ វិសមភាព​យ៉េន​ឌ័​រ​កាន់តែ​រួម​តូច…

ខណ​:​ដែល​កម្ពុជា និង​ពិភពលោក​នឹង​ប្រារ​ព្វ​ទិវា​នារី​អន្តរជាតិ ៨​មីនា វា​ជា​ពេលវេលា​ដ៏​ល្អ​មួយ ដើម្បី​នឹង​ផ្តល់​ការ​គោរព​ដល់​ស្ត្រី​កាន់តែ​ច្រើន ហើយ​ទទួលស្គាល់​តួនាទី​ដ៏​សំខាន់​របស់​ពួក​គេ​ក្នុង​សង្គម​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល ។

នៅ​កម្ពុជា​នៅ​សម័យនេះ វិសមភាព​យ៉េន​ឌ័​រ​កាន់តែ​រួម​តូច ដោយសារ​សង្គម​ហាក់​មិន​មានការ​បែងចែក ឬ​រើសអើង​ភេទ​ឡើយ ដោយសារ​តែ​នៅ​ពេល​នេះ​ស្ត្រី​ៗ ដែល​មាន​សមត្ថភាព​និង​ភាព​ខ្លាំង គឺ​បាន​កំពុង​តែ​ដឹកនាំ និង​កាន់កាប់​ការងារ​សំខាន់​ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស ។ ជា​ការ​ពិត នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​កំពូល​សមាមាត្រ​ស្ត្រី​ដែល​កាន់​តួនាទី និង​ភារកិច្ច​ដឹកនាំ​ស្ថាប័នរដ្ឋ​ទាំង​៣០​ក្រសួង និង​រដ្ឋលេខាធិការដ្ឋាន គឺ​មាន​ស្ត្រី​តិច​មែន ប៉ុន្តែ​នៅ​ក្នុង​ជួរ​រដ្ឋបាល​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ សមាមាត្រ​នៃ​ការ​ចូលរួម​របស់​ស្ត្រី​សឹងតែ​ស្មើនឹង​បុរស​បាត់​ទៅ​ហើយ ។

រូបតំណាង

តាម​ស្ថិតិ​ដែល​ទទួល​បាន​ពី​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​បាន​ឲ្យ​ដឹង​ថា អត្រា​ស្ត្រី​ដែល​កំពុង​តែ​បម្រើ​ការងារ​នៅ​ក្នុង​មុខងារសាធារណៈ គឺ​បាន​កើនឡើង​លើស​ពី​៤២​ភាគរយ​ទៅ​ហើយ​នៅ​ពេល​នេះ ។ តួរ​លេខ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​បាន​ធ្វើការ​នៅ​ក្នុង​មុខងារសាធារណៈ​មាន​តួនាទី​ចាប់ពី​អនុប្រធាន​ការិយាល័យ​ដល់​អគ្គនាយក និង​មាន​ឋានៈ​ស្មើ​មាន​ប្រមាណ​ជា​២៧​ភាគរយ ហើយ​ស្ត្រី​នៅ​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​ថ្នាក់​រាជធានី ខេត្ត មាន​ចំនួន​៨០​រូប​ស្មើនឹង​១២,៨៤ ភាគរយ និង​ស្ត្រី​នៅ​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​ក្នុង​ថ្នាក់​ក្រុង ស្រុក ខណ្ឌ មាន​ចំនួន​៧៨៩​រូប​ស្មើនឹង​១៩,៧៥ % ។

នៅ​ក្នុង​វិស័យសេដ្ឋកិច្ច និង​ការងារ​វិញ​ស្ត្រី​បាន​ប្រឡូក​រហូត​ដល់​ទៅ​៦១,៨​ភាគរយ ដោយ​ស្ត្រី​ជា​ច្រើន​នាក់​បាន​កំពុង​តែ​ដើរតួ​នាទី​ជា​អ្នកដឹកនាំ​នៅ​ក្នុង​សហគ្រាស​ធុន​តូច និង​មធ្យម​ជា​ច្រើន ។

នេះ គឺជា​ស្ថិតិ​ស្ត្រី​ទូទៅ​ដែល​កំពុង​តែ​បម្រើ​ការ​នៅ​ស្ថាប័ន និង​មុខ​ជំនាញ​ក៏​ដូច​ជា​សកម្មភាព​សេដ្ឋកិច្ច ខណៈ​ដែល​ស្ត្រី​ដែល​ខ្លាំង និង​លេចធ្លោ​រហើយ​កាន់​តួនាទី​នៅ​ក្នុង​ឆាកនយោបាយ និង​ថ្នាក់​កំពូល​ក៏​មាន​ច្រើន​ដែរ​ដោយនៅ​ក្នុង​ពេល​នេះ​កម្ពុជា​មាន​ស្ត្រី​ម្នាក់ គឺ សម្ដេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី កំពុង​កាន់​តំណែង​ជា​ប្រធានរដ្ឋសភា ក្រៅពី​នោះ គឺ​ថ្នាក់​រដ្ឋមន្ត្រី​មាន​យ៉ាង​ហោច​៣​រូប គឺ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​, លោកស្រី អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី និង​លោកស្រី ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រៅពី​នោះ​មាន​ស្ត្រី​ម្នាក់​ទៀត គឺ​លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ។

រូបតំណាង

ចំណែក​ស្ត្រី​ដែល​កំពុង​តែ​កាន់កាប់​ការងារ​ជា​រដ្ឋលេខាធិការ អភិបាលខេត្ត និង​អភិបាលរង​ខេត្ត ក៏​មាន​ច្រើន​រូប​ទៀត ។
តាម​ធម្មជាតិ​ខួរក្បាល​បុរស​មាន​ទំហំ​ធំ​ជាង​ស្ត្រី​បន្តិច​មែន ពោល គឺ​ប្រមាណ​ជា​១០​ភាគរយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​អ្នក​វិទ្យាសាស្ត្រ​បាន​លើក​ឡើង​ថា ទំហំ​នេះ​មិនមែន​ជា​អំណះអំណាង​ថា បុរស​មាន​ភាព​វ័យឆ្លាត​ជាង​ស្ត្រី​ឡើយ ។

អ្នក​វិទ្យាសាស្ត្រ​បាន​លើក​ឡើង​ថា ទោះបីជា​ខួរក្បាល​របស់​បុរស​ជា​ទូទៅ​ធំ​ជាង​ខួរក្បាល​ស្ត្រី​មែន ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដល់​ភាព​វ័យឆ្លាត​របស់​ស្ត្រី​ឡើយ ។ ភាព​វ័យឆ្លាត​គឺ​វា​ផ្អែក​នៅ​លើ​ការ​ដុសខាត់ ការ​សិក្សា ការ​រៀនសូត្រ ការ​ខិតខំ​សំភី និង​បទ​ពិសោធន៍ ។ ដូច្នេះ​ប្រសិនបើ​ទៅ​ថ្ងៃ​អនាគត ស្ត្រី​កាន់តែ​ច្រើន​អាច​ពង្រឹងសមត្ថភាព​កាន់តែ​ច្រើន​នោះ​ពួក​គេ​នឹង​កាន់តែ​មានឱកាស​នៅ​ក្នុង​ការ​ចូល​មក​កាន់ និង​ដឹកនាំ​ស្ថាប័ន​កាន់តែ​ច្រើន​មិន​ខាន ។

ជា​ការ​ពិត​ផ្នត់គំនិត​សង្គម​ពី​មុន​រាង​រើសអើង​លើ​ស្ត្រី​បន្តិច ។ ដូច្នេះ​ហើយ​ទើប​អត្រា​ស្ត្រី និង​បុរស​ដែល​បម្រើ​ការ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​នៅ​មាន​គម្លាត​បន្តិច​ដែរ ។ តាម​ពិត​ទៅ​សមត្ថភាព​ស្ត្រី​មាន​សឹងតែ​លើស​បុរស ប៉ុន្តែ​ផ្នត់គំនិត​នេះ​បាន​បង្អាក់​ការ​ចូលរួម​របស់​ស្ត្រី​បន្តិច ។ តួរ​លេខ​ស្ត្រី​ដែល​បាន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ នៅ​ឆ្នាំ​២០២៣ មាន​ប្រមាណ​ជា ៥២​ភាគរយ ប៉ុន្តែ​ពួក​គេ​សម្រេចចិត្ត​ចូលរួម​នៅ​ថ្នាក់ឧត្តម​សិក្សា គឺ​មាន​តែ​ប្រមាណ​ជា ៤៥ ភាគរយ​ប៉ុណ្ណោះ ។

សរុប​ទៅ​សង្គម​ទូទៅ នៅ​ដាក់​គំនាប​លើ​ស្ត្រី​បន្តិច ប៉ុន្តែ​ប្រសិនបើ​ស្ត្រី​ខ្លាំង​ហើយ​តស៊ូ​ជំនះ​ការ​លំបាក​នឹង​ប្រឹងប្រែង​ដុសខាត់​សមត្ថភាព ជា​ពិសេស គឺ​កាន់តែ​ព្យាយាម​បង្ហាញ​ពី​ភាព​ជោគជ័យ និង​ភាព​ខ្លាំង​របស់​ខ្លួន​សង្គម​នឹង​ទទួលស្គាល់ ។ ស្ត្រី​ដែល​អាច​នឹង​ចូល​មក​កាន់​ការងារ​នៅ​ក្នុង​សង្គម​នឹង​កាន់តែ​មាន​ច្រើន ។ សង្គម​នៅ​ក្នុង​ស្រទាប់​បញ្ញវ័ន្ត​បាន​ទទួលស្គាល់​តម្លៃ​របស់​ស្ត្រី​ហើយ​នៅឡើយ តែ​ស្រទាប់​មហាជន​ប៉ុណ្ណោះ ។

ប៉ុន្តែ​ប្រសិនបើ​ស្ត្រី​បង្ហាញ​ឧត្តមភាព និង​ភាព​ខ្លាំង គឺ​អាច​ដឹកនាំ​ស្ថាប័ន​បាន​ដូច​តែ​បុរស​ដែរ ហើយ​មហាជន​នឹង​ទទួលស្គាល់ ។ ទីបំផុត ពាក្យ​ដែល​ថា «​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​»​នឹង​រលុប​បាត់​ពី​សង្គម​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ