ទូតឥណ្ឌា ស្នើឱ្យអាជ្ញាធរភ្នំពេញ រៀបចំទិវាស្តង់ម្ហូបអាហារ នៅផ្លូវថ្មើរជើងមាត់ទន្លេ
រាជធានីភ្នំពេញ ៖ លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព…
រាជធានីភ្នំពេញ ៖ លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព…
រាជធានីភ្នំពេញ ៖ លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតរៀបចំទិវាស្តង់ម្ហូបអាហារមួយកន្លែង នៅរាជធានីភ្នំពេញ ខណៈដែលលោក ឃួង ស្រេង បានឯកភាព ឱ្យរៀបចំនៅមុខវត្តឧណ្ណាលោម ស្របពេល ដែលអាជ្ញាធរកំពុងបង្កើតឱ្យមានផ្លូវថ្មើរជើង Walk Street ដែលទិវានេះ នឹងមានការសហការចូលរួម ពីបណ្ដាប្រទេសជាច្រើន មានទាំងប្រទេសថៃ ឡាវ កម្ពុជា វៀតណាម និងមីយ៉ាម៉ា ដោយគ្រោង នឹងធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ។
ការស្នើបែបនេះរបស់លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមីនានេះ ខណៈដែលលោកចូលចួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានមានប្រសាសន៍លើកឡើងថា ឥណ្ឌានិងកម្ពុជា បានមានទំនាក់ទំនងការទូតជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។ តាមរយៈទំនាក់ទំនងល្អជាមួយគ្នានេះ ឥណ្ឌា បានជួយកម្ពុជា យ៉ាងច្រើនផងដែរ រាប់ទាំងការជួយលើវិស័យអប់រំ, ការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្ដល់នូវអាហារូបករណ៍ ដល់និស្សិតបានទៅសិក្សារៀនសូត្រនៅប្រទេសឥណ្ឌាជាដើម ។ បន្ថែមពីនេះ ឥណ្ឌាក៏បានជួយកម្ពុជាផងដែរ ក្នុងការជួសជុលប្រាសាទបុរាណមួយចំនួននៅកម្ពុជា ពិសេសការជួសជុលប្រាសាទតាព្រហ្ម និងប្រាសាទព្រះវិហារ។
លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានបន្តថា តាមរយៈទំនាក់ទំនងការទូតល្អប្រសើរ រវាងកម្ពុជា និងឥណ្ឌានេះ យើងក៏បានបង្កើតឱ្យមានជើងហោះហើរត្រង់ ពីឥណ្ឌាមកកាន់ភ្នំពេញ ហើយយើងនឹងបន្តជើងហោះហើរត្រង់ ពីឥណ្ឌាមកកាន់ខេត្តសៀមរាប បន្ថែមទៀត។
លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋជនជាតិឥណ្ឌា បានមករស់នៅធ្វើការ រកស៊ី នៅក្នុងប្រទេសកម្ពុជា មានប្រមាណជាង ៥,០០០នាក់ ហើយពួកគាត់ភាគច្រើន រស់នៅនិងរកស៊ី នៅរាជធានីភ្នំពេញ ។
លោកពិតជាថ្លែង នូវការអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានរក្សាសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋឥណ្ឌា ដែលរស់នៅរាជធានីភ្នំពេញ ក៏ដូចជាការថែរក្សាសន្តិសុខសុវត្ថិភាព ជូនស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានល្អប្រសើរ ។
លោក ឃួង ស្រេង បានលើកឡើងពីការកកើតរាជធានីភ្នំពេញ និងលើកឡើងពីភាពវេទនា ធ្វើឱ្យប្រទេសធ្លាក់ដល់ចំណុចសូន្យ ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានភាពរីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ និងបានធ្វើឲ្យកំណើនប្រជាពលរដ្ឋ មានការកើនឡើងជាលំដាប់។
ដោយគិតមកដល់ពេលនេះ បូកសរុបទាំងប្រជាពលរដ្ឋ ដែលរស់នៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ ដែលមកស្នាក់នៅរកស៊ីនៅភ្នំពេញ មានប្រមាណជាង៣លាននាក់។ ធ្វើឱ្យរាជធានីភ្នំពេញ ប្រឈមនឹងការស្ទះចរាចរណ៍ ដែលអាជ្ញាធររាជធានី បាននិងកំពុងដោះស្រាយ។
ជុំវិញការស្នើសុំរបស់លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង ជុំវិញការធ្វើទិវាម្ហូបអាហារ នៅរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឯកភាព ជាមួយនិងការអនុញ្ញាតឱ្យមានការរៀបចំពិធីនេះ នៅមុខវត្តឧណ្ណាលោម ស្របពេល ដែលអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងបង្កើតឱ្យមានផ្លូវថ្មើរជើង Walk Street នៅទីតាំងខាងលើនេះដែរ ដែលបង្កលក្ខណៈងាយស្រួល ទៅដល់ការរៀបចំ ពិធីម្ហូបអាហារខាងលើ ដំណើរការទៅបានស្រួល ។
លោកបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីបង្កើតឱ្យមានផ្លូវថ្មើរជើង Walk Street បានធ្វើឲ្យកំណើនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរ កើនឡើងពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ដោយអាចទទួលបានភ្ញៀវជាតិ អន្តរជាតិ ប្រមាណ៤ទៅ៥ម៉ឺននាក់ ក្នុងមួយថ្ងៃ។
លោក សង្ឃឹមថា នៅពេលស្ថានទូត រៀបចំឲ្យមានការទិវា ម្ហូបអាហារ នៅទីតាំងនេះ វានឹងធ្វើឲ្យកំណើនភ្ញៀវទេសចរ កើនឡើងថែមទៀត៕
ចែករំលែកព័តមាននេះ