ប្រទេសចិន ៖ បុគ្គលមានឥទ្ធិពលលើបណ្តាញសង្គម (Influencer) មួយរូបរបស់ប្រទេសចិន កញ្ញា Liao Xingxing ត្រូវបានហាមប្រាមពីការរត់ពាក់កណ្តាលម៉ារ៉ាតុងព្រឹត្តិការណ៍ Meishan Renshou របស់ប្រទេសចិនអស់មួយជីវិត បន្ទាប់ពីនាងត្រូវបានរកឃើញថាប្រើស្លាកលេខក្លែងក្លាយចូលរួមការប្រកួត ដែលបានរៀបចំឡើងនៅទីក្រុងស៊ីឈួន (Sichuan) ភាគខាងលិច ប្រទេសចិន។
កញ្ញា Liao Xingxing បានបញ្ចប់ការរត់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយគ្មានថិរវេលា ប៉ុន្តែពីរថ្ងៃក្រោយមក វីដេអូមួយលើកម្មវិធី Douyin ដែលជាកម្មវិធី TikTok ប្រើប្រាស់សម្រាប់នៅក្នុងប្រទេសចិន បានបង្ហាញឱ្យឃើញនាងពាក់ស្លាកលេខសំគាល់ខ្លួនដូចគ្នាទៅនឹងអ្នករត់ម្នាក់ទៀត។ វីដេអូនេះបានបង្ហាញអ្នកចូលរួមពីរនាក់កំពុងរត់ជាមួយស្លាកលេខ C4567 ដោយ Liao Xingxing ពាក់អាវពណ៌ផ្កាឈូក និងខោពណ៌បៃតង ពេលនោះគ្រប់គ្នាសង្ស័យថា នាងប្រើស្លាកលេខចូលរួមក្លែងក្លាយ។
ភាពចម្រូងចម្រាសទទួលបានភាពទាក់ទាញ ដោយសារភាពល្បីល្បាញរបស់នាងក្នុងនាមជា Influencer ពាក់ព័ន្ធនឹងកីឡា ជាពិសេសការរត់តែម្តង ដោយមានអ្នកតាមដានប្រមាណ ១៥,០០០នាក់។ ទោះយ៉ាងណាក្រោយមក Liao Xingxing បានអះអាងថា នាងបានស្លាកលេខនេះពីអ្នកគាំទ្រម្នាក់ ហើយមិនបានដឹងថាក្លែងក្លាយនោះទេ។
យោងតាមសារព័ត៌មាន VCT រាយការណ៍ថា Liao Xingxing ជឿថានាងបានចាញ់បោកអ្នកមិនពេញចិត្តខ្លួន ដែលបន្លំធ្វើជាអ្នកគាំទ្រនាង។ បើទោះជាមានការពន្យល់យ៉ាងណាក៏ដោយ ក៏អ្នករៀបចំការប្រកួតរត់ពាក់កណ្តាលម៉ារ៉ាតុង Meishan Renshou បានច្រានចោល ហើយអះអាងថា នាងបានបោះពុម្ពស្លាកលេខដោយខ្លួនឯង។ ជាលទ្ធផល អ្នករៀបចំបានសម្រេចដាក់បម្រាម Liao Xingxing មួយជីវិតពីការចូលរួមប្រកួតព្រឹត្តិការណ៍នេះ ហើយថែមទាំងបានរាយការណ៍ករណីនេះ ទៅកាន់សហព័ន្ធអត្តពលកម្មចិន (CAF) ដែលអាចដាក់ពិន័យលើនាងបន្ថែមទៀត។
បន្ទាប់ពីរងការរិះគន់ដូចទឹកបាក់ទំនប់ Liao Xingxing បានសម្រេចចាក់សោ ឬ Locked គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់របស់ខ្លួន ហើយបានលុបចោលមាតិកាទាំងអស់ដែលទាក់ទងនឹងការរត់កន្លងមក។ នាងធ្លាប់បង្ហោះវីដេអូចំនួន៣៦១វីដេអូលើ Douyin ដែលមានអ្នកចុចចូលចិត្តជាង ២១៩,០០០នាក់ ដោយមាតិកានាងភាគច្រើនផ្តោតលើការរត់ប្រណាំង។
ការប្រកួតព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុង Meishan Renshou គឺជាការប្រកួតលើកដំបូងរបស់ចិន ដែលត្រូវបានទទួលស្គាល់ដោយសមាគមអន្ដរជាតិ នៃសហព័ន្ធកីឡាអត្តពលកម្ម ឬ World Athletics ហើយត្រូវបានជ្រើសរើសដោយសហព័ន្ធអត្តពលកម្មចិន ជាជើងឯកថ្នាក់ជាតិផងដែរ។ ព្រឹត្តិការណ៍នេះមានការប្រកួតប្រជែងខ្លាំងដោយមានការចូលរួមពីអ្នករត់ជាង ១៥០,០០០នាក់។
ករណី Liao Xingxing ក៏មិនមែនជាលើកទី១នោះទេ ដោយភាពចម្រូងចម្រាសទាក់ទងនឹងស្លាកលេខសំគាល់អ្នករត់បានក្លាយជាបញ្ហានៅក្នុងការប្រកួតម៉ារ៉ាតុងរបស់ចិន នាពេលថ្មីៗនេះ។ ជាក់ស្តែង នៅឯការរត់ម៉ារ៉ាតុងទីក្រុងហុងកុងឆ្នាំ ២០២៥ ថ្មីៗនេះ អ្នករត់ ជនជាតិចិន៣នាក់ រួមទាំងអ្នករត់២នាក់ ដែលបញ្ចប់ការប្រកួតពាក់កណ្តាលម៉ារ៉ាតុងផ្នែកបុរសផងដែរនោះ ត្រូវបានដកសិទ្ធិ ដោយសារពាក់ស្លាកលេខមិនត្រឹមត្រូវ៕ ប្រភព ៖ VnExpress


ចែករំលែកព័តមាននេះ