ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំទើបតែបិទបញ្ចប់ការថ្លែងសុន្ទរកថារយៈពេល១០០នាទីដែលអាចចាត់ទុកជាការថ្លែងដ៏វែងបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប។ លោកបានបរិយាយនូវប្រធានបទជាច្រើនមានតាំងពីបញ្ហាអន្តោប្រវេសន៍, បញ្ហាចុះកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនរហូតដល់ផែនការយកទង់ជាតិអាមេរិកទៅដោតនៅលើភពអង្គារថែមទៀតផង។
នៅក្នុងការថ្លែងសុន្ទរកថាលើកដំបូងនៅអាណត្តិថ្មីនេះ លោកត្រាំប្រឈមនឹងការបញ្ចេញប្រតិកម្មភ្លាមៗពីសំណាក់ក្រុមអ្នកតំណាងរាស្ត្រ និងព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យនៅពេលនិយាយអំពីនយោបាយសេដ្ឋកិច្ច-សង្គមដែលមានចរិតដាច់ណាត់ខ្លាំង ហើយនឹងនិយាយកោតសរសើរមិនដាច់ពីមាត់ចំពោះមហាសេដ្ឋីលេខ១លើលោកគឺលោកអ៊ីឡនម៉ាស់។
គ្រប់ឃ្លាប្រយោគដែលលោកត្រាំថ្លែងគេឃើញថាអ្នកតំណាងរាស្ត្រ និងព្រឹទ្ធសភារបស់គណបក្សសាធារណរដ្ឋទះដៃអបអរសាទរយ៉ាងកងរំពង។ ប៉ុន្តែគណបក្សប្រជាធិបតេយ្យប្រឆាំងជាចំហ។ អ្នកតំណាងរាស្ត្រឈ្មោះអាល់ហ្គ្រីន (Al Green) ត្រូវគេបណ្ដេញចេញពីសាលប្រជុំរបស់សភាបន្ទាប់ពីគាត់ងើបពីកៅអីដើម្បីនិយាយកាត់លោកត្រាំ និងរិះគន់នយោបាយរបស់ត្រាំ។ លោកថាលោកត្រាំគ្មានសិទ្ធិលុបចោលកម្មវិធីផ្ដល់សេវាសុខភាពនោះទេ។ គាត់បានលើកឈើច្រត់គ្រវីដាក់លោកត្រាំ។
អ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យដទៃទៀតក៏ជំទាស់នឹងលោកត្រាំដែរ។ ប៉ុន្តែពួកគេតវ៉ាដោយស្ងៀមស្ងាត់ ដោយលើកបដាផ្សេងៗតែប៉ុណ្ណោះ។ លោកត្រាំកំពុងកាន់អំណាចប្រធានាធិបតីពេញដៃនៅពេលគណបក្សរបស់គាតគ្រប់គ្រងទាំងរដ្ឋសភា និងព្រឹទ្ធសភា។ ដោយមានជំនួយពីលោកអ៊ីឡនម៉ាស់ផងនោះ លោកត្រាំបញ្ឈប់បុគ្គលិកដែលជាប់កិច្ចសន្យារាប់ពាននាក់, បិទដំណើរការស្ថាប័នជាច្រើន, ដកខ្លួនពីអង្គការអន្តរជាតិ និងកាត់ផ្ដាច់ជំនួយបរទេស។
លោកត្រាំក៏បានបង្កការភ្ញាក់ផ្អើលនៅក្នុងនយោបាយការបរទេសរបស់គាត់ផងដែរ។ គាត់បានបោះដៃទៅរកទីក្រុងម៉ូស្គូដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន ហើយធ្វើឱ្យទីក្រុងកៀវ និងពួកអឺរ៉ុបស្រឡាំងកាំងមិនតិចឡើយ។ ប៉ុន្មានថ្ងៃក្រោយទាស់ពាក្យសម្ដីជាមួយលោកហ្សេឡិនស្គីនៅសេតវិមាន លោកត្រាំសង្កត់ធ្ងន់ថាដល់ពេលវេលាដែលត្រូវបិទបញ្ចប់សង្គ្រាមដ៏ឥតន័យនេះហើយ។ ប៉ុន្តែលោកមិនបានឆ្លើយតបការរិះគន់ថាលោកហាក់ដូចជាធ្វើទៅតាមការទាមទាររបស់រុស្ស៊ីជ្រុលពេកទេ។
ការថ្លែងសុន្ទរកថានេះធ្វើឡើង១ថ្ងៃបន្ទាប់ពីលោកផ្អាកជំនួយយោធាសម្រាប់អ៊ុយក្រែន។ ប៉ុន្តែលោកបានប្រកាសដំណឹងល្អថាលោកទើបតែទទួលបានសំបុត្រ១ច្បាប់ពីលោកហ្សេឡិនស្គី។ នៅក្នុងលិខិតនោះ លោកហ្សេឡិនស្គីប្រកាសត្រៀមខ្លួនចរចាគ្នាដើម្បីបញ្ចប់សង្គ្រាម។ លោកក៏ត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើអាជីវកម្មរ៉ែកម្រជាមួយលោកត្រាំផងដែរ។
ត្រាំក៏ទទួលបានសញ្ញាពីម៉ូស្គូថាពួកគេក៏ត្រៀមខ្លួនចូលតុចរចាផងដែរ។ ត្រាំដាក់ជាសំណួរថារឿងអ្វីដែលថាមិនល្អនោះ?
នៅក្នុងបញ្ហាព្រែកជីកប៉ាណាម៉ា និងកោះហ្គ្រីនលែន លោកនៅតែចិញ្ចឹមចិត្តចង់បានទីតាំងទាំង២នេះដដែល។ ជាពិសេសលោកអំពាវនាវទៅប្រជាជនកោះហ្គ្រីនលែនថាពួកគេអាចទៅរស់នៅអាមេរិកបានបើសិនពួកគេចង់។ យើងនឹងធ្វើឱ្យអ្នករស់នៅមានសុវត្ថិភាព នឹងក្លាយជាអ្នកមាន ហើយយើងរួមគ្នាអភិវឌ្ឍកោះនេះឱ្យរីកចម្រើនដល់កម្រិតខ្ពស់ដែលមិនធ្លាប់មាន។
លោកត្រាំក៏បាននិយាយរំលឹកទៅដល់ព្រឹត្តិការណ៍ប៉ុនប៉ងធ្វើឃាតទៅលើរូបគាត់កាលពីឆ្នាំមុន។ គាត់ថាគាត់មានជីវិតរស់នៅដោយសារព្រះជាម្ចាស់ជាអ្នកជួយសង្គ្រោះដើម្បីដឹកនាំប្រទេសអាមេរិក និងធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត។ ក្រោយមក លោករំលឹកអំពីប្រទេសអាមេរិកកាលពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ លោកថាយុគសម័យកាលមាសទើបតែចាប់ផ្ដើមតែប៉ុណ្ណោះ។ លោកសន្យាថានឹងដឹកនាំមនុស្សទៅរស់នៅលើភពអង្គារ ហើយនឹងដោតទង់ជាតិអាមេរិកនៅទីនោះ៕
ចែករំលែកព័តមាននេះ