ខេត្តសៀមរាប ៖ កម្លាំងនគរបាលជំនាញបានឱ្យដឹងកាលពីល្ងាចថ្ងៃទី៣ មីនា ថា មានករណីឆេះផ្ទះមួយកន្លែង ក្រោយពីចៅបានសាកថ្មកុំព្យូទ័រនៅលើពូកទុកចោល បណ្តាលឱ្យក្តៅទើបឆេះផ្ទះអស់៣០ភាគរយ ខណៈយាយចេញទៅក្រៅ ។ សំណាងល្អមិនរាលដាលដល់ផ្ទហអ្នកជិតខាង ដែលហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទប់ស្កាត់បានទាន់ពេល នៅវេលាម៉ោង១៣និង៤០នាទីរសៀលនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រភពពីសមត្ថកិច្ចជំនាញបានបញ្ជាក់ទៀតថា ករណីអគ្គិភ័យមួយកើតឡើងបណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលម្ចាស់ផ្ទះឈ្មោះ ខូវ សុខអេង ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរលក់ដូរ ។ ករណីអគ្គិភ័យនេះ បណ្តាលឱ្យខូចខាតផ្ទះចំនួន១ខ្នង (ខូចខាត៣០ភាគរយ) ។ មូលហេតុបណ្តាលមកពីចៅរបស់ម្ចាស់ផ្ទះ ដាក់សាកថ្មកុំព្យូទ័រនៅលើពូក ទើបបង្កជាអគ្គិភ័យឆាបឆេះតែម្តង។

ប្រភពពីសមត្ថកិច្ចនគរបាលជំនាញបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យសរុបចំនួន០៥គ្រឿង រថយន្តពន្លត់អគិ្គភ័យនៃស្នងការដ្ឋាននគរបាលខេត្តអស់ចំនួន០៣គ្រឿង ប្រើ ប្រាស់ទឹកអស់ចំនួន០១រថយន្ត រថយន្តពន្លត់អគ្គិភ័យនៃអាជ្ញាធរជាតិអប្សរាចំនួន០២គ្រឿង ប្រើ ប្រាស់ទឹកអស់ចំនួន ០២រថយន្ត ទើបយើងអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះឱ្យរលត់ទៅវិញ នៅវេលាម៉ោង១៤និង១០នាទីថ្ងៃខែឆ្នាំដដែល។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឱ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើង ទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេង ឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីជាដើម និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង៕



ចែករំលែកព័តមាននេះ