ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយកម្ពុជារកឃើញការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់សំបកកង់រថយន្តចាស់ៗប្រើរួច៤ទូកុងតឺន័រនាំពីក្រៅប្រទេស

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ធ្វើការ​រក​ឃើញ និង​ទប់ស្កាត់​ការ​ប៉ុនប៉ង​លួច​នាំ​ចូល​ដោយ​ខុសច្បាប់​នូវ​សំបក​កង់​រថយន្ត​ចាស់​ៗ​ប្រើ​រួច (Used Tire) ផ្ទុក​ក្នុង​កុងតឺន័រ​ចំនួន​៤​ទូ មាន​ទម្ងន់​សរុប​78,640 គីឡូក្រាម​ពី​ក្រៅប្រទេស…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ធ្វើការ​រក​ឃើញ និង​ទប់ស្កាត់​ការ​ប៉ុនប៉ង​លួច​នាំ​ចូល​ដោយ​ខុសច្បាប់​នូវ​សំបក​កង់​រថយន្ត​ចាស់​ៗ​ប្រើ​រួច (Used Tire) ផ្ទុក​ក្នុង​កុងតឺន័រ​ចំនួន​៤​ទូ មាន​ទម្ងន់​សរុប​78,640 គីឡូក្រាម​ពី​ក្រៅប្រទេស តាម​មាត់ច្រក​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ។

យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ទប់ស្កាត់​ការ​ប៉ុនប៉ង​លួច​នាំ​ចូល​ដោយ​ខុសច្បាប់​នូវ​សំបក​កង់​រថយន្ត​ចាស់​ៗ​ប្រើ​រួច (Used Tire) ផ្ទុក​ក្នុង​កុងតឺន័រ​ចំនួន​៤​ទូ មាន​ទម្ងន់​សរុប 78,640 គីឡូក្រាម​ពី​ក្រៅប្រទេស តាម​មាត់ច្រក​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ។

បន្ទាប់​ពី​សាខា​គយ និង​រដ្ឋាករ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​ទទួល​ព័ត៌មាន​អញ្ញាត​បណ្ណ​ផ្តល់​ដោយ​ក្រុមហ៊ុន​នាវា​ដឹក​ជញ្ជូន​តាម​សមុទ្រ មន្ត្រី​គយ និង​រដ្ឋាករ​មាន​សមត្ថកិច្ច​បាន​ធ្វើការ​វិភាគ​ហានិភ័យ និង​បាន​កំណត់​មុខសញ្ញា​សង្ស័យ​លើ​ការ​នាំ​ចូល​កុងតឺន័រ​ចំនួន ៤​ទូ ថា មាន​ផ្ទុក​សំបក​កង់​រថយន្ត​ចាស់​ៗ​ប្រើ​រួច ។

ភ្លាម​ៗ​នោះ មន្ត្រី​គយ​មាន​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​នាវា​ដឹក​ជញ្ជូន និង​ម្ចាស់​ទំនិញ ដើម្បី​កាត់​សៀ​លបើក​ទូ​ត្រួតពិនិត្យ​ទំនិញ​ជាក់ស្តែង​ផ្ទុក​ក្នុង​កុងតឺន័រ​ទាំង​៤​នោះ ដោយ​ឃើញ​ថា មាន​ផ្ទុក​សំបក​កង់​រថយន្ត​ចាស់​ៗ​ប្រើប្រាស់​រួច​សរុប​ទម្ងន់ 78,640 គីឡូក្រាម ដែល​ជា​មុខសញ្ញា​នៃ​ការ​នាំ​ចូល​យក​មក​បោះបង់​ចោល​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ទំនិញ​ហាមឃាត់​ការ​នាំ​ចូល​ស្រប​តាម​បញ្ញត្តិ​នៃ​អនុក្រឹត្យ​លេខ ៣៧០ អន​.​ក្រ​បក ចុះ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៣ ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​បញ្ជី​ទំនិញ​ហាមឃាត់ និង​ទំនិញ​ជាប់​កម្រិត​កំណត់ និង​មាត្រា​៨​នៃ​ច្បាប់​ស្តី​ពី​គយ​ដែល​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ន​ស​/​រកម​/០៧០៧/០១៧ ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០០៧ ។

ដោយ​ពិនិត្យ​ឃើញ​ថា ករណី​នេះ​ជា​បទល្មើស​ច្បាប់​ស្តី​ពី​គយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​សម្រេច​ដោយ​បង្ខំ​ឱ្យ​ម្ចាស់​ទំនិញ​ត្រូវ​នាំ​ចេញ​ត្រឡប់​ទៅ​វិញ​នូវ​ទំនិញ​ទាំង​៤​ទូ​កុងតឺន័រ​នេះ​ឱ្យ​បាន​ឆាប់រហ័ស​បំផុត យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ និង​ត្រូវ​បង់​ពិន័យ​ដោយ​យោង​តាម​បញ្ញត្តិ​មាត្រា ៧៤ និង​៧៥ នៃ​ច្បាប់​ស្ដី​ពី​គយ​ជា​ធរមាន ។

ប្រភព​បន្ត​ថា​ជា​លទ្ធផល នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ម្ចាស់​ទំនិញ​បាន​បញ្ចប់​នីតិវិធី​បញ្ជូន​សំបក​កង់​រថយន្ត​ចាស់​ៗ​ប្រើ​រួច​នេះ​ចេញ​ទៅ​វិញ​ជា​ស្ថាពរ និង​បាន​បង់​ពិន័យ​ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ។ ការ​បញ្ជូន​ទូ​កុងតឺន័រ​កាក​សំណល់​ខុសច្បាប់​នាំ​ចេញ​ត្រឡប់​ទៅ​វិញ​នេះ គឺ​ធ្វើ​ឡើង​ដោយ​ស្រប​តាម​អនុសញ្ញា​អន្តរជាតិ​បា​សែ​ល ស្តី​ពី​ការ​ត្រួតពិនិត្យ​ការ​ដឹក​ជញ្ជូន​អន្តរជាតិ និង​ការ​បោះបង់​ចោល​សំណល់​គ្រោះថ្នាក់​ឆ្នាំ​១៩៨៩ (Basel Convention on the Control of Transboundary Movements of Hazardous Wastes and their Disposal 1989)​។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា តែងតែ​យកចិត្តទុកដាក់​លើ​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព ចំពោះ​ទំនិញ​នាំ​ចេញ​នាំ​ចូល និង​ឆ្លងកាត់ ។

ជាក់ស្ដែង ក្នុង​ឆ្នាំ​២០២៤ នេះ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បង្ក្រាប​បានការ​នាំ​ចូល​ដោយ​ខុសច្បាប់​នូវ​ទំនិញ​ហាមឃាត់​មួយ​ចំនួន​រួម​មាន​សាច់​បង្កក និង​ផលិតផល​ពី​សាច់សត្វ​ខូចគុណភាព ៣៧ ករណី ស្មើនឹង ៩៤ ០១៨ គីឡូក្រាម និង​គ្រឿងញៀន (​ទម្ងន់​សុទ្ធ​) ៦៦ ៣០០,៩៤ ក្រាម ។

ជាមួយ​គ្នា​នេះ​អគ្គនាយកដ្ឋាន​គយ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រៀបចំ​ពិធី​កម្ទេច​ទំនិញ​ល្មើសច្បាប់ និង​ទំនិញ​ខូចគុណភាព ចំនួន ១០៧ មុខ ដែល​មាន​ទម្ងន់​សរុប​ប្រមាណ ៥០៧ តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ