រាជធានីភ្នំពេញ ៖ គិតទៅចោរនៅជិតៗខ្លួន ហើយរង់ចាំមើលឲ្យតែមានឱកាសហុចឲ្យតែប៉ុណ្ណោះ វានឹងលួចភ្លាម ហើយដាក់មេប្រូចបាត់ ជាក់ស្ដែង នៅថ្ងៃត្រង់នេះ ខណៈយុវជនជាកម្មកររោងចក្រកាត់ដេរម្នាក់ ទុកម៉ូតូ១គ្រឿង នៅមុខបន្ទប់ជួល ហើយចូលទៅហូបបាយក្នុងបន្ទប់មួយភ្លែតប៉ុណ្ណោះ ស្រាប់តែលោកចោរ លួចយកម៉ូតូនោះទៅបាត់ដោយសុវត្ថិភាព។ ចំណែកយុវជនរងគ្រោះ ក្រោយពេលហូបបាយរួចចេញមកវិញ អត់ឃើញម៉ូតូ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកជិតខាងប្រាប់ថា ឃើញជនសង្ស័យម្នាក់ ជិះយកទៅបាត់ហើយ ក៏បានរត់យ៉ាងត្រហេបត្រហប និងរត់ទៅប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍ស្វែងរកម៉ូតូ និងលោកចោរមកវិញផង ។
ហេតុការណ៍ខាងលើនោះបានកើតឡើង នៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចមុខបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់ន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
យុវជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូរូបនោះ ឈ្មោះ ស៊ុន កុសល អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានស្រុកកំណើតនៅភូមិពាមរក៍ ឃុំរស្មីសាមគ្គី ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ និងស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។
កម្មករដដែលនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅមុនកើតហេតុ ក្រោយពីដល់ម៉ោងសម្រាកហូបបាយ ខ្លួនបានជិះម៉ូតូ ១គ្រឿង ម៉ាកហុដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៍ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1J-5998 ចេញពីរោងចក្រទៅហូបបាយថ្ងៃត្រង់ នៅបន្ទប់ជួល ដែលខ្លួនស្នាក់នៅ ។ លុះពេលទៅដល់បានទុកម៉ូតូ ១គ្រឿងនោះ នៅមុខបន្ទប់ជួលដោយបានចាក់សោរ.កត្រឹមត្រូវ បន្ទាប់មកក៏បានចូលទៅហូបបាយ នៅក្នុងបន្ទប់មួយភ្លែតប៉ុណ្ណោះ ។
យុវជនរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលហូបបាយរួច ប្រញាប់ប្រញាល់ចេញពីបន្ទប់ជួល ដើម្បីយកម៉ូតូជិះទៅធ្វើការវិញ ស្រាប់តែចោរលួចម៉ូតូបាត់ ទើបស្រែកប្រាប់គេឯង បង្កឲ្យមានការភ្ញាក់ផ្អើលឆោរឡោតែម្ដង ខណៈនោះអ្នកជិតខាងបានប្រាប់ថា ឃើញមានជនសង្ស័យម្នាក់ បានជិះម៉ូតូរបស់ខ្លួនទៅបាត់ហើយ ។
ក្រោយកើតហេតុ យុវជនរងគ្រោះខាងលើបានជិះម៉ូតូកង់បី ១គ្រឿង ទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ពេលទៅដល់ចុះពីលើម៉ូតូកង់បី រត់យ៉ាងត្រហេបត្រហប ទៅប្តឹងនគរបាលឲ្យជួយអន្តរាគមន៍ធ្វើការស្រាវជ្រាវ រកម៉ូតូរបស់ខ្លួន និងលោកចោរមកវិញផង។ ប៉ុន្តែពេលទៅដល់ នគរបាលបានធ្វើការសួរនាំពីតាំងកន្លែងកើតហេតុ ហើយដឹងថា មិនមែនស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នោះទេ គឺស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់កន្ទោក ខណ្ឌកំបូលឯណោះ ទើបប្រាប់ឲ្យយុវជននោះ ទៅដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលកន្ទោកនោះវិញ ៕




ចែករំលែកព័តមាននេះ