ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​ម្នាក់​ដើរទៅ​ធ្វើការ​ជួប​ក្រុមទម្លាក់​យោង​​តាម​ផ្លូវ​ យកអស់ពី​ខ្លួន​ជិត​២​ពាន់​ដុល្លារ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ដើរទៅ​ធ្វើការ​រោងចក្រ បាន​ជួប​និង​ក្រុម​ចោរ​ទម្លាក់យោង​ប្រុស​ស្រី​១​ក្រុម ដែល​ប្រើ​កូន​ថង់​មា​សព​ណ៍​ក្រហម ប្រើ​ល្បិច​ល្បួង​នាំ​នាង​ពី​ទីប្រជុំជន​ទៅ​ដល់​កន្លែង​ស្ងាត់​ដោះ​យក​គ្រឿងអលង្ការ និង​ទូរស័ព្ទ​ដៃ​អស់ពី​ខ្លួន ដែល​មាន​តម្លៃ​សរុប​ជិត​២​ពាន់​ដុល្លារ ។ បន្ទាប់​មក​ក្រុម​ចោរ​បាន​ប្រគល់​កូន​ថង់​ព​ណ៍​ក្រហម​១​ឲ្យ​មក​នាង​កាន់​ដោយ​ប្រាប់​ថា…

រាជធានី​ភ្នំពេញ​៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ដើរទៅ​ធ្វើការ​រោងចក្រ បាន​ជួប​និង​ក្រុម​ចោរ​ទម្លាក់យោង​ប្រុស​ស្រី​១​ក្រុម ដែល​ប្រើ​កូន​ថង់​មា​សព​ណ៍​ក្រហម ប្រើ​ល្បិច​ល្បួង​នាំ​នាង​ពី​ទីប្រជុំជន​ទៅ​ដល់​កន្លែង​ស្ងាត់​ដោះ​យក​គ្រឿងអលង្ការ និង​ទូរស័ព្ទ​ដៃ​អស់ពី​ខ្លួន ដែល​មាន​តម្លៃ​សរុប​ជិត​២​ពាន់​ដុល្លារ ។ បន្ទាប់​មក​ក្រុម​ចោរ​បាន​ប្រគល់​កូន​ថង់​ព​ណ៍​ក្រហម​១​ឲ្យ​មក​នាង​កាន់​ដោយ​ប្រាប់​ថា នៅ​ក្នុង​នោះ​គឺ​មាស​មាន​ចំនួន​ច្រើន​ជាង​គ្រឿងអលង្ការ​របស់​នាង​ទៅ​ទៀត ហើយ​ក៏​បាន​គេចខ្លួន​បាត់​អស់ ។ ក្រោយមក​នាងរង​គ្រោះ​បាន​ស្រាយ​មាត់​ថង់​មើលឃើញ​សុទ្ធតែ​គ្រាប់កង់ ទើប​ដឹង​ថា​ចាញ់បោក​ក្រុម​ចោរ ហើយ​បាន​ត្រឹមតែ​ស្រែក​ទ្រ​ហ៊ោ​យំ និង​ប្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​តែ​ប៉ុណ្ណោះ ។

ហេតុ​ការ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៥ នៅ​ម្ដុំ​ជិត​ស្ថានីយ៍​ប្រេងឥន្ធនៈ​តូ​តា​ល់ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង ជិត​ផ្សា​រកា​ណា​សុ​ី​ធី សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រុម​ចោរ​ទម្លាក់យោង​ដែល​មាន​និមិត្តសញ្ញា​ថង់​មា​សព​ណ៍​ក្រហម​នោះ​មាន​គ្នា​៥​នាក់​ប្រុស​៣​នាក់​និង​ស្រី​២​នាក់ ។ ចំណែក​នាង​កម្មការិនី​រង​គ្រោះ​រូប​នោះ​គិតតែ​ពី​យំ និង​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​នាង​បាន​ប្រាប់​ខ្លះ​ផង​ដែរ​ថា គ្រាន់តែ​គ្រឿងអលង្ការ​១​តួខ្លួន​នាង​មាន​តម្លៃ​ជិត​២​ពាន់​ដុល្លារ​ទៅ​ហើយ ។ ក្នុង​នោះ​រួម​មាន​ខ្សែ ក ប្លា​ទី​២​ខ្សែ , ចង្ក្រង​ជើង​១​ខ្សែ ,​កងដៃ​១​ឈុត និង​ទូរស័ព្ទ​ម៉ាក​OPPO ១​គ្រឿង ហើយ​ទទួល​បានជា​ថ្នូរ​មក​វិញ​គឺ​គ្រាប់កង់​១​កូន​ថង់​ព​ណ៍​ក្រហម​ទុក​គ្រាន់​ជា​ភស្តុ​តាង​សម្រាប់​ប្ដឹង​នគរបាល​តែ​ប៉ុណ្ណោះ ។

នៅ​ក្នុង​ខណៈនោះ​នាងរង​គ្រោះ​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង ហើយ​បាន​យំ​ផង​និយាយ​ផង​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ពេល​នាង​ដើរទៅ​ធ្វើការ​រោងចក្រ ដល់​ត្រង់​ចំណុច​ផ្សារ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ជួប​ជនសង្ស័យ​ជា​ស្ត្រី​២​នាក់ ។ ខណៈនោះ​ជនសង្ស័យ​ខាងលើ​បាន​ល្បួង​នាង​ឲ្យ​ជិះ​ម៉ូតូ​ជាមួយ​ទៅ​ឈប់​នៅ​ជិត​ស្ថានីយ៍​ប្រេងឥន្ធនៈ​តូ​តា​ល់ តាម​បណ្ដោយ​មហាវិថី​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង​ម្ដុំ​ជិត​ផ្សា​រកា​ណា​សុ​ី​ធី សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នាង​បាន​និយាយ​ទៀត​ថា ពេល​ទៅ​ដល់ទី​នោះ​បានឃើញ​មាន​បក្ខពួក​ប្រុស​ៗ៣​នាក់​ទៀត​នៅ​ចាំទី​នោះ ជា​ស្រេច​ហើយ​ក៏​បាន​នាំ​គ្នា​ដោះ​យក​គ្រឿងអលង្ការ​និង​ទូរស័ព្ទ​នាង រួច​ប្រគល់​មាស​១​កូន​ថង់​ក្រហម​មក​នាង​ទុក បន្ទាប់​មក​ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។ ក្រោយ​ពី​ក្រុម​ជនសង្ស័យ​ទៅ​បាត់​អស់ នាង​បាន​ស្រាយ​មាត់​ថង់​មើល​ស្រាប់តែ​ឃើញ​នៅ​ក្នុង​កូន​ថង់​ព​ណ៍​ក្រហម​នោះ​មិនមែន​មាស​ទេ គឺ​សុទ្ធតែ​គ្រាប់កង់ ទៅ​វិញ ទើប​ដឹង​ថា​ចាញ់បោក​ចោរ​ហើយ​យក​យំ​ស្រែក​ទាំង​តក់ស្លុត​ដោយ​មិនដឹង​ខ្លួន និង​បាន​ទៅ​ប្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​រក​ក្រុម​ចោរ​តែ​ម្ដង ។

សូម​បញ្ជាក់​ថា ល្បិច​ក្រុម​ចោរ​ទម្លាក់យោង​ថ្វី​ដ្បិតតែ​ចាស់​គំ​រិល​ដដែល​ៗ ប៉ុន្តែ​នៅ​តែ​ប្រើ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ទៅ​លើ​កម្មករ​រោងចក្រ​និង​ប្រជាពលរដ្ឋ ដោយ​ក្រុម​ចោរ​ល្បួង​ជន​រង​គ្រោះ​ពី​តាម​ទៅ​ប្រជុំជន ផ្សារ មុខ​រោងចក្រ​ជាដើម ទៅ​កន្លែង​ស្ងាត់​រួច​ដោះ​យក​របស់​មាន​តម្លៃ បង្ក​ឲ្យ​មាន​អ្នក​រង​គ្រោះ​ច្រើន​នាក់​ខាតបង់​ប្រាក់​ជា​បន្តបន្ទាប់ ។ ដោយឡែក​ក្រុម​ចោរ​ក្រោយ​ពេល​ធ្វើ​សកម្មភាព​បាន​សម្រេច​ហើយ​តែង​គេចខ្លួន​រួច​រហូត ចំណែក​សមត្ថកិច្ច​វិញ​ហាក​និង​កម្រ​ស្រាវជ្រាវ​រក​ក្រុម​ចោរ​នេះ​ឃើញ ចាប់​យក​មក​ផ្ដន្ទាទោស​ខ្លាំង​ណាស់ ទាល់តែ​តាម​ទាន់​ជាក់ស្ដែង ទើប​យូរ​ៗ​ចាប់ខ្លួន​បាន​ម្ដង​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ