ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​ធ្លាក់​ចុះ ប្រាក់​ដុល្លារ​ឡើងថ្លៃ ខណៈ​ការ​គំរាម​ពន្ធ​របស់​លោក ត្រាំ កក្រើក​ពិភពលោក

8 ម៉ោង មុន

អន្តរជាតិ ៖ តម្លៃ​មាស​ជួប​ប្រទះ​ការ​ធ្លាក់​ចុះ​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ហើយ​ត្រូវ​បាន​កំណត់​ដើម្បី​ប្រកាស​អំពី​ការ​ធ្លាក់​ចុះ​ប្រចាំ​ស​ប្តា​ហ៍​ដ៏​ច្រើន​បំផុត ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោយ​ពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក…

អន្តរជាតិ ៖ តម្លៃ​មាស​ជួប​ប្រទះ​ការ​ធ្លាក់​ចុះ​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ហើយ​ត្រូវ​បាន​កំណត់​ដើម្បី​ប្រកាស​អំពី​ការ​ធ្លាក់​ចុះ​ប្រចាំ​ស​ប្តា​ហ៍​ដ៏​ច្រើន​បំផុត ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោយ​ពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ពន្ធ​នាំ​ចូល​ថ្មី បូក​រួម​នឹង​កត្តា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ឡើងថ្លៃ ស្រប​ពេល​អ្នក​វិនិយោគ​កំពុង​រង់ចាំ​ទិន្នន័យ​អតិផរណា​សំខាន់​ៗ​នៅ​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារ Reuters ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ​។

តម្លៃ​មាស​បាន​ធ្លាក់​ចុះ ០.៥% ក្នុង​តម្លៃ ២,៨៦២.០៥​ដុល្លារ​ក្នុង​មួយ​អោន ឬ ៣,៤៥០​ដុល្លារ​ក្នុង​មួយ​តម្លឹង បន្ទាប់​ពី​បាន​កត់ត្រា​ការ​កើនឡើង​៨​ស​ប្តា​ហ៍​ជាប់​គ្នា​។ ចំណែក​អនាគត​មាស​របស់​អា​មេ​រិ​កបាន​ធ្លាក់​ចុះ ០.៨% ក្នុង​តម្លៃ ២,៨៧៣.៨០​ដុល្លារ​ក្នុង​មួយ​អោន​។ នេះ​ជា​ការ​ធ្លាក់​ចុះ​លើក​ទី​៣ ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ដែល​មាស​បាន​បាត់បង់​តម្លៃ​៤០​ដុល្លារ ឬ​ច្រើន​ជាង​នេះ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​រហូត​ដល់ ៦៣​ដុល្លារ ដែល​បាន​កត់ត្រា​កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ កន្លង​ទៅ​។

អត្រា​ប្ដូរ​ប្រាក់​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ប្រាក់​រៀល ៤,០២៥​រៀល​ស្មើនឹង​១​ដុល្លារ​អា​មេ​រិ​ក​។ ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​ត្រូវ​បាន​កំណត់​សម្រាប់​ការ​កើនឡើង​ប្រចាំ​ស​ប្តា​ហ៍ ០.៧% ដោយ​ការ​ពង្រឹង​តម្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ធ្លាក់​ចុះ​តម្លៃ​មាស ខណៈ​ដែល​អ្នកវិភាគ​ក៏​បាន​កត់​សម្គាល់ថា ប្រហែល​ពាក់កណ្តាល​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​មាស អាច​ត្រូវ​បាន​កំណត់​ដោយ​ភាពរឹងមាំ​នៃ​ប្រាក់​ដុល្លារ​។

លោក ត្រាំ បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពន្ធ២៥% លើ​ការ​នាំ​ចូល​ទំនិញ​ពី​ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា ដែល​ត្រូវ​បាន​ផ្អាក​រយៈពេល​១​ខែ នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៤ ខែមីនា ខាង​មុខ​នេះ រួម​ជាមួយ​ការ​ដាក់​ពន្ធ ១០% បន្ថែម​ទៀត​លើ​ការ​នាំ​ចូល​របស់​ចិន ដែល​ជា​ការ​បន្ថែម​លើ​ការ​ដំឡើង​ពន្ធ ១០% កាលពីដើម​ខែកុម្ភៈ​។ ការ​ផ្លាស់​ប្តូរ​នេះ​កើតឡើង ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់ និង​ការ​ជួញដូរ​សារធាតុ Fentanyl ដែល​ប្រើប្រាស់​ជា​ធាតុ​ផ្សំ​ផលិត​គ្រឿងញៀន​ចូល​មក​កាន់​ទឹកដី​សហរដ្ឋអាមេរិក​។

វិនិយោគិន​ក៏​កំពុង​រង់ចាំ​ទិន្នន័យ​ស​ន្ទ​ស្សន៍​តម្លៃ​នៃ​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន (PCE) ដែល​ជា​រង្វាស់​អតិផរណា​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក (Fed) ដែល​នឹង​ចេញផ្សាយ​នៅ​វេលា​ម៉ោង​១:៣០​នាទី​រសៀល ម៉ោង​ក្នុងស្រុក ថ្ងៃ​ទី​២៨ ខែកុម្ភៈ ដើម្បី​ថ្លឹងថ្លែង​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​គ្របដណ្តប់​លើ​សកម្មភាព​សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ