ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវចាត់ទុកវត្តមានស្រ្តីក្នុងការងារគ្រប់វិស័យ ក៏ជាវត្តមានម្ដាយ ភរិយា កូនស្រី ប្អូនស្រី ឬក្មួយយើង

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​បុរស​ទាំងឡាយ​ថា វត្តមាន​ស្ត្រី​ក្នុង​ការងារ​គ្រប់​វិស័យ គ្រប់កន្លែង និង​គ្រប់ពេល​ក៏​ជា​វត្តមាន​ម្ដាយ​យើង…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​បុរស​ទាំងឡាយ​ថា វត្តមាន​ស្ត្រី​ក្នុង​ការងារ​គ្រប់​វិស័យ គ្រប់កន្លែង និង​គ្រប់ពេល​ក៏​ជា​វត្តមាន​ម្ដាយ​យើង ភរិយា​យើង កូនស្រី​យើង ឬ​ប្អូនស្រី ក្មួយ​ស្រី​យើង​ដូច្នេះ​ដែរ ។

ការ​អំពាវនាវ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ស្រប​ពេល​មហាជន ពិសេស​អ្នកលេង​បណ្តាញ​សង្គម​កំពុង​នាំ​គ្នា​ប្រតិកម្ម​យ៉ាង​ចាស់ដៃ​លើ MC កីឡាករ​ប្រដាល់​ម្នាក់​ដែល​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​លើ​តារា​បង្ហាញ​ម៉ូត និង​ជា​តារា​សម្តែង ។

តាម​រយៈ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៥ លោក​ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​សរសេរ​ថា​«​ជនរួមជាតិ​ជាទី​គោរព​ស្រលាញ់​! ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​សង្កេត​ឃើញ​មាន​បងប្អូន​ជា​ច្រើន​នាក់ បាន​ចេញ​មុខ​ការពារ​សេចក្ដី​ថ្លៃថ្នូរ​សង្គម និង​កិត្តិយស​ប្អូនស្រី​មួយ​រូប ដែល​ត្រូវ​បាន​ពិធីករ​ប្រដាល់​ម្នាក់​និយាយ​លែបខាយ​ពាក្យ​សម្ដី​ជា​សាធារណៈ​លើ​វេទិកា​ប្រដាល់ ។ ទ​ង្វើ និង​ប្រធានបទ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវចិត្ត​របស់​ប្អូនស្រី​រូប​នោះ និង​ស្ត្រី​ផ្សេង​ទៀត​» ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី បន្ដ​ថា ច្បាប់ធម្មជាតិ បាន​បង្កើត​ឱ្យ​សង្គមមនុស្ស​មាន​ភេទ​ស្រី និង​ប្រុស​ជា​ធម្មតា ទោះ​អ្នកខ្លះ​មាន​អត្ត​ចរិត​ធម្មជាតិ​ផ្ទុយ​ពី​ភេទ​ជាក់ស្ដែង​ក៏​ដោយ ។ ម្នាក់​ៗ​មាន​សិទ្ធិ មាន​សេរីភាព និង​សេចក្ដី​ថ្លៃថ្នូរ​ស្មើ​ៗ​គ្នា​ក្នុង​សង្គម ។ សម្រាប់​កម្ពុជា យើង​មានច្បាប់ និង​បវេណី​ដូនតា​ដ៏​ល្អ ដើម្បី​ការពារ​សេចក្ដី​ថ្លៃថ្នូរ​មនុស្ស​ម្នាក់​ៗ ។

ដូច្នេះ​ទ​ង្វើ​ទាំងឡាយ​ណា ដែល​ជ្រុល​ហួស​ព្រំដែន​នៃ​សិទ្ធិ​បំពាន​លើ​ប្រពៃណី និង​សីលធម៌​សង្គម​ប្រាកដ​ណាស់​នឹង​ទទួល​បាន​មក​វិញ​នូវ​ការ​ប្រតិកម្ម​តប ។ ទាញ​ចេញពី​ករណី​ប្អូនស្រី ទោះបីជា​ដោយ​ចេតនា​អ្វី​ពី​សំណាក់​ប្អូនប្រុស​ពិធីករ​ប្រដាល់ ឯកឧត្តម សូម​យក​ឱកាស​នេះ អំពាវនាវ​បុរស​ទាំងឡាយ​ថា «​វត្តមាន​ស្ត្រី​ក្នុង​ការងារ​គ្រប់​វិស័យ គ្រប់កន្លែង និង​គ្រប់ពេល​ក៏​ជា​វត្តមាន​ម្ដាយ​យើង ភរិយា​យើង កូនស្រី​យើង ឬ​ប្អូនស្រី ក្មួយ​ស្រី​យើង ដូច្នេះ​ដែរ ។

មិន​ថា បុរស ឬ​ស្ត្រី ការ​ខិតខំ​បំពេញការងារ​ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​តាម​សមត្ថភាព និង​លទ្ធភាព​រៀង​ៗ​ខ្លួន​នោះ គឺ​ដើម្បី​ជីវភាព​ខ្លួនឯង និង​ក្រុម​គ្រួសារ​នៅ​ឯ​ផ្ទះ ហើយ​សុទ្ធតែ​បាន​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការ​អភិវឌ្ឍ និង​ភាព​រីក​ចម្រើន​របស់​សង្គម​ជាតិ​» ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី បន្ថែម​ថា ខ្មែរ​យើង​ថ្លៃថ្នូរ​ណាស់ ខ្មែរ​យើង​ជា​ពូជ​អម្បូរ​ដែល​គោរព និង​ផ្ដល់​តម្លៃ​ដល់​ស្ត្រី​រាប់រយ​ពាន់​ឆ្នាំ​មក​ហើយ​! មេ​ភូមិ មេស្រុក មេ​ខេត្ត មេបា មេ​កើយ គឺ​មេ​ដែល​សំដៅ​ដល់​មាតា គឺ​មេ​សំដៅ​ដល់​ស្ត្រី​ដែល​បង្កើត​បានកូន​ជំនាន់​ក្រោយ​ត​ៗ​គ្នា​របស់​មនុស្ស ។

ដូច្នេះ ឯកឧត្តម សង្ឃឹមថា «​ពួក​យើង​ជា​បុរស​នឹង​បន្ត​រក្សា​ភាព​ថ្លៃថ្នូរ​ក្នុង​គ្រប់​ទំនាក់ទំនង​ការងារ គ្រប់​ទំនាក់ទំនង​សង្គម​ជា​ធម្មតា​ជាមួយ​ស្ត្រី ហើយ​ខិតខំ​បង្ក​លក្ខណៈ​ឱ្យ​ស្ត្រី​ទទួល​បាន​អារម្មណ៍​កក់ក្ដៅ​ប្រកបដោយ​កិត្តិយស នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​នៃ​ការ​បំពេញការងារ និង​គ្រប់​វត្តមាន​ក្នុង​ទំនាក់ទំនង​សង្គម​ជាមួយ​បុរស​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ