រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ អ្នកជំនាញខាងកីឡាប្រដាល់បានមើលឃើញថា អ្នក
ប្រដាល់កំពុងតែមានហាងឆេងខ្ពស់ធឿន ធារ៉ា កំពុងតែវិវត្តខ្លួនក្លាយទៅជាកីឡាករគុនខ្មែរដំបូងគេដែលមានលក្ខណៈអាជីព ១០០% ។
ការមើលឃើញបែបនេះដោយសារតែកីឡាកររូបនេះសម្ងំហ្វឹកហាត់យ៉ាងស្ងប់ស្ងាត់រហូតដល់
ទៅ២ខែទើបឡើងប្រកួតម្តង ប៉ុន្តែតម្លៃខ្លួនរបស់គេខ្ពស់ស្មើកីឡាករផ្សេងឡើងវាយ៣-៤ប្រកួតឯណោះ។
ធឿន ធារ៉ា ប៉ិនប្រសប់ក្នុងការប្រើកែងដ៏មុតស្រួចរបស់ខ្លួន ពេលឡើងប្រកួតម្ដងៗតែងតែធ្វើឲ្យគូប្រកួតរងរបួសបែកមុខមាត់ជៀសមិនផុតរហូតទទួលរហស្សនាមអ្នកលេងពូថៅដៃពិឃាតទៀតផង ។ បន្ទាប់ពីតស៊ូក្រាញននៀលនឹងអាជីពឈឺសាច់មួយនេះរហូតទទួលជោគជ័យជាបន្តបន្ទាប់ កេរ្តិ៍ឈ្មោះរបស់គេកាន់តែល្បីរហូតនៅឆ្នាំ២០២៤ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តីForbesដាក់បញ្ចូលក្នុងបញ្ជី «30 Under 30 Asia» ក្នុងប្រភេទកីឡា និងកម្សាន្តផងដែរ។
Forbes បានលើកឡើងពីប្រវត្តិនិងស្នាដៃរបស់ធឿន ធារ៉ា ក្នុងសំណេររបស់ខ្លួនថា ថ្វីត្បិតតែគុនខ្មែររបស់កម្ពុជាហាក់ពុំសូវមានប្រជាប្រិយភាពដូច Muay Thai របស់ថៃក៏ដោយ ក៏ធឿន ធារ៉ា កំពុងជួយកីឡានេះឱ្យមានការទទួលស្គាល់ និងឈ្នះពានកំពូលផ្សេងៗ។
តាំងពីអាយុ១០ឆ្នាំមក លោក ធឿន ធារ៉ា បានជួយគ្រួសាររបស់លោកទាំងក្នុងប្រទេសកម្ពុជា និងជាពលករចំណាកស្រុកនៅប្រទេសថៃ រហូតដល់លោកបានចូលហាត់គុនខ្មែរនៅភ្នំពេញនៅអាយុ១៥ឆ្នាំ ។ នៅឆ្នាំ២០១៨ លោកបានចូលក្រុមជម្រើសជាតិគុនខ្មែរ ហើយនៅខែមករា ឆ្នាំ២០២៣ ដោយសារកណ្តាប់ដៃពិឃាតរបស់លោក ធឿន ធារ៉ា បានយកឈ្នះអ្នកប្រដាល់លំដាប់កំពូលទាំង២របស់ថៃ ក្លាយខ្លួនជាកីឡាករកំពូលលំដាប់ពិភពលោកសម្រាប់កីឡាប្រភេទនេះ។
គួរឱ្យដឹងផងដែរថា ធឿន ធារ៉ា ជាកូនប្រុសតែមួយគត់ក្នុងគ្រួសារដែលមានកូនបួននាក់ ។ ធឿន ធារ៉ា មិនមានឱកាសរៀនសូត្រឡើយ គាត់បានចាកចេញពីស្រុកកំណើតនៅខេត្តព្រៃវែងទៅរស់នៅប្រទេសថៃជាមួយឪពុកម្តាយរបស់គាត់កាលពីក្មេង ហើយគាត់បានធំឡើងមើលឪពុកម្តាយរបស់គាត់ធ្វើការជាកម្មករឈើយ៉ាងលំបាកសម្រាប់អាជីវកម្មនៅខេត្តសារ៉ាបុរី។
នៅអាយុ១០ឆ្នាំ គាត់បានសម្រេចចិត្តធ្វើការនៅក្នុងហាងនំប៉័ងមួយកន្លែង ដែលគាត់រកបាន ៣០០ បាតក្នុងមួយថ្ងៃ ។ ក្រៅពីធ្វើការពេញម៉ោងចាប់ពីម៉ោង ៧ ព្រឹកដល់ពាក់កណ្តាលអធ្រាត្រ ធារ៉ា ក៏ធ្វើការបន្ថែមម៉ោងរហូតដល់ម៉ោង១១យប់ ដើម្បីរកប្រាក់បាន ៥០០០ បាតក្នុងមួយខែ (១៥០ដុល្លារ) ។ នៅពេល ធឿនធារ៉ា មានអាយុ ១៥ ឆ្នាំ (ក្នុងឆ្នាំ ២០១៣) គាត់បានទៅលេងស្រុកកំណើតនៅខេត្តព្រៃវែងជាមួយឪពុកម្តាយ ហើយពួកគេបានសម្រេចចិត្តមកស្នាក់នៅក្នុងប្រទេសកម្ពុជា និងធ្វើការរកស៊ីផលិតឥដ្ឋនៅក្បែរនោះ។
ធឿន ធារ៉ា និងឪពុកម្តាយបានសម្រេចចិត្តត្រឡប់ទៅប្រទេសថៃវិញដើម្បីធ្វើការម្តងទៀតក្នុងឆ្នាំ ២០១៦ ដែលពួកគេទាំងពីរទទួលបានការងារជាជាងដែក ទូដែក។ ពួកគេធ្វើការលើការកុម្ម៉ង់របស់អតិថិជន ហើយការងារថ្មីជួយសន្សំសំចៃពួកគេបន្តិច ខណៈដែលពួកគេរកបាន ១៥០០០បាតក្នុងមួយខែ។ ជាអកុសល ការងារថ្មីនេះមានរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ មុនពេលពួកគេអត់ការងារធ្វើម្តងទៀត ដែលបង្ខំឱ្យ ធារ៉ា និងឪពុកម្តាយរបស់គាត់ ផ្លាស់មកកម្ពុជាវិញនៅឆ្នាំ ២០១៧ ហើយ ធារ៉ា មកធ្វើការជាកម្មករសំណង់នៅភ្នំពេញម្តងទៀត ដោយរកបានត្រឹមតែ ៤០០០០ រៀលក្នុងមួយថ្ងៃ។
ពេលកំពុងធ្វើការសំណង់ ធារ៉ា ត្រូវបានមិត្តភក្តិណែនាំឲ្យទៅហ្វឹកហាត់នៅក្លិបប្រដាល់ក្រសួងកសិកម្ម ក្បែរផ្សារទំនើបអុីអនភ្នំពេញ ជាមួយគ្រូបង្គោល យុទ្ធ ភូថង ដែលជាប្រធានក្លិបផងដែរ។ ជាមួយនឹងកម្លាំងកាយសម្បទាពីកំណើត ក៏ដូចជាកម្លាំងដែលទទួលបានតាមរយៈការខិតខំប្រឹងប្រែងជាកម្មករ ធារ៉ា អាចអភិវឌ្ឍជំនាញបានយ៉ាងឆាប់រហ័ស និងបានបង្ហាញខ្លួនជាលើកដំបូងនៅលើសង្វៀនឯកជនមួយក្នុងខែមិថុនា ឆ្នាំ២០១៧ ។ គាត់បានបញ្ចប់ឆ្នាំដោយមិនស្គាល់ចាញ់បន្ទាប់ពីឈ្នះប្រាំបួនប្រកួតជាប់គ្នា និងទទួលបានលទ្ធផលស្មើ។
លោក អេ ភូថង ជាគ្រូបង្វឹករបស់ ធឿន ធារ៉ា ដែលមានក្លិបសម្ព័ន្ធមិត្តនៅប្រទេសថៃ បានសម្រេចចិត្តបញ្ជូន ធារ៉ា ទៅហ្វឹកហាត់ និងប្រកួតនៅប្រទេសនេះ ។ ចាប់ពីឆ្នាំ ២០១៨ ដល់ដើមឆ្នាំ ២០២០ ធារ៉ា បានជួបកីឡាករល្បីៗជាច្រើន ជាពិសេសអ្នកប្រដាល់ថៃដោយវាយឈ្នះជាង៣០ដង។ ក្នុងរយៈពេលជាង២ឆ្នាំនៅប្រទេសថៃ ធារ៉ា បានសាងកេរ្តិ៍ឈ្មោះ និងធ្វើឲ្យអ្នកគាំទ្រកម្ពុជា ចង់បានការវិលមកកម្ពុជាវិញ ដែលចុងក្រោយលោកបានធ្វើនៅពាក់កណ្តាលឆ្នាំ ២០២០។
ការវិលមកប្រដាល់គុនខ្មែរដំបូងរបស់ ធារ៉ា មិនដូចអ្វីដែលមនុស្សជាច្រើនរំពឹងទុកនោះទេ ព្រោះបន្ទាប់ពីឡើងសង្វៀនបាន៤ដងរួចមក គាត់ត្រូវសម្រាករយៈពេលយូរដោយសាររបួស ប៉ុន្តែក្រោយមកនៅចុងឆ្នាំ ២០២២ គាត់បានធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំងក្នុងការប្រកួតដណ្តើមខ្សែក្រវាត់របស់ស្តេចថៃ នៅពេលដែលគេប្រើកែងយ៉ាងប៉ិនប្រសប់ ធ្វើឱ្យមានស្នាមរបួសធំចំភ្នែកស្តាំរបស់អ្នកប្រដាល់ថៃ Saiyok Sakchainrong បណ្តាលឱ្យហូរឈាមមិនឈប់ រហូតគ្រូពេទ្យបង្ខំឱ្យឈប់ប្រកួតក្នុងទឹកទី១ ។
លើសពីការឈ្នះពាន និងខ្សែក្រវាត់ក្នុងកម្មវិធីស្តេចថៃធឿន ធារ៉ា ទទួលបានប្រាក់រង្វាន់ផ្លូវការសរុបជិត៣ម៉ឺនដុល្លារ បូករួមទាំងអំណោយជាច្រើនពីអ្នកគាំទ្រកីឡាប្រដាល់ក្នុងស្រុក រួមទាំងប្រាក់ចំនួន ១០០០០ដុល្លារអាមេរិក។
បន្ទាប់ពីយកឈ្នះអ្នកប្រដាល់ថៃ Saiyok ក្នុងប្រភេទទម្ងន់ ៧២,៥ គីឡូក្រាម ធារ៉ា បានបន្តយកឈ្នះកីឡាករថៃ Beckham ដោយពិន្ទុនៅលើសង្វៀន Town Arena។ ក្រោយទទួលបានជ័យជម្នះ WMO សម្រេចទទួលស្គាល់ក្បាច់គុនខ្មែរ ហើយដាក់ធារ៉ាឲ្យឈរនៅលេខរៀងទី១ ក្នុងប្រភេទទម្ងន់ ៧២,៥ គីឡូក្រាម។
ប៉ុន្តែពេលនេះ ធារ៉ា បានធ្លាក់មកលេខ២ ដោយ Youssef Boughanem មកពីបែលហ្ស៊ិក ជាប់លេខ១ Beckham លេខ៣ David Pennimpede របស់អាមេរិកនៅលេខ៤ និង Saiyok លេខ៥។
ទោះជាយ៉ាងនេះក្តី ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀនទូរទស្សន៍ភីអិនអិន ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ធារ៉ា បានផ្តួលអ្នកប្រដាល់ថៃជើងខ្លាំងម្នាក់ទៀត គឺ គង់ គៀតណាវី ក្នុងទឹកទី៥ ដែលបង្ហាញថា គេគ្មានចេតនាបោះបង់តំណែងលេខ១ក្នុងរយៈពេលយូរនោះទេ។ យ៉ាងណាមិញ ធារ៉ា និយាយថា ខ្លួនមានមហិច្ឆតាចង់ឈ្នះពានក្នុងព្រឹត្តិការណ៍ធំជាងនេះលើឆាកអន្តរជាតិ ។ គោលដៅបន្ទាប់របស់គេគឺការឈ្នះពានមួយក្នុងព្រឹត្តិការណ៍ ONE Championship។ ដោយឡែក នៅឆ្នាំ២០២៤ ធឿនធារ៉ា ដែលជាអ្នកប្រដាល់គុនខ្មែរដ៏ល្បីក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី «30 Under 30 Asia» ក្នុងប្រភេទកីឡា និងកម្សាន្តផងដែរ៕

ចែករំលែកព័តមាននេះ