ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចលនទ្រព្យ​នៅ​បរទេស​កំពុង​បាត់បង់​ពន្លឺ សម្រាប់​វិនិយោគិន​វណ្ណៈ​កណ្តាល​របស់​ចិន

19 ម៉ោង មុន

ប្រទេស​ចិន ៖ ចំនួន​វិនិយោគិន​វណ្ណៈ​កណ្តាល​ជនជាតិ​ចិន ដែល​ទិញ​អចលនទ្រព្យ​នៅ​បរទេស​បាន​និង​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ចំ​ពេល​សេដ្ឋកិច្ច​ប្រទេស​ចិន​កំពុង​ធ្លាក់​ចុះ និង​វិបត្តិ​អចលនទ្រព្យ​ដ៏​រ៉ាំរ៉ៃ​របស់​ប្រទេស​យក្ស​នៅ​អាស៊ី​មួយ​នេះ​។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន លោក Stephen Yao…

ប្រទេស​ចិន ៖ ចំនួន​វិនិយោគិន​វណ្ណៈ​កណ្តាល​ជនជាតិ​ចិន ដែល​ទិញ​អចលនទ្រព្យ​នៅ​បរទេស​បាន​និង​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ចំ​ពេល​សេដ្ឋកិច្ច​ប្រទេស​ចិន​កំពុង​ធ្លាក់​ចុះ និង​វិបត្តិ​អចលនទ្រព្យ​ដ៏​រ៉ាំរ៉ៃ​របស់​ប្រទេស​យក្ស​នៅ​អាស៊ី​មួយ​នេះ​។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន លោក Stephen Yao បាន​ធ្វើ​ដំណើរ​ជា​ញឹកញាប់​រវាង​ខេត្ត​ក្វា​ង​ទុង (Guangdong) ប្រទេស​ចិន​ទៅ​ប្រទេស​ថៃ ដើម្បី​ផ្តល់​សេវា​ដល់​គ្រួសារ​ជនជាតិ​ចិន​វណ្ណៈ​កណ្តាល​ទិញ​ខុន​ដូ​នៅ​ទីក្រុង​បាងកក និង​ទីក្រុង​ប៉ា​តា​យ៉ា​។ នៅ​អំឡុង​ឆ្នាំ ២០១៧ និង ២០១៨ ភ្នាក់ងារ​អចលនទ្រព្យ​រូប​នេះ បាន​ធ្វើ​ដំណើរ​រាប់​សិប​ដង ហើយ​បាន​បន្ត​ធ្វើ​ជា​ទៀងទាត់ កាលពី​២​ឆ្នាំ​មុន​។ អតិថិជន​លោក Yao អំឡុង​ពេល​ប្រទេស​ចិន​មាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​នោះ បាន​ជះ​លុយ​ពួក​គេ​ទិញ​អចលនទ្រព្យ​នៅ​ក្នុង​ទីផ្សារ​ដូច​ជា ប្រទេស​ថៃ វៀតណាម និង​អូស្ត្រាលី​។

Sale signs adorn residential buildings under construction in Huizhou, Guangdong province, China October 10, 2024. Picture taken through a windshield. REUTERS/Nicoco Chan

ទោះ​យ៉ាងណា​ក៏​ដោយ កាលពី​ពេល​ថ្មី​ៗ​នេះ ការ​ធ្វើ​ដំណើរ​របស់​លោក Yao បាន​ថយ​ចុះ ខណៈ​ដែល​លំហូរ​អ្នកទិញ​ផ្ទះ​ជនជាតិ​ចិន​ធ្លាក់​ចុះ​ខ្លាំង ចំ​ពេល​ការ​ថយ​ចុះ​ប្រាក់​ចំណូល​និង​ទ្រព្យសម្បត្តិ​របស់​ពួក​គេ ដែល​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច និង​វិបត្តិ​អចលនទ្រព្យ​រយៈពេល​វែង​នៅ​ក្នុង​ប្រទេស​ចិន​។ លោក Yao បាន​ប្រាប់​កាសែត South China Morning Post ថា «​ភ្នាក់ងារ​អចលនទ្រព្យ​ភាគច្រើន​ឥឡូវនេះ បាន​ផ្លាស់​ប្តូរ​ទៅ​ចាប់​យក​អាជីព​ផ្សេង​ទៀត​»​។

បើ​យោង​តាម​អ្នក​សេដ្ឋកិច្ច និង​អ្នកវិភាគ​ដែល​បាន​ស្ទង់​មតិ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ទស្សនវិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ស្ថិត​នៅ​ក្នុង​ភាព​ស្រពេចស្រពិល ខណៈ​ដែល​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​មក​ត្រឹម ៤.៥% នៅ​ឆ្នាំ​នេះ​។ ចំណែក​តម្លៃ​ផ្ទះ​នៅ​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​អ្នកជំនាញ​ព្យាករណ៍​ថា​នឹង​ធ្លាក់​ចុះ​ខ្លាំង​នៅ​ឆ្នាំ​នេះ​ផង​ដែរ ពោល​ជាង​ការ​រំពឹង​ទុក​ពី​មុន​។

ឧស្សាហកម្ម​ទេសចរណ៍​ប្រទេស​ថៃ ក៏​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ដ៏​ធំ​មួយ​ផង​ដែរ ខណៈ​ដែល​អ្នកទេសចរ​ចិន​ជា​ច្រើន នា​ពេល​ថ្មី​ៗ​នេះ បាន​លុប​ចោលការ​ធ្វើ​ដំណើរ​របស់​ពួក​គេ ចំ​ពេល​មានការ​កើនឡើង​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​។ កាលពី​ចុង​ខែមករា​កន្លង​ទៅ លោកស្រី Thapanee Kiatphaibool អភិបាល​នៃ​អាជ្ញាធរ​ទេសចរណ៍​ថៃ បាន​ថ្លែង​ថា ភ្ញៀវ​ទេសចរ​ចិន​ប្រហែល​១​ម៉ឺន​នាក់ បាន​លុប​ចោលការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​។

ទន្ទឹម​នឹង​នេះ ប្រភព​ពី​កាសែត​អូស្ត្រាលី Herald Sun បាន​ស្រង់​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​ការ​វិនិយោគ​បរទេស​របស់​អូស្ត្រាលី ចេញផ្សាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​មុន បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​ទិញ​ផ្ទះ​ពី​វិនិយោគិន​ចិន ដែល​ជា​ជនបរទេស​ទិញ​អចលនទ្រព្យ​លំនៅ​ដ្ឋា​ន​ធំ​បំផុត​ប្រចាំ​ប្រទេស​អូស្ត្រាលី​។ ពួក​គេ​បាន​ចំណាយ​ប្រាក់​ជាង​១.៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទិញ​ផ្ទះ ១,៩៩៨​ខ្នង​ទូ​ទាំង​ប្រទេស​អូស្ត្រាលី អំឡុង​ឆ្នាំ ២០២៣-២០២៤ ដែល​បិទ​បញ្ចប់​កាលពី​ខែមិថុនា ពោល​ធ្លាក់​ចុះ​ពី​ជាង ២.១​ពាន់​លាន​ដុល្លារ ចំណាយ​ទិញ​ផ្ទះ ២,៦០១​ខ្នង អំឡុង​ឆ្នាំ ២០២២-២០២៣​។

លើស​ពី​នេះ​ទៀត ប្រភព​ពី​កាសែត​អូស្ត្រាលី​មួយទៀត AFR បាន​រាយការណ៍​ថា ចំនួន​អ្នកទិញ​ជនជាតិ​ចិន​វណ្ណៈ​កណ្តាល កំពុង​ខាត​ប្រាក់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ដទៃ​ទៀត កាលពី​ឆ្នាំ​មុន ដោយ​ត្រូវ​បង្ខំ​លក់​អចលនទ្រព្យ​ពួក​គេ​ក្នុង​តម្លៃ​ក្រោម​ទីផ្សារ បូក​រួម​ទាំង​ការ​ចំណាយ​លើ​ការ​ថែទាំ លើស​ពី​លទ្ធភាព​ពួក​គេ​៕ ប្រភព ៖ South China Morning Post និង VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ