ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​កំទេច​គ្រឿង​ញៀន​ជាង2​មឺុន​គ្រាប់​ក្នុង​ទិវា​អន្តរ​ជាតិ​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ថ្នាំ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ជាង​២៦.០០០​គ្រាប់​ រួម​ជាមួយ​ហេរ៉ូ​អ៊ីន​ជាង​៧០០​ក្រាមត្រូវ​ដុត​កំទេច​ចោល​ក្រោម​ប្រធាន​បទ​ «សកម្ម​ភាព​ជា​សកល​ដើម្បី​សុខ​ភាព និង​សហ​គមន៍​គ្មាន​គ្រឿង​ញៀន» ក្នុង​​ទិវា​អន្តរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ដែល​អាជ្ញា​ធរ​ខេត្ត​ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ​នៅ​

ខេត្ត​បាត់​ដំបង​ ៖ ថ្នាំ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ជាង​២៦.០០០​គ្រាប់​ រួម​ជាមួយ​ហេរ៉ូ​អ៊ីន​ជាង​៧០០​ក្រាមត្រូវ​ដុត​កំទេច​ចោល​ក្រោម​ប្រធាន​បទ​«សកម្ម​ភាព​ជា​សកល​ដើម្បី​សុខ​ភាព និង​សហ​គមន៍​គ្មាន​គ្រឿង​ញៀន» ក្នុង​​ទិវា​អន្តរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ដែល​អាជ្ញា​ធរ​ខេត្ត​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ​នៅ​បរិវេណ​សួន​ច្បារ​នាគ​បាញ់​ទឹក​ ក្នុង​ក្រុង​បាត់​ដំបង។

នៅ​ក្នុង​ពិធី​នោះមាន​ការ​អញ្ជើញ​ចូល​រួម​ពី​អភិ​បាល​ខេត្ត​ លោក​ប្រាជ្ញ ច័ន្ទ លោក​លី គឹម​ឡុង​ អគ្គ​លេខា​ធិការ​រងនៃ​អាជ្ញា​ធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ មន្ត្រី​រាជ​ការ​ សិស្ស​ និស្សិត ​ព្រះ​សង្ឃ និង​អង្គ​ការ​នានា​ស្ទើរ​គ្រប់​ស្ថាប័ន​​ក្នុង​ខេត្ត​សរុប​ប្រហែល​ជាង​២.០០០​នាក់​។

ស្នង​ការ​ខេត្ត​លោក​ឧត្តម​សេនីយ៍​ត្រី​សរ ថេត បាន​ថ្លែង​​ថា នេះ​ជា​ទិវា​ដ៏​សំខាន់​ណាស់​ដែល​យើង​​មក​ជួប​ជុំ​គ្នា​​ចូល​រួម​គាំទ្រ​ពេញ​ទំហឹង​នូវ​ទិវា​អន្តរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ដែល​ក្នុង​បំណង​ដាស់​តឿន​ដល់​ប្រជា​ពល​រដ្ឋ​​គ្រប់​មជ្ឈដ្ឋាន​ ជា​ពិសេស​ក្រុម​​យុ​វវ័យ​ដើម្បី​ឱ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន​នៅ​តាម​មូល​ដ្ឋាន​ ឬ​សហ​គមន៍​ដែល​យើង​រស់​នៅ​។

លោក​ស្នង​ការបញ្ជាក់​ថា ការ​យល់​ដឹង​អំពី​ផល​ប៉ះ​ពាល់​គ្រឿង​ញៀន​របស់​ប្រជា​ពល​រដ្ឋ​នៅ​មាន​កម្រិត បើ​ទោះ​បី​យើង​បានផ្សព្វ​ផ្សាយ​អប់រំ​ច្រើន​បែប ច្រើន​រូប​ភាព​យ៉ាង​ណា​ក៏ដោយ​។ ជន​ល្មើស​ខ្លះ​ធ្លាប់​ជាប់​ពន្ធ​នា​គារ​ដោយ​សារ​គ្រឿង​ញៀន តែ​ពួក​គេ​មិន​រាង​ចាល​ ​។ ទោះបី​​ជា​បែប​ណា​លោក​ស្នង​ការ​​ថ្លែង​បញ្ជាក់​ថា រយៈ​ពេល​១​ឆ្នាំ​កន្លង​ទៅ​នេះ សមត្ថ​កិច្ច​គ្រប់​ស្ថាប័ន​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្រោម​គោល​ការណ៍​របស់​រាជ​រដ្ឋា​ភិ​បាល​ធ្វើ​ឱ្យ​យើង​ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រសើរ​។

ព្រះ​រាជ​អាជ្ញា​រង​លោក​អ៊ុយ​ សំភារ បាន​ថ្លែង​ថា ថ្នាំ​ញៀន​ដែល​យើង​កំទេច​ចោល​នា​ពេលនេះ​រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តាមីនចំនួន​២៦.៩៩៦​គ្រាប់​ ​ម៉ា​ទឹក​កក​ចំនួន​២៤,៣៧​ក្រាម​ និង​គ្រឿង​ញៀន​ប្រភេទ​ហេរ៉ូ​អីុន​ចំនួន​២​ដុំ​មាន​ទំងន់​៧០៦,០៦​ក្រាម​ ។ ​លោក​​បញ្ជាក់​ថា មាន​សំណុំ​រឿង​ចំនួន​៥៧​ករណី​​ដែល​យើង​បាន​និង​កំពុង​ចាត់​ការ​បន្ត​បន្ទាប់​ វត្ថុ​តាង​ និង​សំណុំ​រឿង​ទាំង​នេះ​ជា​បទ​ល្មើស​ដែល​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​ឆ្នាំ​២០១០​ និង​២០១១ ដោយ​គិត​ត្រឹម​ខែ​មិថុនា នេះ​។

លោក​ប្រាជ្ញ ច័ន្ទ អភិ​បាល​ខេត្ត​បាត់​ដំបងមាន​ប្រសាសន៍​ថា ប្រធាន​បទថ្មី​នេះ​សំខាន់​ណាស់​ ដូច្នេះ​យើង​ ចាំ​បាច់​​ត្រូវ​ចូល​រួម​ផ្សព្វ​ផ្សាយ​កាន់​តែ​ខ្លាំង​ទៀត​ដើម្បី​បាន​ជ្រួត​ជ្រាប​ដល់​ប្រជា​ពលរដ្ឋ​យើង​ឱ្យ​ពួក​គេ​យល់​កាន់​តែ​ច្បាស់​អំពីផ​ល​ប៉ះ​ពាល់​ដោយ​សារ​គ្រឿង​ញៀន​។ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ឆ្លើយ​ថា ទេ ចំពោះ​គ្រឿង​ញៀន​ ឬ​ត្រូវ​តែ​ចៀស​វាង​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​ដើម្បី​ឈាន​ដល់​ការ​លុប​បំបាត់​ទាំង​ស្រុង​នូវ​គ្រឿង​ញៀន​គ្រប់​ប្រភេទ​ពី​បណ្តា​មូល​ដ្ឋាន​ ឬ​សហគមន៍​របស់​យើង​ដើម្បី​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​ដែល​ជា​គោល​នយោ​បាយ​ដ៏​ល្អ​ប្រសើរ​បំផុត​របស់​​រាជ​រដ្ឋា​ភិ​បាល​យើង ៕