ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បំបែកបានសំណុំរឿងបុរសម្នាក់ប្រតា.យប្រត.ប់ធ្លា.ក់ពីលើឡានព្រូសតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ​​

4 ថ្ងៃ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ កងកំលាំង​សមត្ថកិច្ច​ខេត្តកណ្ដាល​ បាន​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ខេត្ត​តាកែវ ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងករណី​ចាប់ជំរិត​ និង​បង្ខាំ​ងមនុស្ស​ដោយ​ខុស​ច្បាប់ ​និង​កំពុង​ស្វែងរក​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​បន្តទៀត ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ស្នងការដ្ឋាន​នគ​បាល​ខេត្តកណ្តាល…

​រាជធានី​ភ្នំពេញ​ ៖ កងកំលាំង​សមត្ថកិច្ច​ខេត្តកណ្ដាល​ បាន​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ខេត្ត​តាកែវ ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងករណី​ចាប់ជំរិត​ និង​បង្ខាំ​ងមនុស្ស​ដោយ​ខុស​ច្បាប់ ​និង​កំពុង​ស្វែងរក​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​បន្តទៀត ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ស្នងការដ្ឋាន​នគ​បាល​ខេត្តកណ្តាល ​នៅ​ថ្ងៃ​ទី​៨ ​ខែមីនា ឆ្នាំ​២០២៥​ នេះ បាន​លើក​ឡើង​ថា​ អនុវត្ត​តាម​បញ្ជា​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នង​ការ​នគរបាល​ខេត្តកណ្តាល បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថត​បាន​សកម្មភាព​ជនជាតិ​ចិន​លោត​ចេញពី​រថយន្ត​ម៉ាក Prius នៅ​តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ស្ថិត​ក្នុងភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដោយ​មាន​កិច្ចសហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចុះ​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ករណី​៖ អំ​.​ពើ​ចា​.​ប់ និង​ប​.​ង្ខាំ​ង​ដោយ​ខុ​.​ស​ច្បាប់​មាន​ស្ថាន​ទម្ងន់​ទោ​.​ស (​ជនជាតិ​ចិន​)​។


ប្រភព​បាន​លើក​ឡើង​ថា​ កើតហេតុ​នៅ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៥:១០​នាទី នៅ​ចំណុច​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ស្ថិត​ក្នុងភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ។ប្រភព​បាន​លើក​ឡើង​ថា ​ជន​រង​គ្រោះ​ម្នាក់ ​មានឈ្មោះ LIU SEN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​EN6418573 មាន​សុពលភាព​លិខិតឆ្លងដែន ២៣.០១.២០៣៥ សុពលភាព​ទិដ្ឋាការ ០២.០៤.២០២៥ ។

ចំណែក​ជនសង្ស័យ​ចំនួន​០៥​នាក់ (​ជនជាតិ​ខ្មែរ​) និង​បក្សពួក ។ ១.​ឈ្មោះ ជា វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ (​ឃាត់ខ្លួន​) ២.​ជនជាតិ​ខ្មែរ​ចំនួន០៤​នាក់​ទៀត (​មិន​ស្គាល់​អត្តសញ្ញាណ​) ភេទ​ប្រុស និង​បក្សពួក​។ វត្ថុ​តាង​ចាប់​យក​រួម​មាន ​​រថយន្ត ០១​គ្រឿង​ម៉ាក TOYOTA PRIUS ពណ៌​ក្រហម ផលិត​ឆ្នាំ​២០០៥ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BJ-5042​ ។
-​វ៉ា​លី ពណ៌​ប្រផេះ ០១ (​របស់​ជន​រង​គ្រោះ​)
-​អាវយឺត​ដៃខ្លី ពណ៌​ខ្មៅ ០១
-​អាវយឺតរ​ងាដៃ​វែង​មាន​មួក ពណ៌​ខ្មៅ ០១
-​ខោខ្លី ពណ៌​ខ្មៅ ០១
-​ទូរ​សព្ទ ០១​គ្រឿង ម៉ាក OPPO ពណ៌​ផ្ទៃមេឃ (​មាន​បែក​ផ្ទៃ​ខាងក្រោយ​)
-​ទូរ​សព្ទ ០១​គ្រឿង ម៉ាក HUAWEI ពណ៌​ខ្មៅ ។

ប្រភព​បាន​លើក​ឡើង​ពី​សភាព​រឿងហេតុថា នៅ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១១ និង០៥​នាទី​ឈ្មោះ ជា វុ​ទ្ធី បាន​ទៅ​ដឹក​ជន​រង​គ្រោះ​ឈ្មោះ LIU SEN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន ចេញពី​ព្រ​លាន​យន្ត ហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​បាន​បន្តដំណើរ​ទៅ​យក​បក្ខពួក​ចំនួន​០៣​នាក់​ទៀត ភេទ​ប្រុស ជា​ជនជាតិ​ខ្មែរ នៅ​ម្តុំ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣​។

ពេល​មក​ដល់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ខ្លួន​បានឃើញ​បក្ខពួក​របស់​ខ្លួន ពាក់អាវ ពណ៌​ខ្មៅ ឈរ​នៅ​ចិញ្ចើម​ផ្លូវ ហើយ​ខ្លួន​បាន​អែប​រថយន្ត ហើយ​បក្ខពួក​ក៏​បាន​ឡើង​លើ​រថយន្ត​ដោយ​ម្នាក់​បាន​មក​ជិះ​ខាង​មុខ​ស្តាំ​ដៃ​ខ្លួន រីឯ​បក្ខពួក​ចំនួន០២​នាក់​ទៀត បើកទ្វារ​ក្រោយ​ចូល​ក្នុង​រថយន្ត រួចខ្លួន​ក៏​បាន​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ ទិស​ដៅ​ទៅ​បា​វិត ។

លុះ​បាន​បន្តិចបក្សពួក​០២​នាក់ ដែល​ជិះ​ខាងក្រោយ​នោះ ​បាន​ប្រតាយប្រតប់​ជាមួយ​ជន​រង​គ្រោះ នឹង​បាន​ដកហូត​យក​ទូរ​សព្ទ ហើយ​ម្នាក់​ដែល​ជិះ​នៅ​ខាង​មុខ ក៏​បាន​ស្ទុះ​មក​ជួយ ហើយ​ស្រែ​កថា ជួយ​ចាប់​គ្នា​ៗ​ទៅ ពេល​នោះ​ជន​រង​គ្រោះ​បាន​និយាយ​ជា​ភាសា​ចិន​វិញ ហើយ​ក៏​ប្រតាយប្រតប់​គ្នា​ប្រហែល​១០​នាទី ដោយ​រូប​ខ្លួន​មានការ​ភ័យ​ខ្លាច​ក្រឡាប់​រថយន្ត ព្រោះ​ជន​រង​គ្រោះ​បាន​ស្ទុះ​បើកទ្វារ​ឆ្វេង​ខាងក្រោយ និង​ប៉ះ​ដៃចង្កូត​រថយន្ត ក្រោយមក​ទៀត​ជន​រង​គ្រោះ​ក៏​បាន​រើ​បម្រាស​ខ្លួន រួច​ចុច​កញ្ចក់​ទម្លាក់ ហើយ ស្ទុះ​លោត​ចេញ​តាម​កញ្ចក់​ទ្វារ​ឡាន តែ​ត្រូវ​បក្ខពួក​ខ្លួន​ទាំង​០៣​នាក់ ខ្លះ​ចាប់ដៃ ខ្លះ​ចាប់ជើង ហើយ​ខ្លួន​បាន​ស្រែក​ឱ្យ​បក្ខពួក​ប្រឡែង​ជន​រង​គ្រោះ រួចខ្លួន​ក៏​បាន​បន្ថយល្បឿន​រថយន្ត ហើយ​ជន​រង​គ្រោះ​បាន​លោត​ចេញពី​រថយន្ត​តែ​ម្តង ។

​​ភ្លាម​ៗ​នោះ ឈ្មោះ ជា វុ​ទ្ធី ជា​អ្នក​បើករថយន្ដបាន​ទាក់ទង​ទៅ​ឈ្មោះ ឧត្តម ដែល​ជា​អ្នក​ចាត់ចែង នឹង​បាន​ប្រាប់​ថា «បង​ៗ វា​រត់​រួច​ហើយ បន្ទាប់​មក​ឈ្មោះ ឧត្តម នោះ ក៏​ឱ្យ​ខ្លួន​ទម្លាក់​បក្ខពួក​០៣​នាក់​នោះ​ចុះ រួច​ឲ្យ​ខ្លួន​គេច​ទៅ​ណា​ទៅ​ៗ ផុត​ពី​កន្លែង​ហ្នឹង​» ។ បើ​តាម​ការ​បញ្ជាក់​ពី​ស្នងការដ្ឋាន​នគ​បាល​ខេត្តកណ្តាល​បាន​អះអាង​ថា​បច្ចុប្បន្ន កម្លាំង​ជំនាញ​ពាក់ព័ន្ធ​បន្ត​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ជន​ស​ង្ស័​.​យ​ពាក់ព័ន្ធ​ដែល​រត់គេច​ខ្លួន​យក​មក​ចាត់ការ​ឱ្យ​ខាន​តែ​បាន​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ