ខេត្តស្វាយរៀង៖នាយឧត្តមសេនីយ៍សៅសុខា បានគាំទ្រ ប្រជាកសិករក្នុងការផ្តួចផ្តើមចងក្រងសហគមន៍ដាំបន្លែ នៅ ឃុំស្វាយរំពារព្រមទាំងផ្តល់ទុនសម្រាប់សង់ផ្ទះសំណាញ់ដើម្បីធានាបន្លែសុវត្ថិភាព ហើយបានទំនាក់ទំនងក្រុមវិនិយោគចិន ឲ្យមកជួយរកទីផ្សារបន្លែ ជូនប្រជាកសិករ ទៀតផង។ឃុំស្វាយរំពារគឺជាឃុំមួយក្នុងចំណោមឃុំទាំង៩របស់ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋនៅឃុំនេះ ពីមុនមានមុខរបរធ្វើស្រែ ធ្វើការងារសំណង់ និងចិញ្ចឹមសត្វ តែការដាំបន្លែមិនសូវជា ផុសផុលនោះឡើយ។ ការងារមុខរបរប្រចាំថ្ងៃនេះ មិនសូវបានជួយរុញច្រានជីវភាពរបស់ពួកគាត់ឲ្យធូរធារនោះឡើយ។
ដោយចង់ឃើញជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំ មានជីវភាពកាន់តែប្រសើរ និងមានចំណូលកាន់តែកើនឡើង ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង ក៏បានផ្តួចផ្តើមឲ្យចងក្រងបង្កើតសហគមន៍ដាំបន្លែមួយនៅក្នុងឃុំ សម្រាប់យកទៅចែកចាយ និងផ្គត់ផ្គង់តាមទីផ្សារ រួមទាំងតំបន់សេដ្ឋកិច្ច ពិសេសដែលសំបូរទៅដោយរោងចក្រសហគ្រាសនិងកាស៊ីណូ ដែលមានតម្រូវការបន្លែច្រើន ជាពិសេសបន្លែសុវត្ថិភាព។
បើតាមតំណាងសហគមន៍បានឲ្យដឹងថា ក្រោយមានការផ្តួចផ្តើមពីឯកឧត្តមសៅសុខា សហមគន៍ដាំបន្លែមួយត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានឈ្មោះ «សហគមន៍អភិវឌ្ឍន៍បន្ថែភូមិស្វាយធំ»។ សហគមន៍នេះមានលោក ឡឹក ប៊ុនធឺន អាយុ៣៨ឆ្នាំ ជាប្រធាន និងមកដល់ពេលនេះ មានសមាជិកចំនួន៨៥គ្រួសារហើយ ដែលបានចូលរួម ក្រោយមើលឃើញថា សហគមន៍មួយនេះ ពិតជាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ពួកគាត់ តាមរយៈការដាំបន្លែដែលមានការណែនាំ បណ្តុះបណ្តាលមួយយ៉ាងត្រឹមត្រូវពីមន្ត្រីកសិកម្ម ហើយនាំឲ្យទិន្នផលកើនឡើង និងលក់បានចំណូលប្រចាំថ្ងៃយ៉ាងច្រើនទៀតផង។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារចុះពង្រឹងស្រុកស្វាយទាប បាននាំអ្នកវិនិយោគចិនមួយក្រុមនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ចុះទៅពិនិត្យមើលជាក់ស្តែងការដាំបន្លែរបស់ បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំ ស្វាយរំពារ គោលបំណងឲ្យក្រុមវិនិយោគចិន ទទួលយកបន្លែ ទៅធ្វើការចែកចាយបន្ថែមពីបងប្អូនកសិករ ក្រៅពីការចែកចាយទៅតាមទីផ្សារនៅក្នុងខេត្ត។
ប្រភពបន្តថានៅពេលចុះពិនិត្យមើលជាក់ស្តែង ដោយមានបទបង្ហាញ និងការរៀបរាប់ពីប្រធានសហគមន៍, អ្នកវិនិយោគចិនទាំងនោះ បង្ហាញការពេញចិត្តចំពោះអ្វីដែលនាយឧត្តមសេនីយ៍ សៅ សុខា បានរៀបចំសហគមន៍នេះឡើង និងបង្ហាញការ គាំទ្រសម្រាប់ការផ្តល់ទីផ្សារមួយ ជូនបងប្អូនប្រជាកសិករដាំបន្លែទាំងនេះ។ ជារួម អ្វីដែលកសិករចង់បានបំផុតសម្រាប់វិស័យកសិកម្ម មិនថាស្រូវ បន្លែ និងដាំណាំអ្វីផ្សេងនោះទេ គឺពួកគាត់ចង់បានទីផ្សារ និងមានតម្លៃឲ្យច្បាស់លាស់។ បើដាំបានហើយ មិនមានទីផ្សារសម្រាប់ចែកចាយ ជាមួយតម្លៃដែលមិនអាចទទួលយកបាននោះទេ ទោះមន្ត្រីកសិកម្មផ្តល់ការណែនាំ បង្រៀនបច្ចេកទេស និងផ្តល់ពូជល្អៗយ៉ាងណាក៏ពិបាកនឹងសម្រេចបានដែរ។
ជាឥស្សរជនម្នាក់ដែលមានការគិតគូរដល់ជាតិ និងប្រជាជនតាំងពីនៅជាយុវជន, នាយឧត្តមសេនីយ៍ សៅ សុខា ចង់មើលឃើញថា ទៅថ្ងៃមុខនៅពេលការអភិវឌ្ឍន៍វិស័យកសិកម្មកាន់តែខ្លាំង ។ការដាំបន្លែរបស់អ្នកស្រុកនៅឃុំស្វាយរំពារ កាន់តែផុសផុល នោះបន្លែនាំចូលពីវៀតណាមនឹងត្រូវកាត់បន្ថយច្រើន ហើយពលរដ្ឋក៏កាន់តែមានជីវភាពធូរធារ។
ជាមួយនឹងការបង្កើតសហគមន៍នេះ នាយឧត្តមសេនីយ៍ សៅ សុខា មានផែនការឧបត្ថម្ភទុនជូនបងប្អូនប្រជាកសិករ រួមជាមួយប្រព័ន្ធស្រោចស្រពទឹកទៀតផង។ នៅចំពោះមុខក្រុមវិនិយោគទុនចិន ដែលមកពិនិត្យសហគមន៍ដាំបន្លែ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា «ខ្ញុំគាំទ្រទុនសម្រាប់ការដាំដុះនះ ខ្ញុំអត់យកប្រាក់ចំណេញទេ ហើយធ្វើយ៉ាងណាឲ្យមានអ្នកទិញ ដើម្បីឲ្យអ្នកដាំមានកម្លាំងដាំ កុំឲ្យពួកគាត់ខាត»។
លោក ឡឹក ប៊ុនធឺន ប្រធានសហគមន៍អភិវឌ្ឍន៍បន្លែភូមិស្វាយធំ បានប្រាប់អ្នកព័ត៌មានយើងថា គិតត្រឹមពេលនេះសហគមន៍មានសមាជិកចំនួន៨៥គ្រួសារ ដែលខ្លះមានដីចាប់ពី១០អា ដល់២ហិកតា ហើយអាចរក ប្រាក់ចំណូលប្រចាំថ្ងៃចាប់ ពី៥ម៉ឺនរៀលទៅ ១០ម៉ឺនរៀល និងរហូតដល់២០ម៉ឺនរៀលទៀតផង។
ប្រធានសហគមន៍រូបនេះ បានបញ្ជាក់ទៀតថា ពីមុនបងប្អូននៅក្នុងភូមិធ្វើការងារសំណង់ ធ្វើស្រែ ចិញ្ចឹមសត្វ និងធ្វើការរោងចក្រ តែពេលនេះភាគច្រើនចាប់ផ្តើមងាកមកដាំបន្លែវិញ ដោយសារអាចរកប្រាក់ចំណូលបានគ្រាន់បើ ធ្វើឲ្យជីវភាពកាន់តែធូរធារ។
លោក ឡឹក ប៊ុនធឺន បន្តទៀតថា បន្លែដែលបងប្អូនដាំរាល់ថ្ងៃមានស្ពៃក្តោប ស្ពៃក្រញ៉ាញ់ ស្ពៃតឿ ឆៃថាវ ត្រសក់ ខ្ទឹម និងជីជាដើម ដែលមួយថ្ងៃសម្រាប់សហគមន៍ទាំងមូលអាចចែកចាយបន្លែបានប្រមាណ២តោន។ លោកប្រធានសហគមន៍ មានប្រសាសន៍ថា គាត់មានកូន២នាក់នៅក្នុងបន្ទុកគ្រួសារ ពីមុនជាកម្មករសំណង់ ហើយបានដាំបន្លែតែបរាជ័យ៤ឆ្នាំ ព្រោះតែមិនមានការណែនាំ និងផ្តល់ការគាំទ្រ ។លោកបានបង្ហាញអារម្មណ៍ និងរីករាយយ៉ាងខ្លាំងចំពោះការជួយឧបត្ថម្ភ និងការផ្តួច ផ្តើមចងក្រងសហគមន៍បន្លែរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលចង់ឲ្យប្រជាជននៅឃុំស្វាយរំពារមានជីវភាពប្រសើរឡើង។
លោក ឡឹក ប៊ុនធឺន បានថ្លែងថា «ក្រោយពីមានការបង្កើតសហគមន៍ ដែលផ្តួចផ្តើមឡើងដោយឯកឧត្តម សៅ សុខា មកបងប្អូនយើងខ្លះបានងាកពីការងារសំណង់ ការងាររោងចក្រ មកដាំបន្លែវិញ»។ គោលបំណងដែលបង្កើតសហគមន៍មួយនេះ ព្រោះលោកនាយឧត្តមសេនីយ៍ សៅ សុខា ចង់ឲ្យប្រជាជននៅក្នុងស្រុករបស់គាត់មានការងារធ្វើ, មានប្រាក់ចំណូលដើម្បីផ្តត់ផ្គង់គ្រួសារ និងកាត់បន្ថយចំណាកស្រុកទៅធ្វើការ នៅក្រៅខេត្ត។
ប្រជាពលរដ្ឋមានការពេញចិត្ត មានកាគាំទ្រ និងរីករាយ៉ាងខ្លាំងសូមថ្លែងអំណគុណចំពោះឯកឧត្តមសៅសុខា បានផ្តួចផ្តមបង្កើតសហគមន៍ដាំបន្លែនេះ ហើយបានផ្តល់ទុនទើបការបង្កើតរយៈពេលខ្លី ទទួលបានជោគជ័យ មានអ្នកចូលរួមជាសមាជិកច្រើន។ លោកបន្តថា ពេលបង្កើតដំបូងមានអ្នកចូលរួមប្រមាណ១៥គ្រួសារ តែពេលនេះមានអ្នកចូលរួមរហូតដល់៨៥គ្រួសារ»។
ដោយឡែកលោក រ៉ង សុគន្ធរ័ត្ន មន្ត្រីកសិកម្មប្រចាំឃុំស្វាយរំពារ បានឲ្យដឹងថា លោកពេញចិត្ត និងគាំទ្រចំពោះការបង្កើតសហគមន៍បន្លែ របស់លោកនាយឧត្តមសេនីយ៍សៅសុខា ដែលធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងភូមិមានការងារធ្វើ ហើយអាចរកប្រាក់ចំណូលកាន់តែប្រសើរដល់ការផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់។
លោក សុគន្ធរ័ត្ន បានបញ្ជាក់ពីការងារប្រចាំថ្ងៃរបស់លោកសម្រាប់ជួយដល់កសិករ គឺការណែនាំពួកគាត់ឲ្យយល់ដឹងពីការប្រើថ្នាំ ការប្រើប្រាស់ជី ការជ្រើសរើសពូជ ការបង្វិលដាំមុខបន្លែ (មុនដាំត្រសក់ បន្ទាប់មកដាំស្ពៃវិញ) ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ជី និងយល់ដឹងពីរដូវកាលនៃការដាំដុះ។មន្ត្រីកសិកម្មប្រចាំឃុំ បានបញ្ជាក់ថា សម្រាប់សហគមន៍ដាំបន្លែមួយនេះ មានផ្ទៃដីដាំដុះចំនួន១២ហិកតា នៅរដូវវស្សា និងនៅរដូវប្រាំងមាន១៥ហិកតា ហើយរាល់ថ្ងៃសហគមន៍មាន៨៥គ្រួសារ និងមានតំណាងប្រមូលទិញ មានចំនួន៩គ្រួសារ (៩គ្រួសារ ដាំផង ប្រមូលទិញផង)។
លោកបានបន្តថា «ពីមុនបងប្អូនយើងដាំតាមទម្លាប់ គឺដាំសម្រាប់ហូប តែពេលនេះ ក្រោយទទួលបានការណែនាំ និងផុ្តល់បច្ចេកទេសនៃការដាំដុះ ពួកគាត់អាចដាំរហូតអាចផ្តត់ផ្តង់ទីផ្សារបានទៀត»។ពីមុនពួកគាត់ធ្លាប់តែធ្វើការងារ នៅរដូវវស្សារួចហើយគាត់បោះបង់ចោល ហើយខ្លះទៅធ្វើការចំណាកស្រុក តែពេលនេះយើងបានដាំបន្លែបង្ការ ពួកគាត់បានវិលពីការចំណាកស្រុក មកស្រុកកំណើតវិញបង្កបង្កើនផល។ អ្នកដែលទៅធ្វើការជាកម្មកររោងច ក្រ ពួកគាត់ហត់នឿយពេក ហើយបើប្រៀបធៀបនឹងបន្លែដែលគាត់ដាំ គឺគាត់ឈប់ពីរោងចក្រងាមកដាំបន្លែវិញ»។
នៅពេលបងប្អូនយើងចូលសហគមន៍កាន់តែច្រើន និងការពង្រីកការដាំដុះកាន់តែខ្លាំង ហើយ ចង់ឲ្យប្រជាកសិករផលិតជីធម្មជាតិសម្រាប់ប្រើប្រាស់ដោយខ្លួនឯង និងចង់បានទុនវិនិយោគ បង្កើត«ផ្ទះសំណាញ់» នៅតាមមូលដ្ឋាន ដើម្បីធានា សុវត្ថិភាពបន្លែ «បន្លែសិរីរាង្គ»។
នេះជា ការគិតគូរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការលើកកម្ពស់ជីវភាពរបស់បប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែប្រសើរឡើង ហើយលោកបានប្តេជ្ញានឹងជួយឧបត្ថម្ភទុន រួមទាំងប្រពន្ធ័ទឹកស្រោចស្រប់និងសម្ភារកសិកម្មផ្សេងៗដល់កសិករ នៅក្នុងការងារដាំបន្លែនេះ កាន់តែសាយភាយ ហើយពិសេសនោះលោកចង់ឃើញប្រជាជនមានភាពរីករាយនៅក្នុងជីវ ភាពប្រចាំថ្ងៃ ដែលនឹងចូលរួមអភិវឌ្ឍន៍សង្គមជាតិកាន់តែរីកចំរើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងកំពុងកាច់ចង្កូចដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕




















ចែករំលែកព័តមាននេះ