ខណ:ដែលកម្ពុជានិងពិភពលោកនឹងប្រារព្វទិវានារីអន្តរជាតិ ៨ មិនា វាជាពេលវេលាដ៏ល្អមួយដើម្បីនឹងផ្តល់ការគោរពដល់ស្ត្រីកាន់តែច្រើនហើយទទួលស្គាល់តួនាទីដ៏សំខាន់របស់ពួកគេក្នុងសង្គមគ្រួសារ និង សង្គមជាតិទាំងមូល។
នៅកម្ពុជានៅសម័យនេះវិសមភាពយ៉េនឌ័រកាន់តែរួមតូច ដោយសារសង្គមហាក់មិនមានការបែងចែកឫរើសអើងភេទឡើយ ដោយសារតែនៅពេលនេះស្ត្រីៗដែលមានសមត្ថភាពនិងភាពខ្លាំងគឺបានកំពុងតែដឹកនាំនិងកាន់កាប់ការងារសំខាន់ៗជាច្រើន នៅក្នុងប្រទេស ។
ជាការពិតនៅក្នុងជួរថ្នាក់ដឹកនាំកំពូលសមាមាត្រស្ត្រីដែលកាន់តួនាទីនិងភារកិច្ចដឹកនាំស្ថាប័នរដ្ឋទាំង៣០ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន គឺមានស្ត្រីតិចមែន ប៉ុន្តែនៅក្នុងជួររដ្ឋបាលទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិសមាមាត្រនៃការចូលរួមរបស់ស្ត្រីសឹងតែស្មើនឹងបុរសបាត់ទៅហើយ ។
តាមស្ថិតិដែលទទួលបានពីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានឲ្យដឹងថា អត្រាស្ត្រីដែលកំពុងតែបម្រើការងារនៅក្នុងមុខងារសាធារណៈគឺបានកើនឡើងលើសពី៤២ភាគរយទៅហើយនៅពេលនេះ។
រលេខបានបង្ហាញថា ស្ត្រីដែលបានធ្វើការនៅក្នុងមុខងារសាធារណៈមានតួនាទីចាប់ពីអនុប្រធានការិយាល័យដល់អគ្គនាយក និងមានឋានៈស្មើមានប្រមាណជា២៧ភាគរយ ហើយស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់រាជធានី ខេត្តមានចំនួន៨០រូប ស្មើនឹង ១២,៨៤ ភាគរយ និងស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅក្នុងថ្នាក់ក្រុង ស្រុក ខណ្ឌមានចំនួន៧៨៩រូបស្មើនឹង១៩,៧៥ % ។
នៅក្នុងវិស័យសេដ្ឋកិច្ចនិងការងារវិញ ស្ត្រីបានប្រឡូករហូតដល់ទៅ ៦១,៨ភាគរយ ដោយស្ត្រីជាច្រើននាក់បានកំពុងតែដើរតួនាទីជាអ្នកដឹកនាំនៅក្នុងសហគ្រាសធុនតូច និងមធ្យមជាច្រើន ។
នេះគឺជាស្ថិតិស្ត្រីទូទៅដែលកំពុងតែបម្រើការនៅស្ថាប័ននិងមុខជំនាញក៏ដូចជាសកម្មភាពសេដ្ឋកិច្ច ខណៈដែលស្ត្រីដែលខ្លាំងនិងលេចធ្លោរហើយកាន់តួនាទីនៅក្នុងឆាកនយោបាយនិងថ្នាក់កំពូលក៏មានច្រើនដែរ ដោយនៅក្នុងពេលនេះ កម្ពុជាមានស្ត្រីម្នាក់ គឺ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី កំពុងកាន់តំណែងជាប្រធានរដ្ឋសភា ក្រៅពីនោះ គឺថ្នាក់រដ្ឋមន្ត្រីមាន យ៉ាងហោច៣រូប គឺ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ក្រៅពីនោះមានស្ត្រីម្នាក់ទៀត គឺ លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
ចំណែកស្ត្រីដែលកំពុងតែកាន់កាប់ការងារជារដ្ឋលេខាធិការ អភិបាលខេត្ត និងអភិបាលរងខេត្ត ក៏មានច្រើនរូបទៀត ។ តាមធម្មជាតិខួរក្បាលបុរសមានទំហំធំជាងស្ត្រីបន្តិចមែន ពោលគឺប្រមាណជា ១០ភាគរយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏អ្នកវិទ្យាសាស្ត្របានលើកឡើងថា ទំហំនេះមិនមែនជាអំណះអំណាងថា បុរសមានភាពវ័យឆ្លាតជាងបុរសឡើយ ។
អ្នកវិទ្យាសាស្ត្របានលើកឡើងថា ទោះបីជាខួរក្បាលរបស់បុរសជាទូទៅធំជាងខួរក្បាលស្ត្រីមែន ប៉ុន្តែវាមិនប៉ះពាល់ដល់ភាពវ័យឆ្លាតរបស់ស្ត្រីឡើយ ។ ភាពវ័យឆ្លាតគឺវាផ្អែកនៅលើការដុសខាត់ ការសិក្សា ការរៀនសូត្រ ការខិតខំសំភី និង បទពិសោធន៍។ ដូច្នេះប្រសិនបើទៅថ្ងៃអនាគត ស្ត្រីកាន់តែច្រើនអាចពង្រឹងសមត្ថភាពកាន់តែច្រើន នោះពួកគេនឹងកាន់តែមានឱកាសនៅក្នុងការចូលមកកាន់និងដឹកនាំស្ថាប័នកាន់តែច្រើនមិនខាន។
ជាការពិតផ្នត់គំនិតសង្គមពីមុនរាងរើសអើងលើស្ត្រីបន្តិច។ ដូច្នេះហើយទើបអត្រាស្ត្រីនិងបុរសដែលបម្រើការនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនៅមានគម្លាតបន្តិចដែរ ។ តាមពិតទៅសមត្ថភាពស្ត្រីមានសឹងតែលើសបុរស ប៉ុន្តែផ្នត់គំនិតនេះបានបង្អាក់ការចូលរួមរបស់ស្ត្រីបន្តិច ។ តួរលេខស្ត្រីដែលបានប្រឡងសញ្ញាបត្រទុតិយភូមិនៅឆ្នាំ២០២៣មានប្រមាណជា ៥២ភាគរយ ប៉ុន្តែពួកគេសម្រេចចិត្តចូលរួមនៅថ្នាក់ឧត្តមសិក្សាគឺមានតែប្រមាណជា ៤៥ ភាគរយប៉ុណ្ណោះ ។
សរុបទៅសង្គមទូទៅនៅដាក់គំនាបលើស្ត្រីបន្តិច ប៉ុន្តែប្រសិនបើស្ត្រីខ្លាំងហើយតស៊ូជំនះការលំបាកនឹង ប្រឹងប្រែងដុសខាត់សមត្ថភាព ជាពិសេសគឺកាន់តែព្យាយាមបង្ហាញពីភាពជោគជ័យនិងភាពខ្លាំងរបស់ខ្លួន សង្គមនឹងទទួលស្គាល់។ ស្ត្រីដែលអាចនឹងចូលមកកាន់ការងារនៅក្នុងសង្គមនឹងកាន់តែមានច្រើន ។ សង្គមនៅក្នុងស្រទាប់បញ្ញវ័ន្តបានទទួលស្គាល់តម្លៃរបស់ស្ត្រីហើយ នៅឡើយតែស្រទាប់មហាជនប៉ុណ្ណោះ។
ប៉ុន្តែប្រសិនបើស្ត្រីបង្ហាញឧត្តមភាពនិងភាពខ្លាំងគឺអាចដឹកនាំស្ថាប័នបានដូចតែបុរសដែរ ហើយមហាជននឹងទទួលស្គាល់ ។ ទីបំផុត ពាក្យដែលថា “ស្ត្រីបង្វិលចង្ក្រានមិនជុំ” នឹងរលុបបាត់ពីសង្គមកម្ពុជា៕
ចែករំលែកព័តមាននេះ