រាជធានីភ្នំពេញ ៖ រថយន្តលាយបេតុង ១គ្រឿង ខណៈកំពុងបើកបរសុខៗ ពុំដឹងថា អ្នកបើកបរងងុយដេកហើយងោក ឬបែបណានោះទេ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទាំងកំរោល ប៉ុន្តែពុំបានបណ្ដាលឲ្យអ្នកបើកបរ រួមទាំងអ្នកដំណើរណាម្នាក់ រងរបួសឡើយ ប៉ុន្តែក្រោយមក អ្នកបើកបរនិយាយថា គាត់បើកគេចចេញពីម៉ូតូ ១គ្រឿង នៅខាងមុខ ទើបបណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់បែបនេះ ។
ឧប្បត្តិហេតុនោះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ១០៤ ស្ថិតនៅក្នុងភូមិ
ព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តលាយបេតុង ១គ្រឿង ខាងលើ ពណ៍សឆ្នូតក្រហម បើកបរធ្វើដំណើរក្នុងល្បឿនលឿន និងក្នុងទិសដៅពីកើតទៅលិច។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ពុំដឹងថា មានអ្វីកើតឡើងនោះទេ ក៏ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ រួចក៏ក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយគ្មានទឹក ទាំងកំរោ បណ្ដាលឲ្យរងការខូចខាត និងចាក់បេតុងខ្លះៗចោលក្នុងប្រឡាយខាងលើ ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងបន្តទៀតថា ភ្លាមៗនោះ ពួកគាត់បានរត់ទៅមើល ក្រែងរថយន្តនោះបើកបុកអ្នកដើរតាមផ្លូវ ឬអ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់ ឬរងរបួស។ ប៉ុន្តែពេលទៅដល់អត់មានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ គឺខូចតែរថយន្តប៉ុណ្ណោះ ហើយអ្នកបើកបរ ក៏គ្មានរបួសដែរ និងបានលូនចេញពីក្នុងរថយន្ត ដោយសុវត្ថិភាព ។
ដោយឡែកបុរសអ្នកបើកបររថយន្តខាងលើ បានប្រាប់ដោយខ្លឺថា គ្រោះថ្នាក់ខាងលើនេះបណ្ដាលមកពីគាត់ បើកគេចចេញពីម៉ូតូ ១គ្រឿងនៅខាងមុខ ប៉ុន្តែគាត់មិនបានបញ្ជាក់ប្រាប់ថា ម៉ូតូនោះ ជិះដោយរបៀបយ៉ាងម៉េច ជិះឆ្លងកាត់ពីមុខរថយន្តគាត់ ជិះបញ្ច្រាសទិសគ្នា ជិះវ៉ាជែង ឬក*ជិះបែបណានោះឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រលួស បានចុះទៅពិនិត្យជាក់ស្តែង ហើយបន្ទាប់ពីបានឃើញថា រថយន្តនោះជួបឧប្បត្តិហេតុធ្លាក់ផ្លូវក្រឡាប់ចូលទៅក្នុងប្រឡាយដោយខ្លួនឯង មិនបានបង្កការប៉ះពាល់ដល់សម្បត្តិឯកជន សម្បត្តិរដ្ឋ និងធ្វើឲ្យអ្នកដទៃមានគ្រោះថ្នាក់នោះ ក៏បានសម្រេចឲ្យម្ចាស់ ហៅរថយន្តស្ទូច ទៅស្ទូចយករថយន្តនោះ ទៅធ្វើការជួសជុលឡើងវិញ ដោយខ្លួនឯង ៕




ចែករំលែកព័តមាននេះ