ខេត្តបាត់ដំបង ៖ មនុស្សរាប់រយនាក់ បាននិងកំពុងស្រែកហ៊ោរកញ្ជ្រៀវយ៉ាងសប្បាយរីករាយ ជាមួយនឹងល្បែងបញ្ជល់មាន់មួយកន្លែងរបស់ឈ្មោះ ធង ដែលជាម្ចាស់សង្វៀន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី ០៨ មីនា ស្ថិតនៅចំណុចអារ៉ែន ក្នុងភូមិព្រៃស៊ិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ប៉ុន្តែមិនរំខានដល់សមត្ថកិច្ចដែលកំពុងដេកលក់ឡើយ ។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកបើកសង្វៀនជល់មាន់ដ៏ធំមហិមានេះ ឈ្មោះ ធង ដែលបានបើកច្រើនខែកន្លងមកហើយ គេមិនដែលឃើញកម្លាំងសមត្ថកិច្ចក្នុងអង្គភាពណាមួយចុះបង្ក្រាប។ ជាពិសេស អធិការស្រុកគាស់ក្រឡតែម្ដង ដែលមិនកម្រើកសោះ រីឯអាជ្ញាធរឃុំ ស្រុក ក៏គ្មានការអើពើដែរ ។

សង្វៀនរបស់លោកដង្ខៅធងនេះ ហាក់មានការផ្ដល់សញ្ញាភ្លើងខៀវពីសមត្ថកិច្ចផងដែរ ព្រោះរៀងរាល់ចុងសប្ដាហ៍ លោក ធង បានប្រកាសជាចំហរដល់អ្នកលេងឆ្ងាយជិត ឲ្យយកមាន់ជល់ទៅផ្គូរផ្គងនៅសង្វៀន ដើម្បីជល់ ដោយមិនខ្លាចញញើតច្បាប់ទម្លាប់ឡើយ ។

ប្រភពបានបញ្ជាក់ថា សង្វៀនមាន់ជល់នៅស្រុកគាស់ក្រឡនេះ បើកលេងធំដុំជាងគេបើប្រៀបធៀបទៅនឹងសង្វៀនមាន់នៅតាមបណ្ដាស្រុកផ្សេងៗ តែលោកអធិការស្រុកនេះ មិនរវីរវល់ឡើយ។

ប្រភពដដែលបានបន្ថែមថា នៅថ្ងៃទី០៨ មីនា នេះ មានគូល្អៗយកទៅជល់ ហើយដាក់ដើមទន់ធំទៀត។ ពេលនេះ ម៉ោងនេះ អ្នកលេងរាប់រយនាក់កំពុងពពាក់ពពូនសម្បើមដៃណាស់ ។ គេមិនទាន់ដឹងថា តើការបើកសង្វៀនជល់មាន់ដ៏ចំហរនៅស្រុកគាស់ក្រឡនៅបានជ្រាបដល់លោកស្នងការខេត្តដែរអត់ទេ ?


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ