ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលពី៤ខែមុន ស្រ្តីម្នាក់យកកូនរកអ្នកជួយចិញ្ចឹមពេលនេះផ្អើលថា នាងទុកកូនចោលក្នុងដី​ឡូ​ត៌​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ឈ្មោះ សេង សម្ផស្ស អាយុ​៣២​ឆ្នាំ អតីត​កម្មការិនី​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ឈ្មោះ សេង សម្ផស្ស អាយុ​៣២​ឆ្នាំ អតីត​កម្មការិនី​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ សព្វថ្ងៃ​រស់នៅ​ភូមិ​ព្រៃ​ក្រោយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​ជួប​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ចាន់ សុ​ភ័ក្ត្រ ហៅ​តា​ស្រ​ម៉ូ​ម អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ក្នុង​ពេល​ទៅ​លេង​ហ្គេ​ម​អន​ឡាញ​ជួប​គ្នា ។

ប៉ុន្តែ​តា​ស្រ​ម៉ូ​ម​នោះ​មាន​ប្រពន្ធ និង​កូន​រួច​ទៅ​ហើយ ដោយ​បាន​ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​អ្នក​ទាំង​២​បាន​បង្កើត​បានកូន​ស្រី​ម្នាក់ និង​កូនប្រុស​ម្នាក់ ។ ប៉ុន្តែ​តា​ស្រ​ម៉ូ​ម​ដែល​ជា​ប្ដី​ហេងស៊យ​អត់​ទទួលខុសត្រូវ​លើ​រូប​នាង​ទេ ហើយ​កូនស្រី​ម្នាក់​ត្រូវ​បាន​បងប្អូន​នាង​ជួយ​យក​ទៅ​ចិញ្ចឹម​នៅ​សល់​កូនប្រុស នាង​ទៀត​នាង​គ្មាន​លទ្ធភាព គិតតែ​ពី​ដើរ​យក​ឲ្យ​គេ​ជួយ​ចិញ្ចឹម និង​ប្រុង​យក​ទៅ​បោះចោល​ដុត​ចោល ។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ត​ទៀត​ថា ពួក​គាត់​នៅ​ចាំ​បាន​ថា កាលពី​៤​ខែ​មុន ក្នុង​អំឡុង​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដែល​ពេល​នោះ​កូនប្រុស​របស់​នាង​ទើបតែ​មាន​អាយុ​ជាង​១​ខែ​ប៉ុណ្ណោះ នាង​បាន​បីកូន​ដើរទៅ​រក​ស្ត្រី​អ្នក​រើស​អេ​ត​ចាយ​ម្នាក់ និង​អ្នក​ដទៃ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ជួយ​ចិញ្ចឹម​កូន​នាង​ទាំង​យប់ ប៉ុន្តែ​ពេល​នោះ​គ្មាន​នរណា​ទទួលយក​ទៅ​ចិញ្ចឹម​ឡើយ ។

បន្ទាប់​មក​នាង​បាន​ទុក​កូន​ចោល​នៅ និង​ផ្ទះ​អ្នក​រើស​អេ​ត​ចាយ​ជា​ច្រើន​ម៉ោង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ចោមរោម​មើល ហើយ​ពេល​នោះ​ទំនងជា​មិន​ដាច់​ចិត្ត ក្រោយមក​នាង​ក៏​បាន​ត្រឡប់​ទៅ​យក​កូន​វិញ ។ ខណៈនោះ​ដែរ លោក​មេ​ភូមិ​ត្រពាំង​ពោធិ៍ និង​ប្រជា​ការពារ​សង្កាត់​បាន​ជួយ​ឧបត្ថម្ភ​លុយ​ខ្លះ និង​ធ្វើការ​ណែនាំ​កុំ​ឲ្យ​នាង​បោះបង់​កូន​ចោល​ទើប​នាង​ស្ងប់ចិត្ត ហើយ​នាំ​កូន​ចាកចេញ​ទៅ​បាត់​ទៅ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដោយឡែក នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០២ ខែ​មិ​នា ឆ្នាំ​២០២៥ ស្រាប់តែ​នាង​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្ដងទៀត ដោយ​លើក​នេះ​ស្ត្រី​រូប​នោះ និង​ឈ្មោះ ចាន់ សុ​ភ័ក្ត្រ ហៅ​តា​ស្រ​ម៉ូ​ម ជា​ប្ដី​បាន​ឈ្លោះប្រកែក​គ្នា​បែកផ្សែង រឿង​លោក​ប្ដី​ហេងស៊យ សក់​ពណ៌​ទង់ដែង​វែង​ដាប​ស្មា​រូប​នោះ អត់​ផ្ដល់​លុយ​ឲ្យ​សម្រាប់​ទិញ​ទឹកដោះគោ​ឲ្យ​កូន​បៅ ។ ខណៈនោះ​នាង​បាន​ដេញ​វាយ និង​រើស​ដុំ​ថ្ម​គប់ ព្រមទាំង​ជេរ​ប្ដី​ផ្អើល​តាម​ដងផ្លូវ​ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ក្រោយមក​នាង​ក៏​បាន​យក​ក្រដាស់​ខ្ចប់​កូនប្រុស អាយុ​ជាង​៥​ខែ​យក​ទៅ​បោះចោល នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ក្នុងភូមិ​ខាងលើ ហើយ​ក៏​មាន​ប្រភព​ខ្លះ​ទៀត​ថា នាង​ប្រុង​ដុត​ស​ម្លា​.​ប់​កូន​ចោល​ទាំង​រស់​ថែម​ទៀត​ផង ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ប៉ុន្តែ​ពេល​នោះ ត្រូវ​បាន​អ្នក​ភូមិ​ឃើញ​ហើយ​បាន​ជួយ​សង្គ្រោះ​កូនប្រុស​នោះ​ទាន់​ពេល រួច​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ដើម្បី​យក​កូនប្រុស​ម្នាក់​នោះ​ទៅ​ថែរក្សា​បណ្ដោះអាសន្ន​រង់ចាំ​ប្រគល់​ឲ្យ​ទៅ​មន្ទីរ​សង្គមកិច្ច និង​យុវ​និ​តិ​សម្បទា​រាជធានី​ភ្នំពេញ​ទៅ​ទទួលយក​ទៅ​ចិញ្ចឹម ។

លោក​ប្ដី​របស់​នាង​ម្នាក់​នោះ​គ្មាន​មុខរបរ​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​ញៀ​.​ន​នឹង​ការ​លេងល្បែង​ហ្គេ​ម​អន​ឡាញ ហើយ​ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​ស្វែងរក​ប្ដី​ប្រពន្ធ​២​នាក់​នោះ ដើម្បី​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ​ដែរ ប៉ុន្តែ​ភ្លាម​ៗ​នោះ​អ្នក​ទាំង​២​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ពី​កន្លែង​កើតហេតុ ។

ដោយឡែក នៅ​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃ​ទី​០២ ខែ​មិ​នា ដដែល​នោះ​សមត្ថកិច្ច​បាន​តាម​ហៅ​ស្ត្រី​ខាងលើ និង​បុរស​ជា​ប្ដី​ឲ្យ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ជួប​ជាមួយ​អាជ្ញាធរ​សង្កាត់ នគរបាល និង​មន្ត្រី​នៃ​មន្ទីរ​សង្គមកិច្ច ហើយ​នាង​លើក​កូន​ពី​ក្នុង​អង្រឹង​ដែល​អាជ្ញាធរ​ចង​ឲ្យ​ដេក​មក​បី​ឱប ហើយ​នាង​បាន​ប្រកែក​យ៉ាង​ដាច់អហង្កា​ថា នាង​មិន​បាន​យក​កូន​ទៅ​ដុត​ចោល​ទាំង​រស់​ដូច​ពាក្យ​ចចាមអារ៉ាម​ខាងលើ​នោះ​ទេ ហើយ​នាង​ក៏​មិន​មានចិត្ត​សាហាវឃោរឃៅ​ដល់​ថ្នាក់​នោះ​ដែរ ។

តាម​ពិត​នាង​គ្រាន់តែ​យក​កូន​ទៅ​ទុក​ចោល​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​ប៉ុណ្ណោះ ហើយ​ការ​ដែល​នាង​ធ្វើ​បែប​នេះ ក៏​ព្រោះតែ​នាង​ឈ្លោះប្រកែក​ជាមួយ​ប្ដី ព្រោះ​ប្ដី​នាង​អត់​ជួយ​ផ្ដល់​ប្រាក់​ឲ្យ​នាង ដើម្បី​ទិញ​ទឹកដោះគោ​ឲ្យ​កូន​បៅ​សោះ ទុក​ឲ្យ​នាង​ចិញ្ចឹម​កូ​តែ​ម្នាក់ឯង​ទាំង​លំបាកលំបិន ហើយ​ពេល​នេះ​កូនប្រុស​នាង​មាន​អាយុ​ជាង​៥​ខែ​ហើយ ប្ដី​អត់​ជួយ​ចិញ្ចឹម​សោះ ។

ស្ត្រី​នេះ​បាន​និយាយ​ពី​រឿង​ស្នេហា​របស់​នាង​ថា នាង​បាន​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​បុរស​ឈ្មោះ​ចាន់ សុ​ភ័ក្ត្រ ហៅ​តា​ស្រ​ម៉ូ​ម​នោះ រយៈពេល​៣​ឆ្នាំ​មក​ហើយ នៅ​ពេល​ជួប​លេង​ហ្គេ​ម​អន​ឡាញ​ជាមួយ​គ្នា ចំណែក​តា​ស្រ​ម៉ូ​ម​ក៏​មាន​ប្រពន្ធ និង​កូន រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ដែរ ។ ស្នេហា​លួចលាក់​របស់​ពួក​នាង​នេះ​បង្កើត​បានកូន​ស្រី​ម្នាក់ និង​កូនប្រុស​ម្នាក់ ប៉ុន្តែ​កូនស្រី​ត្រូវ​បាន​បងប្អូន​នាង​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​ជួយ​យក​ទៅ​ចិញ្ចឹម​ហើយ នៅ​សល់​កូនប្រុស​ម្នាក់​នេះ​នាង​គ្មាន​លទ្ធភាព​ចិញ្ចឹម​ទេ ព្រោះ​ប្ដី​លួចលាក់​អត់​ខ្វាយខ្វល់​ជួយ​សោះ ។

នាង​ម្នាក់​នោះ​បាន​និយាយ​ទៀត​ថា ស្នេហា​លួចលាក់​នោះ ក្រោយមក​ត្រូវ​បាន​បែកធ្លាយ​ដល់​ប្រពន្ធដើម​របស់​ប្ដី ហើយ​ប្រពន្ធដើម​រូប​នោះ​តែងតែ​ទៅ​រករឿង​ជេរ​បញ្ចោរ​នាង​ជា​បន្តបន្ទាប់​ទៀត​ផង ប៉ុន្តែ​នាង​មិន​បាន​បែក​គ្នា​ជាមួយ​ប្ដី​នោះ​ទេ នាង និង​ប្ដី​នៅ​តែ​បន្ត​ទាក់ទង​គ្នា ហើយ​នាង​តែងតែបាន​ជិះ​ម៉ូតូ​កង់​បី​ស្កាត់​ជួប​ជាមួយ​ប្ដី​នៅ​ម្ដុំ​ជម្ពូ​វ័ន​ជា​បន្តបន្ទាប់ ។

ដោយឡែក កាលពី​៤​ខែ​មុន ដោយសារ​តែ​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន នាង​ពិតជា​បាន​បីកូន​រក​អ្នក​ជួយ​ចិញ្ចឹម​មែន ប៉ុន្តែ​ពេល​នោះ​គ្មាន​អ្នក​យក​ទើប​នាង​ចិញ្ចឹម​កូន​ម្នាក់ឯង​រហូត​មក ។

ចំណែក​តា​ស្រ​ម៉ូ​ម​ជា​ប្ដី​បាន​និយាយ​ផង​ដែរ​ថា មិនមែន​មិន​ជួយ​សោះ​ទេ គាត់​ក៏​បាន​ជួយ​ខ្លះ​ដែរ​រឿង​ចិញ្ចឹម​កូន​នេះ ហើយ​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ អ្វី​ដែល​ឈាន​ដល់​ការ​ឈ្លោះប្រកែក​គ្នា​នេះ គឺ​ដោយសារ​តែ​ប្រពន្ធចុង​រូប​នេះ​ជេរ​គាត់ ហើយ​មិន​ត្រឹមតែ​ជេរ​គាត់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជេរ​ទាំង​ប្រពន្ធដើម​គាត់​ទៀត​ផង ។ មិនតែប៉ុណ្ណោះ នាង​ប្រពន្ធចុង​រូប​នេះ​បាន​ខ​ល​ប្រាប់​គាត់​ថា អ្ហែង​ទៅ​មើល​កូន​ផង​អញ​ទម្លាក់​កូនចោ​លហើយ ទើប​ពេល​នោះ​គាត់​ខឹង​ហើយ​ក៏​មានការ​ឈ្លោះប្រកែក​គ្នា​ឡើង​បែប​នេះ​តែ​ម្ដង​ទៅ ។

ក្រោយ​ពី​ការ​ជជែក​គ្នា​នៅ​សាលាសង្កាត់​ចោម​ចៅ​ទី​៣​នោះ អ្នក​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​បាន​គិត​ច្បាស់ និង​សម្រេចចិត្ត​ច្បាស់​ហើយ គឺ​ពួក​គាត់​ប្រគល់​កូនប្រុស​រូប​នេះ​ទៅ​ឲ្យ​ខាង​មន្ទីរ​សង្គមកិច្ច និង​យុវ​និ​តិ​សម្បទា រាជធានី​ភ្នំពេញ​យក​ទៅ​ចិញ្ចឹម​តែ​ម្ដង ប៉ុន្តែ​ពុំ​បាន​បញ្ជាក់​ថា ពួក​គាត់​នៅ​តែ​ទំនាក់ទំនង​គ្នា ដើម្បី​បង្កើតកូន​មក​បន្ត​ទៀត ឬ​អត់​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ