កម្លាំងចុះប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលធ្លាក់ទទួលបានគ្រឿងឥស្សរិយយសប័ណ្ណសរសើរជិត៨០០នាក់
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ នៅសាលាខេត្ត កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី…
ខេត្តពោធិ៍សាត់ ៖ នៅសាលាខេត្ត កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី…
ខេត្តពោធិ៍សាត់ ៖ នៅសាលាខេត្ត កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបូកសរុបប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ Z9MH-912 ដែលធ្លាក់កន្លងមក ព្រមទាំងបំពាក់គ្រឿងឥស្សរិយយស ជូនប័ណ្ណសរសើរ និងប័ណ្ណថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ជិត៨០០នាក់ និងឧបត្ថម្ភថវិកាមួយចំនួនដល់អង្គភាពនីមួយៗផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះកងកម្លាំងគ្រប់កងឯកភាព ដែលបានប្រើប្រាស់កម្លាំងកាយចិត្តក្នុងការសហការចុះរុករកឧទ្ធម្ភាគចក្រ ។ បើទោះបីជាភូមិសាស្ត្រព្រៃស្តុក មានជ្រលងជ្រោះជ្រៅនិងអាកាសធាតុមិនអំណោយផលក៏ដោយ ក៏កងកម្លាំងរបស់យើងបានពុះពារ ធ្វើការរុករករហូតទទួលបានជោគជ័យ ។
ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងទាំងអស់ មិនថាកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ ឬកម្លាំងគណៈបញ្ជាការឯកភាពខេត្ត-ស្រុក ប៉ុណ្ណោះទេ គឺសុទ្ធសឹងជាកម្លាំងស្នូល ដែលពួកគាត់មានឆន្ទៈខ្ពស់ ក្នុងការសហការគ្នារុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង ក្នុងអំឡុងពេលហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តទៀតថា ដោយទទួលបានបទបញ្ជាពីសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ ដោយបានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានចុះប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រនោះ ដោយប្រើប្រាស់រយៈពេល១៧ថ្ងៃ ទើបរុករកឃើញនៅចង្កេះភ្នំយ៉ាវយ៉ៃ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ។
ភ្លាមៗនោះ ឃើញតែសពអាកាសយានិកលោក ខេង ឆៃយុទ្ធ នៅនឹងកៅអីឧទ្ធម្ភាគចក្រ ។ លុះម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ទើបកងកម្លាំងរុករកឃើញអាកាសយានិកម្នាក់ទៀតគឺលោក ស៊ុន ផល្លា ដែលស្លាប់បាត់បង់ជីវិតនៅចម្ងាយប្រមាណ២១០ម៉ែត្រ ពីចំណុចធ្លាក់ឧទ្ធម្ភាគចក្រ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា មានប្រសាសន៍ទៀតថា ដើម្បីលើកទឹកចិត្តដល់កងកម្លាំងចុះប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ ទើបថ្ងៃនេះយើងធ្វើពិធីបំពាក់គ្រឿងឥស្សរិយយស ប្រគល់ប័ណ្ណសរសើរ និងប័ណ្ណថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ និងឧបត្ថម្ភថវិកាមួយចំនួនដល់អង្គភាពនីមួយៗផងដែរ ៕
ចែករំលែកព័តមាននេះ