ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងជួយសង្គ្រោះជិត​៨០០​នាក់ ដែល​ចុះ​រុករក​ឧទ្ធម្ភាគចក្រ​នៅ​ខេត្តពោធិ៍សាត់ ទទួល​បាន​គ្រឿង​ឥស្សរិយយស ពី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ

1 ថ្ងៃ មុន

ខេត្តពោធិ៍សាត់ ៖ នៅ​សាលាខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៥ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា…

ខេត្តពោធិ៍សាត់ ៖ នៅ​សាលាខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៥ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បូក​សរុប​ប្រតិបត្តិការ រុករក និង​សង្គ្រោះ​ឧទ្ធម្ភាគចក្រ Z9MH-912 ព្រមទាំង​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​ប័ណ្ណសរសើរ ប័ណ្ណ​ថ្លែងអំណរគុណ ដល់​កងកម្លាំង​ទាំងអស់​ជិត​៨០០​នាក់ និង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​អង្គភាព​នីមួយ​ៗ​ផង​ដែរ ។

នាយ​ឧត្តមសេនីយ៍ ទៀ សីហា បាន​នាំ​មក​ នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​កងកម្លាំង​គ្រប់​កងឯកភាព ដែល​បាន​ប្រើប្រាស់​កម្លាំងកាយ​ចិត្ត ក្នុង​ការ​សហការ​ចុះ​រុករក​ឧទ្ធម្ភាគចក្រ បើ​ទោះបីជា​ភូមិសាស្ត្រ​ព្រៃស្តុក មាន​ជ្រលង​ជ្រោះ​ជ្រៅ និង​អាកាសធាតុ​មិន​អំណោយផល​ក៍ដោយ ក៏​កងកម្លាំង​របស់​យើង បាន​ពុះពារ ធ្វើការ​រុករក​រហូត​ទទួល​បាន​ជោគជ័យ​។ លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​កម្លាំង​ទាំងអស់ មិន​ថា​ កម្លាំង​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ ឬ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​-​ស្រុក ប៉ុណ្ណោះ​ទេ គឺ​សុទ្ធ​សឹង​ជា​កម្លាំង​ស្នូល ដែល​ពួក​គាត់​មាន​ឆ​ន្ទះ​ខ្ពស់ ក្នុង​ការ​សហការ​គ្នា​រុករក​ឧទ្ធម្ភាគចក្រ ដែល​បាន​បាត់​ការ​ទាក់ទង ក្នុង​អំ​ឡុ​វ​ពេល​ហ្វឹកហ្វឺន នៅ​តំបន់​ជួរ​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​១២​ខែកក្កដា​ឆ្នាំ​២០២៤ កន្លង​មកនេះ​ ។

លោកនាយ​ឧត្តមសេនីយ៍ ​បន្ត​ទៀត​ថា ដោយ​ទទួល​បាន​បទបញ្ជា ពី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ចាប់ពី​ថ្ងៃ​ទី​១៣ ខែកក្កដា កម្លាំង​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ ដោយ​បានការ​ចូលរួម​ពី​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តពោធិ៍សាត់ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ អគ្គមេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កង​យោធពលខេមរភូមិន្ទ បាន​ចុះ​ប្រតិបត្តិការ​រុករក​ឧទ្ធម្ភាគចក្រ​នោះ ដោយ​ប្រើប្រាស់​រយៈពេល​១៧​ថ្ងៃ ទើប​រុករក​ឃើញ​នៅ​ចង្កេះភ្នំ​យ៉ាវ​យ៉ៃ នា​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤​។ ភ្លាម​ៗ​នោះ​ឃើញ​តែ​សាកសព​ អាកាស​យា​ឈ្មោះ ខេ​ង ឆៃ​យុទ្ធ នៅ​នឹង​កៅអី​ឧទ្ធម្ភាគចក្រ លុះ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ទើប​កម្លាំង​រុករក ឃើញ​អាកាសយានិក​ម្នាក់​ទៀត​ឈ្មោះ ស៊ុន ផល្លា ដែល​ស្លាប់​បាត់បង់​ជីវិត នៅ​ចម្ងាយ​ប្រមាណ​២១០​ម៉ែត្រ ពី​ចំណុច​ធ្លាក់​ឧទ្ធម្ភាគចក្រ​ ។

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា មាន​ប្រសាសន៍​ថា ដើម្បី​លើកទឹកចិត្ត ដល់​កងកម្លាំង​ចុះ​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​ឧទ្ធម្ភាគចក្រ ទើប​ថ្ងៃនេះ​យើង​ធ្វើ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស ប្រគល់​ប័ណ្ណសរសើរ ប័ណ្ណ​ថ្លែងអំណរគុណ ដល់​កងកម្លាំង​ទាំងអស់ និង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​អង្គភាព​នីមួយ​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ