ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​អំពាវនាវ​ឱ្យធ្វើ​សកម្មភាព ឬ​ប្រើប្រាស់​ពាក្យ​សម្ដី​ជាមួយ​អ្នក​ដទៃ​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ត្រូវធ្វើ​សកម្មភាព ឬ​ប្រើប្រាស់​ពាក្យ​សម្ដី​ជាមួយ​អ្នក​ដទៃ ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រកាន់ខ្ជាប់​នូវ​សីលធម៌…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ត្រូវធ្វើ​សកម្មភាព ឬ​ប្រើប្រាស់​ពាក្យ​សម្ដី​ជាមួយ​អ្នក​ដទៃ ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ គុណធម៌​។

សម្តេច​បវរ​ធិ​បតី​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០២៥​យ៉ាង​ដូច្នេះ​ថា «​ក្នុង​មួយរយៈ​នេះ ខ្ញុំ​សង្កេត​ឃើញ​មាន​សកម្មភាព ឬ​ការ​បញ្ចេញមតិ​របស់​បងប្អូន​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​អារម្មណ៍ និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ ជា​ពិសេស​ស្ត្រីភេទ​» ។

សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​បន្ត​ថា «​ខ្ញុំ​គិត​ថា អ្នក​ដែល​ធ្វើ​សកម្មភាព​ឬ​និយាយ​មួយ​ចំនួន ប្រហែលជា​មិន​មាន​ចេតនា​អាក្រក់​នោះ​ទេ ហើយ​គ្រាន់តែ​ចង់បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​មើល ឬ​អ្នក​ស្ដាប់​ចំពោះ​សកម្មភាព​ឬ​ពាក្យ​សម្តី​របស់​ខ្លួន និង​អាច​ចាត់​ទុក​ថា​ជា​រឿង​លេងសើច​ធម្មតា មិន​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​» ។

សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បន្ថែម​ថា ប៉ុន្តែ​បងប្អូន​មិន​បាន​ចាប់អារម្មណ៍​ថា សកម្មភាព​ឬ​ពាក្យ​សម្ដី​ទាំងនោះ​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​អារម្មណ៍ ក៏​ដូច​ជា​សេចក្តី​ថ្លៃថ្នូ​របស់​អ្នក​ដែល​ត្រូវ​ទទួល​រង​នូវ​សកម្មភាព​ឬ​ពាក្យ​សំដី​ទាំងនោះ​ទេ​។

សម្តេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជា​ពិសេស​យុវជន​ធ្វើ​សកម្មភាព ឬ​ប្រើប្រាស់​ពាក្យ​សម្ដី​ជាមួយ​អ្នក​ដទៃ​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ គុណធម៌ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្មែរ​យើង ឱ្យ​ស័ក្តិ​សមជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្គម​ស៊ី​វិ​ល័យ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា បើ​ទោះបីជា​សកម្មភាព​ស្របច្បាប់​ឬ​ការ​បញ្ចេញមតិ​ជា​សិទ្ធិ​របស់​បុគ្គល ប៉ុន្តែ​ការ​គោរព​សិទ្ធិ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ គឺជា​កាតព្វកិច្ច​សីលធម៌​របស់​យើង​ទាំងអស់​គ្នា និង​ដែល​យើង​ត្រូវ​ប្រកាន់ខ្ជាប់​គ្រប់ពេលវេលា ដើម្បី​ចូលរួម​ថែរក្សា​សុខដុម​នី​យ​កម្ម​សង្គម​៕