ទីក្រុងអ៊ីស្តាន់ប៊ូល៖ អាមេរិក និងរុស្ស៊ីបានបញ្ជូនគណៈប្រតិភូទៅជួបគ្នានៅទីក្រុងអ៊ីស្តានប៊ូល (Istanbul) ប្រទេសតួកគីដើម្បីកែសម្រួលទំនាក់ទំនងទ្វេភាគីដែលបានធ្លាក់ចុះខ្លាំងកាលពីជំនាន់លោកបៃដិនឱ្យបានល្អប្រសើរជាងមុន។ បន្ទាប់មកទើបគិតគូរដោះស្រាយបញ្ហាអ៊ុយក្រែន។ ប្រទេសទាំង២ចង់បញ្ជូនទៅបំពេញការងារនៅស្ថានទូតឱ្យបានពេញលេញឡើងវិញ។
ដូចអ្វីដែលមន្ត្រីរដ្ឋាភិបាលអាមេរិកនិយាយអីចឹងគឺថាប្រទេសទាំងចាំបាច់ណាស់ត្រូវតែខិតខំកសាងទំនុកចិត្តឡើងវិញសិនមុននឹងឈានដល់ការនិយាយអំពីបញ្ហាអ៊ុយក្រែន។ វិមានក្រឹមឡាំងកាលពីឆ្នាំ២០២៤ធ្លាប់ពោលថាទំនាក់ទំនងនេះបានធ្លាក់ចុះដល់ចំណុចក្រោមសូន្យកាលពីជំនាន់លោកបៃដិន។ លោកគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹង និងផ្ដល់អាវុធយុទ្ធភ័ណ្ឌដើម្បីតស៊ូនៅក្នុងសង្គ្រាម។ មិនតែប៉ុណ្ណោះ លោកបានព្រួតដៃគ្នាជាមួយអឺរ៉ុបដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីយ៉ាងចាស់ដៃ។
ចូលមកដល់ជំនាន់លោកត្រាំ លោកហាក់ដូចរយាលដៃបន្តិចពីអឺរ៉ុប និងអ៊ុយក្រែន ហើយហាក់ដូចជាខិតទៅជិតទីក្រុងម៉ូស្គូជាងមុន។ លោកចង់ផ្ដោតសំខាន់ទៅលើការបិទបញ្ចប់សង្គ្រាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដូចអ្វីដែលលោកបានសន្យាកាលពីអំឡុងពេលឃោសនាបោះឆ្នោត។ កិច្ចជំនួបនៅអ៊ីស្តានប៊ូលនោះធ្វើឡើងក្រោយការសន្ទនាគ្នារវាងលោកត្រាំ និងលោកពូទីនកាលពីថ្ងៃទី១២ ខែកុម្ភៈ និងក្រោយកិច្ចជំនួបកម្រិតខ្ពស់នៅអារ៉ាប៊ីសាអូឌីត។
គេឃើញគណៈប្រតិភូរុស្ស៊ីធ្វើដំណើរទៅដល់កន្លែងណាត់ជួបគ្នាដោយប្រើប្រាស់ឡានម៊ែសឺដែសរបស់អាល្លឺម៉ង់ពណ៌ខ្មៅក្រិបបើកដល់របងនិវេសនដ្ឋាននៃអគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងអ៊ីស្តានប៊ូល។ ទូរទស្សន៍រដ្ឋរុស្ស៊ីផ្សាយថាកិច្ចពិភាក្សាគ្នានោះមានរយៈពេលពី៥ទៅ៦ម៉ោង។ លោកពូទីននៅសប្ដាហ៍នេះរំពឹងថានឹងមានកិច្ចព្រមព្រៀងឆាប់ៗនេះ។
លោកថាប្រទេសទាំង២ចាំបាច់ត្រូវតែកសាងទំនុកចិត្តឡើងវិញមុននឹងឈានដល់ការសម្រេចកិច្ចការអ្វីមួយ។ ក្រសួងការបរទេសអាមេរិកថ្លែងថាកិច្ចជំនួបនេះផ្ដោតសំខាន់ទៅលើការកំណត់ចំនួនបុគ្គលិកទូត ការផ្ដល់សេវាទិដ្ឋាការ និងបញ្ហាដទៃទៀត។ ក្រសួងថ្លែងបន្ថែមទៀតថាគ្មានការជជែកគ្នាអំពីបញ្ហានយោបាយ ឬសន្តិសុខទេ។ អ៊ុយក្រែនក៏មិនស្ថិតនៅក្នុងរបៀបវារៈនេះដែរ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថ្លែងថាបើសិនកិច្ចជំនួបនេះទទួលបានលទ្ធផលល្អកម្រិតណា វាក៏ជួយដោះស្រាយបញ្ហាបានលឿន និងមានប្រសិទ្ធភាពកម្រិតនោះដែរ។ លោកទទួលស្គាល់ថារុស្ស៊ីបានចាត់ការរាងធ្ងន់ដៃបន្តិចហើយទៅ បុគ្គលិកទូតអាមេរិក។ ប៉ុន្តែនេះក៏ដោយសារអាមេរិកបានដាក់សម្ពាធទៅលើបុគ្គលិកទូតរបស់រុស្ស៊ីនៅវ៉ាស៊ីនតោនដែរ។
កិច្ចជំនួបនេះថ្វីដ្បិតមិនសូវមានប្រធានបទច្រើនដែលត្រូវនិយាយ ប៉ុន្តែជាការបោះជំហានទៅមុខដើម្បីដោះស្រាយបញ្ហាធំៗនៅក្នុងទំនាក់ទំនងអាមេរិក-រុស្ស៊ីដូចជាការកាត់រំសាយអាវុធនុយក្លេអ៊ែរ និងកិច្ចសហការខាងសេដ្ឋកិច្ចជាដើម។ អាមេរិកសព្វថ្ងៃនេះ ពឹងផ្អែកខ្លាំងទៅលើរ៉ែកម្ររបស់ប្រទេសចិនដើម្បីផលិតគ្រឿងបរិក្ខារដែលបំពាក់បច្ចេកវិទ្យាទំនើប។ ឥឡូវនេះ ដោយសារដឹងថាអាមេរិកចាប់អារម្មណ៍ខ្លាំងទៅលើរ៉ែកម្រ លោកពូទីនក៏បង្ហើបឱ្យដឹងថាលោកត្រៀមខ្លួនទទួលស្វាគមន៍អាមេរិកដើម្បីរកស៊ីរួមគ្នានៅក្នុងការធ្វើអាជីវកម្មរ៉ែកម្រនៅរុស្ស៊ី និងនៅលើទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកំពុងកាន់កាប់។ ខាងលើនេះជាការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ