ខេត្តកំពង់ចាម ៖ ពិតជាមោទនភាពបំផុត ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ដោយបានខិតខំប្រឹងប្រែងក្នុងការផ្ដល់សេវាថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋ។ ពិសេស ដោយមានការជំរុញពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត បានដាក់ផែនការយុទ្ធសាស្ត្រជាច្រើន ដើម្បីធ្វើការប្រឡងប្រណាំងទូទាំងប្រទេសកម្ពុជា ទីបំផុត មន្ទីរពេទ្យខេត្តកំពង់ចាម ត្រូវបានធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់ ដោយធ្វើឡើង កាលពីព្រឹកថ្ងៃទី០៦ មីនា ឆ្នាំ២០២៥ គឺទទួលបានចំណាត់ថ្នាក់លេខ១ក្នុងចំណោមមន្ទីរពេទ្យរាជធានី-ខេត្តទាំង២៥ ជាមួយនោះមិនយូរទេ មន្ទីរពេទ្យមួយនេះនឹងក្លាយទៅជាមន្ទីរពេទ្យថ្នាក់តំបន់ ។

ឯកឧត្តម វេជ្ជបណ្ឌិតគីម សួរភីរុណប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា នាពេលកន្លងទៅ គឺឯកឧត្តមអភិបាលខេត្តបានអញ្ជើញចូលរួមប្រជុំនៅក្នុងបរិវេណមន្ទីរពេទ្យខេត្ត ជាមួយនោះ បានរៀបចំដាក់ផែនការត្រូវតែធ្វើការប្រកួតប្រជែងយកចំណាត់ថ្នាក់ជ័យលាភីលេខមួយឲ្យបាន។ បន្ទាប់មក រូបលោកបានឱ្យក្រុមគ្រូពេទ្យដែលបំពេញការងារទាំងអស់ ត្រូវតែនាំគ្នាខិតខំបំពេញការងារក្នុងការផ្ដល់សេវាជូនពលរដ្ឋមកពីគ្រប់ទិសទីឲ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។
មានពេលខ្លះ ប្រជាជនក្រីក្រមិនមានប័ណ្ណ(ប.ស.ស) ត្រូវបានគ្រូពេទ្យជួយព្យាបាលដោយឥតគិតកម្រៃនេះបង្ហាញពីស្នាមញញឹមជាមួយពលរដ្ឋ។

ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍បន្តថា ក្រោមការវាយតម្លៃរបស់ថ្នាក់ជាតិ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ មីនា គឺពិតជាបានមកតាមការរំពឹងទុកមែន ដោយមន្ទីរពេទ្យខេត្ត កំពង់ចាមទទួលបានជយ័លាភីអង្គភាពផ្តល់សេវាសាធារៈគំរូក្នុងវិសយ័សុខាភិបាលប្រចាំឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស(មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កំរិត៣ ) CPA3ទាំងអស់គ្នា ។

នេះជាសមិទ្ធិផលរបស់យើងទាំងអស់គ្នា ដែលបានខិតខំកន្លងមក ។ ជាពិសេស តាងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាល សូមកោតសរសើរដល់ថ្នាក់ដឹកនាំនិងបុគ្គលិកនៃមន្ទីរពេទ្យខេត្តកំពង់ចាមទាំងអស់ ដែលបានខិតខំរួមគ្នារហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ។ តាមរយៈការផ្ដល់ពានរង្វាន់គឺមានការចូលរួមពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត លោកហានកុសល អភិបាលរងខេត្ត ដោយមានឯកឧត្តមហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ ជាអ្នកផ្ដល់ពានរង្វាន់នេះអមដោយថវិកាចំនួន២០០លានរៀលទៀតផង ។

ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍រំលឹកថា កាលពីអំឡុងឆ្នាំ ២០១៩ មន្ទីរពេទ្យខេត្តកំពង់ចាមក៏ធ្លាប់ដណ្ដើមបានជ័យលាភីលេខ១ ក្នុងការផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋ ។ គ្រានោះគឺមានការដង្ហែក្បួនដើរដោយថ្មើជើង និងរថយន្តជាច្រើនគ្រឿង ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាម បានដឹងនិងយល់ជ្រួតជ្រាបទាំងអស់គ្នាទៀតផង។ សូមបញ្ជាក់ថាមន្ទីរពេទ្យខេត្តត្រូវបានធ្វើការអភិវឌ្ឍន៍ពីមួយឆ្នាំទៅមួយឆ្នាំឲ្យកាន់តែមានភាពល្អប្រសើរឡើងរួមទាំងបរិស្ថាន។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើង កាលពីព្រឹកថ្ងៃទី០៧ មីនា នៅសាលសន្និសីទសាលាខេត្តក្នុងកម្មវិធី ទិវានារីអន្តរជាតិ ០៨ មីនា ក៏បានលើការកោតសរសើរដល់លោកប្រធានមន្ទីរសុខាភិបាលខេត្តដែលបានខិតខំពុះពាររាល់ការលំបាកគ្រប់បែបយ៉ាង ធ្វើឲ្យមន្ទីរពេទ្យខេត្តកំពង់ចាម ក្លាយទៅជាមន្ទីរពេទ្យគំរូលេខមួយ ប្រភេទCPA3 ក្នុងការផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋ ដែលទទួលបានចំណាត់ថ្នាក់បន្តបន្ទាប់រហូតទៅដល់ពីរលើក ហើយវេជ្ជបណ្ឌិតគីម សួរភីរុណ ត្រូវបានចាត់ទុកជាវីរជនម្នាក់ផងដែរ ។
ចែករំលែកព័តមាននេះ