ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ មានប្រតិកម្មយ៉ាងខ្លាំង ដោយសារតែក្រុមជនជាតិចិនធ្វើការនៅក្នុងក្រុមហ៊ុនចម្ការចេក «ហ្គ្រីនអាយលែនអេហ្គ្រីខលឈើរល័»សរសេរកាត់CBA ប្រើរថយន្តជិះប្រដាប់ដោយកាំភ្លើងបាញ់សត្វពាហនៈរបស់ពួកគាត់ងាប់ និងរបួសច្រើនក្បាល ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ជនជាតិចិនមួយក្រុមប្រើរថយន្ត Pick up ពណ៌ស១គ្រឿង ប្រដាប់ដោយកាំភ្លើង ដើរកៀងគោក្របីរបស់ប្រជាពលរដ្ឋ ហើយបាញ់សម្លាប់ជាបន្តបន្ទាប់ រួចលើកដាក់ត្រាក់ទ័រយកចូលទៅក្នុងបរិវេណក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ ប្រសិនបើករណីដែលគោ-ក្របីរបស់ពួកគាត់ចូលទៅស៊ីដំណាំចេកធ្វើឲ្យប៉ះពាល់ដំណាំក្រុមហ៊ុន គួរណាស់ចាប់ទុក ហើយហៅម្ចាស់ទៅធ្វើការផាកពិន័យបង់លុយតាមការខូចខាត មិនគួរដើរកៀងគោ-ក្របីរបស់ពួកគាត់ដែលដើរស៊ីស្មៅនៅតាមព្រៃនោះទេ ។

សកម្មភាពរបស់ជនជាតិចិននៅក្នុងក្រុមហ៊ុនមួយនេះ ត្រូវបានអ្នកភូមិប្រាប់ថា តែងតែបើករថយន្ត Pick up ហើយប្រើកាំភ្លើងដើរបាញ់គោ-ក្របីរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ប៉ុន្តែមិនមានអ្នកណាហ៊ានប្ដឹងនោះទេ ។

ទើបតែថ្មីៗនៅចុងខែកុម្ភៈនេះ ក្រុមជនជាតិចិនទាំងនោះ បានបន្តធ្វើសកម្មភាពដោយប្រើកាំភ្លើង ហើយជិះរថយន្តកៀងសត្វពាហនៈរបស់ពលរដ្ឋនៅតំបន់នោះ ហើយបាញ់សម្លាប់ និងរបួសជាច្រើនក្បាល ទើបពួកគាត់រាយការណ៍ទៅសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចក៏បានចុះទៅចាប់រឹបអូសបានត្រាក់ទរ័១គ្រឿងយកទៅរក្សាទុក ប៉ុន្តែមិនបានចាប់ឃាត់រថយន្ត Pick up របស់ជនជាតិចិននោះឡើយ ។

នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកអូគ្រៀងសែនជ័យ បានចុះទៅទីតាំងក្រុមហ៊ុនខាងលើ ដើម្បីស្រាវជ្រាវ និងជួបជាមួយក្រុមប្រជាពលរដ្ឋផ្ទាល់ តែជាយ៉ាងណា សមត្ថកិច្ចបញ្ជាក់ថា ខាងភាគីក្រុមហ៊ុនមិនបានសហការជាមួយកងកម្លាំងនោះទេ ។

ដោយឡែកលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគបាលខេត្តក្រចេះបានបញ្ជាក់ថា ចំពោះករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ពីព្រោះភាគីទាំងពីរមិនយល់ព្រមដោះស្រាយគ្នានោះឡើយ។ ចំពោះករណីជនបរទេសប្រើប្រាស់អាវុធខុសច្បាប់ លោកកំពុងតែធ្វើការស្រាវជ្រាវ និងប្រមូលព័ត៌មាន ហើយនឹងចាត់វិធានការភ្លាមបើមានករណីនេះមែន ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំក្បាលដំរី បានចោទប្រកាន់ក្រុមហ៊ុន ហ្គ្រីនអាយលែន បានប្រើកាំភ្លើងបាញ់សម្លាប់គោ-ក្របីពួកគាត់ ដោយពុំមានមូលហេតុច្បាស់លាស់ ។ កាលពីល្ងាចថ្ងៃ២៨ កុម្ភៈ ពួកគាត់បានប្រទះឃើញគោងាប់ដោយសារការបាញ់នឹងកាំភ្លើង នៅក្នុងក្រុមហ៊ុនចិន ហ្គ្រីនអាយលែន ដែលមានទីតាំងស្ថិតនៅឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។

ពលរដ្ឋរស់នៅចំណុចខាងលើ បានលើកឡើងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ថាបានប្រទះឃើញគោរបស់ពួកគាត់ងាប់ និងមានក្រុមជនជាតិចិន រួមទាំងសន្តិសុខក្នុងក្រុមហ៊ុន បម្រុងលើកគោដាក់លើត្រាក់ទ័រដើម្បីយកទៅក្រុមហ៊ុន ដោយមិនមានអាជ្ញាធរដឹងឮ ។ ក្រោយឃើញបែបនេះ ប្រជាពលរដ្ឋខាងលើ ក៏បានចូលទៅហាមឃាត់ និងបានហៅកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះចុះទៅធ្វើកំណត់ហេតុ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ លោក លន់ ហុង អធិការស្រុកអូរគ្រៀងសែនជ័យ បានឲ្យដឹងថា ករណីខាងលើនេះ លោកមិនទាន់ដឹងនោះទេ ដោយចាំសួរទៅជំនាញសិន ។

ពាក់ព័ន្ធនឹងករណីនេះ លោក ហន ប៉ូច អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឆ្លើយបំភ្លឺថា កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ ពលរដ្ឋក៏បានលើកឡើងថា វាមិនមែនជាករណីទី១ទេ ដែលក្រុមហ៊ុននេះប្រើប្រាស់កាំភ្លើងបាញ់មកលើសត្វពាហនៈនៅក្នុងតំបន់នេះ ដែលធ្វើឲ្យពលរដ្ឋមានការបាត់បង់សត្វចិញ្ចឹមជាញឹកញាប់ ។
ជុំវិញករណីបាញ់សត្វគោ-ក្របីអ្នកស្រុកងាប់នេះដែរ លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២ ខែមីនា ថា ពិតជាមានករណីបាញ់សត្វពាហនៈអ្នកស្រុកងាប់មែន ប៉ុន្តែក្រុមជនបង្កកំពុងរត់គេចខ្លួន ។

ដោយឡែកខាងតំណាងក្រុមហ៊ុន គេមិនអាចទំនាក់ទំនងសុំការបកស្រាយបានឡើយ ជុំវិញករណីបាញ់គោ-ក្របីងាប់នេះ ព្រោះគ្មានលេខទាក់ទង ។ ករណីនេះ បានកេីតឡេីងការពីរសៀលថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចម្ការចេករបស់ក្រុមហ៊ុនចិន ហ្គ្រីនអាយលែន ឬ Cambodian Banana Agriculture (CBA) ៕
ចែករំលែកព័តមាននេះ