ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគបាលស្រុកស្វាយជ្រំ តាមប្រម៉ាញ់ក្រុមក្មេងទំនើង ជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈ យកមកអប់រំ និងកោះហៅម្តាយឪពុក មកធ្វើកិច្ចសន្យាធានាកូន ត្រឡប់ទៅផ្ទះវិញ ក៏ប៉ុន្តែម៉ូតូសមត្ថកិច្ចដកហូតរក្សាទុកនៅអធិការដ្ឋាននគបាលស្រុករយៈពេល០៣ខែ ទើបប្រគល់ឲ្យម្ចាស់វិញ ។
ទាក់ទិនករណីនេះដែរ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១០និង៣៥នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូបង្ហោះតាមផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិអូសំដី និងភូមិព្រៃខ្លា ឃុំពោធិរាជ ស្រុកស្វាយជ្រំ។ ពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានហើយ កម្លាំងជំនាញ នៃអធិការដ្ឋានគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ បានធ្វើការស្រាវជ្រាវទើបកំណត់មុខសញ្ញាក្មេងទំនើងបានចំនួន ២នាក់ រួមមាន ៖
១. ឈ្មោះ សេ វិបុល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សរៀនថ្នាក់ទី១០ នៅវិទ្យាល័យស្វាយរៀង មានទីលំនៅភូមិអូសំដី ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
២. ឈ្មោះ រ៉ន មេសា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សរៀនថ្នាក់៩ នៅអនុវិទ្យាល័យពោធិរាជ មានទីលំនៅភូមិអូសំដី ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បន្ទាប់មក សមត្ថកិច្ចបានកោះហៅមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចក្មេងទំនើងទាំង២នាក់ បានឆ្លើយសារភាពថា កាលពីថ្ងៃមិនចាំ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៧និង៣០ នាទី ពួកខ្លួនទាំង២នាក់ បានជិះម៉ូតូ០១គ្រឿង ម៉ាកប៊ីតពណ៌ក្រហម ឌុបគ្នាចេញពីផ្ទះទៅដល់លើផ្លូវក្រាលកៅស៊ូក្បែរបងវត្តស្វាយ ស្ថិតនៅចំណុចភូមិអូសំដី និងភូមិព្រៃខ្លា ឃុំពោធិរាជ ក៏ចាប់ផ្តើមជិះម៉ូតូបង្ហោះលើដងផ្លូវចំនួន៣ទៅ៤ដងទើបឈប់ ពេលធ្វើសកម្មភាពជិះម៉ូតូបង្ហោះនោះពួកខ្លួនបានកាន់ទូរសព្ទថតជាឃ្លីបវីដេអូ ពេលថតបានហើយក៏បង្ហោះហ្វេសស្បុកធ្វើជាតេកតុកលេង ។
ក្រោយពីបានស្តាប់ការបំភ្លឺពីក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងសុំយោបល់ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីធ្វើកិច្ចសន្យាអប់រំ និងអោយឪពុកម្តាយធ្វើលិខិតធានាយកកូនទៅផ្ទះវិញអប់រំបន្ត ។
ចំពោះម៉ូតូដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចំនួន៣ខែ ទើបឲ្យម្តាយឪពុកមកទទួលយកទៅវិញ។ សមត្ថកិច្ចបានលើកឡើងថា ការដកហូតម៉ូតូរក្សាទុកនេះ គឺដាក់ពិន័យ ឲ្យឪពុកម្តាយយកចិត្តទាក់ដាក់តាមដានកូន ចេះអប់រំកូនកុំឲ្យប្រព្រឹត្តបទល្មើសចរាចរណ៍ មានតែឪពុកម្តាយទេ ដែលដឹងអំពីនិស័យកូន ហើយអប់រំកូនឲ្យធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អរស់នៅក្នុងសង្គម មានសន្តិភាព ៕



ចែករំលែកព័តមាននេះ