ខេត្តកំពង់ស្ពឺ ៖ ករណីបុរសពីរនាក់ ដែលស្រលាញ់ភេទដូចគ្នា ត្រូវបានបងស្រីរបស់ជនរងគ្រោះម្នាក់ ប្រទះឃើញស្លា.ប់នៅក្នុងផ្ទះ លើគ្រែតែមួយ «សង្ស័យរឿងប្រចណ្ឌ» ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះទាំងពីរនាក់ មានឈ្មោះថា ៖
ទី១. ឈ្មោះ ប៉ូច ផាន់នី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ។
ទី២. ឈ្មោះ ផាន់ ណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងកាត់សក់ មានស្រុកកំណើតនៅខេត្តបាត់ដំបង ប៉ុន្តែបច្ចុប្បន្នរស់នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី ថា ពួកគេត្រូវបានប្រទះឃើញស្លា.ប់នៅក្នុងថ្លុកឈាម នៅលើគ្រែតែមួយក្នុងផ្ទះ បន្ទាប់ពីបងស្រីរបស់ជនរងគ្រោះម្នាក់ មានការសង្ស័យ នៅពេល ដែលពួកគេមិនបើកទ្វារផ្ទះ ដើម្បីប្រកបរបរកាត់សក់ដូចប្រក្រតី ។
តាមការស៊ើបអង្កេតដំបូង សមត្ថកិច្ចបានរកឃើញកូនកាំបិតមួយ នៅក្បាលគ្រែរបស់ជនរងគ្រោះទាំងពីរ។ កូនកាំបិតនេះ អាចជាឧបករណ៍ប្រើប្រាស់ក្នុងការចាក់សម្លាប់គ្នា។ តាមការសន្និដ្ឋានដំបូង អ្នកស៊ើបអង្កេតសង្ស័យថា បុរសទាំងពីរនាក់នេះ អាចចាក់សម្លាប់ដៃគូរហើយ ទើបចាក់សម្លា.ប់ខ្លួនតាមក្រោយ។ ហើយប្រហែលជាមានជម្លោះរឿងប្រចណ្ឌ បណ្តាលឱ្យពួកគេធ្វើបែបនេះ ។
តាមការអត្ថាធិប្បាយពីបងស្រីរបស់ជនរងគ្រោះ ថា អ្នកទាំងពីរនាក់ ស្រលាញ់គ្នាអស់រយៈពេលច្រើនឆ្នាំមកហើយ។ ហើយការស្រលាញ់គ្នាយ៉ាងខ្លាំងនេះហើយ អាចជាមូលហេតុ កើតជាភ្លើងប្រចណ្ឌចាក់សម្លា.ប់គ្នា ។
សមត្ថកិច្ច កំពុងញាប់ដៃ ញាប់ជើង ធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ នៃការសម្លា.ប់គ្នានេះ ។ សមត្ថកិច្ច ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋផ្តល់ព័ត៌មាន ឬភស្តុតាងណាមួយ ដែលអាចជួយក្នុងការស៊ើបអង្កេតបន្ថែម ៕

ចែករំលែកព័តមាននេះ