រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ។
ក្នុងសារលិខិតថ្វាយព្រះពរ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការទូទាំងប្រទេស ព្រមទាំងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសាទរយ៉ាងក្រៃលែង និងសូមក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ព្រះប្រកប ដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្បូរសប្បាយ ថ្កុំថ្កើង រុងរឿងដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ជាអង្វែងតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យប្រសើរថ្លៃថ្លាបំផុតនេះផងដែរ សម្តេចបវរធិបតីហ៊ុន ម៉ាណែត ព្រះបរមរាជានុញ្ញាត ទូលថ្វាយនូវកតញ្ញុតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទ្រង់បានចូលរួមចំណែកយ៉ាងថ្លៃថ្លាបំផុត ក្នុងការលើកកម្ពស់ការងារមនុស្សធម៌ លើកតម្កើងតួនាទីស្ត្រី ក្នុងសង្គមកម្ពុជា ជាពិសេស ចំពោះព្រះរាជមហាករុណាទិគុណរបស់ព្រះអង្គ ដែលទ្រង់តែងមានទឹកព្រះទ័យជ្រះថ្លា បរិសុទ្ធ សព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ ជួយក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សុខាភិបាល សង្គមកិច្ច វប្បធម៌ សិល្បៈ សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជារាស្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ទិវាអន្តរជាតិនារី៨មីនា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទ និងរំឭកពីវីរភាពនៃការតស៊ូ របស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិ ស្មើភាពរវាងបុរស និងស្ត្រី នៅក្នុងសង្គម។ កម្ពុជា ប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»៕
ចែករំលែកព័តមាននេះ