រាជធានីភ្នំពេញ ៖ ឃាត់ខ្លួនយុវជន២នាក់ ក្រោយខឹងនារីជាសង្សារមានអ្នកថ្មី ក៏យកកាំបិត បម្រុងទៅចាក់សង្សារថ្មីរបស់នាង តែនារីរងគ្រោះរត់មកជួយក៏ចា.ក់ត្រូវនាង បណ្តាលអោយរងបួស ។ នេះបើយោងតាមផេកអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានបង្ហោះ កាលពីម្សិលមិញ ។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយទទួលពា្យបណ្តឹងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ អំពីករណីហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅផ្នែកយុត្តិធម៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ និង តាខ្មៅ កំណត់មុខសញ្ញាភិនភាគក្រុមជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនបានយុវជន២នាក់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

យោងតាមចម្លើយសារភាពថា គាត់ពិតជាបានប្រចណ្ឌជនរងគ្រោះ ដែលត្រូវជាសង្សាររបស់ខ្លួនដែលមានសង្សារថ្មី ហើយបានយកកូនកាំបិត ទៅជាមួយបក្សពួក ក្នុងគោលបំណងទៅចាក់សង្សារថ្មីរបស់ជនរងគ្រោះ តែត្រូវជនរងគ្រោះរត់មកជួយ ទើបចាក់ជនរងគ្រោះ បណ្តាលឲ្យមានរបួសស្នាមតែម្តង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ