ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជួសជុលកំពែង​ជ្រុងខាងលិច ផ្នែក​ខាងជើង​នៃ​ប្រាសាទតាព្រហ្ម ក្រោយរងការខូចខាតទ្រុឌ​ទ្រោ.ម

7 ម៉ោង មុន

ខេត្ត​សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា តាម រយៈ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា​(ASI) កំពុង​ជួសជុល កំពែង​ថ្មបាយក្រៀម ជ្រុង​ខាងលិច ផ្នែក​ខាងជើង នៃ​ប្រាសាទតាព្រហ្ម…

ខេត្ត​សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា តាម រយៈ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា​(ASI) កំពុង​ជួសជុល កំពែង​ថ្មបាយក្រៀម ជ្រុង​ខាងលិច ផ្នែក​ខាងជើង នៃ​ប្រាសាទតាព្រហ្ម ដើម្បី​លើក​តម្លៃ​សំណង់​បុរាណ​មួយ​នេះ បន្ទាប់​ពី​បាន​រង​ការ​ខូចខាត​ទ្រុឌទ្រោម ដោយ​មូលហេតុ​ជា​ច្រើន​។

លោក Chitranjan Kumar ប្រធាន​គ្រប់គ្រង​ការដ្ឋាន​ជួសជុល​នៅ​ប្រាសាទ តា​ព្រហ្ម បានឱ្យ​ដឹង​ថា ក្នុង​គម្រោង​ដំណាក់កាល​ទី​៣ ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា​(ASI) ក៏​បាន​ធ្វើការ​ជួសជុល​ពង្រឹង​ឡើង​វិញ​កំពែង​ថ្ម​បាយ ក្រៀម ជ្រុង​ខាងលិច ផ្នែក​ខាងជើង នៃ​ប្រាសាទតាព្រហ្ម មាន​ប្រវែង​សរុប​ចំនួន ៣០​ម៉ែត្រ​។

លោក​បញ្ជាក់​ថា រចនា​សម្ពន្ធ​នៃ​កំពែង​ថ្មបាយក្រៀម​បាន​ខូចខាត​យ៉ាង ច្រើន ជា​ពិសេស​ដើមឈើ​រលំ​សង្កត់ពីលើ និង​កត្តា​អាយុកាល​នៃ​សំណង់ ធ្វើ​ឱ្យ​គុណ ភាព​នៃ​គ្រឹះ​ខាងក្រោម​បាន​ថមថយ ចំណែក ថ្ម បាយក្រៀម ក៏​បាន​បែកបាក់​មួយ​ចំនួន​។ ហេតុ​ដូច្នេះ​ ​ក្រុមការងារ​នៅ​ទី​នេះ បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណ វិទ្យា ដើម្បី​សិក្សា​ពី​ស្ថានភាព​គ្រឹះ​នៃ​កំពែង ទើប​ចាប់ផ្តើម​ធ្វើ​សម្រង់​ប្លង់ បង់​លេខ​និង​ចុះបញ្ជី​ថ្មបាយក្រៀម ។ រួច​បន្តការងារ​ជួសជុល​ពង្រឹង​គ្រឹះ​ខាងក្រោម​ដែល​ពុក​ផុយ រៀបចំ​ជួសជុល​ថ្ម​ដែល​ខូចខាត​ឬ​បែប​បាក់ ទើប​រៀបចំ​ផ្គុំ​ថ្ម​សាកល្បង មុន​រៀបចំ​ទៅ​កាន់​ទីតាំង​ដើម​វិញ ដោយ​អនុវត្ត​តាម​លំនាំ​ពី​បុរាណ​។

ដោយសារ​ស្ថានភាព​របស់​ថ្មបាយក្រៀម​ខ្លះ មាន​សភាព​ពុក​ផុយ​និង​ខូចខាត​ច្រើន ប៉ុន្តែ​អ្នកជំនាញ​នឹង​ព្យាយាម​ជួសជុល​និង​ប្រើប្រាស់​ថ្ម​ចាស់​ឱ្យ​អស់ពី​លទ្ធភាព​មុន​និង​សម្រេច​ជំនួស​ដោយ​ថ្ម​ថ្មី​។​ការងារ​នេះ គ្រោង​ចំណាយពេល​ចំនួន​៦​ខែ ទើប​រួច រាល់ ដោយ​បាន​ចាប់ផ្តើម​ពី​ខែមករា ឆ្នាំ​២០២៥​មក​។

អ្នកជំនាញ​បញ្ជាក់​ទៀត​ថា ចំពោះ​ដំណើរការ​ជួសជុល​កំពែង នៃ​ប្រាសាទ តា​ព្រហ្ម ក្រុមការងារ​បាន​សហការ​យ៉ាង​ជិត​ស្និ​ទ​ជាមួយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្ស រា ដោយ​អនុវត្ត​ទៅ​តាម​ដំណាក់កាល​ៗ និង​តាម​អនុសាសន៍​អ្នកជំនាញ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ ធ្វើ​យ៉ាងណា​ឱ្យ​រចនា​សម្ពន្ធ​នៃ​កំពែង​ទាំងមូល មាន​លំនឹង អាច​ទ្រ​ទម្ងន់​យ៉ាង​រឹង​មាំ បន្ត​អាយុកាល​ទៅ​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ