ទីក្រុងប៉េកាំង៖ ប្រទេសចិនដាក់ផែនការធ្វើយ៉ាងណារក្សាកំណើនសេដ្ឋកិច្ចជាតិឱ្យបាន៥%សម្រាប់ឆ្នាំ២០២៥នេះនៅក្នុងស្ថានភាពដែលប្រទេសចិនជួបប្រទះនឹងបញ្ហាប្រឈមខ្លះៗដោយសារការដំឡើងពន្ធរបស់លោកត្រាំ និងបញ្ហាប្រឈមនៅក្នុងស្រុក។ ថ្ងៃនេះ នាយករដ្ឋមន្ត្រីចិន លោកលីឆៀង បានថ្លែងអំពីផែនការជំរុញកំណើនជីឌីភី (GDP) ឱ្យបាន៥%នៅក្នុងកិច្ចប្រជុំវិសាមញ្ញប្រចាំឆ្នាំរបស់រដ្ឋសភានៅទីក្រុងប៉េកាំង។
ការដាក់ចេញផែនការដូចខាងលើនេះជាការឆ្លុះបញ្ចាំងថារដ្ឋាភិបាលប្ដេជ្ញាធ្វើយ៉ាងណាត្រូវតែរក្សាកំណើនសេដ្ឋកិច្ចឱ្យមានស្ថិរភាពល្អតាមដែលអាចធ្វើទៅបានទោះបីមានបញ្ហាប្រឈមយ៉ាងណាក្ដី។ តាមរយៈសេចក្ដីរាយការណ៍កម្រាស់៣២ទំព័រនោះ រដ្ឋាភិបាលទទួលស្គាល់ថាពិតជាមានបញ្ហាប្រឈមមែនទាំងបញ្ហាប្រឈមពីខាងក្រៅ និងបញ្ហាប្រឈមនៅក្នុងស្រុក។
លោកលីឆៀងថ្លែងថាសភាពការណ៍ក្រៅស្រុកដែលមានភាពស្មុគស្មាញ និងស្រួចស្រាល់កាន់តែខ្លាំងអាចជាកត្តាប៉ះពាល់ចំពោះការអភិវឌ្ឍរបស់ប្រទេសចិននៅក្នុងវិស័យពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកបានអានរបាយការណ៍នោះរយៈពេលជិតមួយម៉ោងដោយច្បិចយកតែចំណុចសំខាន់ៗ។ «អំពីបញ្ហាប្រឈមនៅក្នុងស្រុក ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនមិនមានបាតគ្រឹះរឹងមាំខ្លាំងពេកទេ។ តម្រូវការទំនិញក្នុងស្រុកនៅមានភាពទន់ខ្សោយ។ ចំណែកការប្រើប្រាស់ទំនិញនៅក្នុងវិស័យខ្លះដើរធាក់ថយថែមទៀត»។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថានៅឆ្នាំនេះ ប្រទេសចិនអាចនឹងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់៤,៦% ពោលគឺថយចុះជាងឆ្នាំ២០២៤ដែលមានកំណើន៥%។ របាយការណ៍របស់រដ្ឋាភិបាលចិននៅថ្ងៃនេះក៏បានបរិយាយពិស្ដារផងដែរអំពីផែនការរបស់រដ្ឋាភិបាលដែលប្រកាសកាលពីពេលកន្លងមកក្នុងការជំរុញកំណើនសេដ្ឋកិច្ចដែលដើរធាក់ថយនៅឆ្នាំនេះ។
របាយការណ៍នេះបានដាក់ចេញនូវផែនការសំខាន់ៗដើម្បីជំរុញកម្មវិធីនយោបាយសារពើពន្ធដែលមានលក្ខណៈបុរេសកម្មជាងមុន។ ក្នុងនោះមានការបង្កើនខ្ទង់ចំណាយចាប់ពី៣%-៤%នៃជីឌីភី។ របាយការណ៍នេះសរសេររៀបរាប់ថារដ្ឋាភិបាលត្រៀមលក់មូលប័ត្របំណុលដែលមានតម្លៃសរុប១,៣ទ្រីលានយ័ន្ត ឬស្មើនឹង១៨០ពាន់លានដុល្លារសម្រាប់រយៈពេលវែងដើម្បីជួយប្រជាជនដែលចង់ទិញយានយន្ត ឬគ្រឿងបរិក្ខារផ្សេងៗ។
ការដំឡើងពន្ធរបស់លោកត្រាំជាបញ្ហាប្រឈមថ្មីបំផុតទៅលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ខណៈដែលប្រទេសចិនជួបប្រទះនឹងវិបត្តិអចលនទ្រព្យ, ប្រជាជនមិនសូវចំណាយលុយ និងវិស័យវិនិយោគរបស់ឯកជនដើរធាក់ថយ។ បក្សកុម្មុយនិស្តចិនធ្លាប់ប្រកាសតាំងពីខែធ្នូ ឆ្នាំ២០២៤ថានឹងដាក់ចេញវិធានការជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ។ ប៉ុន្តែនៅពេលការដំឡើងពន្ធរបស់អាមេរិកចាប់ផ្ដើមអនុវត្តបែបនេះ ចិនត្រូវតែពន្លឿនផែនការរបស់ខ្លួនឱ្យបានសកម្មបំផុតព្រោះអាមេរិកជាប្រទេសទិញទំនិញរបស់ចិនច្រើនបំផុត៕
ប្រភព៖ Associated Press និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ