នាយករដ្ឋមន្ត្រីបានព្រមានធ្ងន់ៗអំពីគ្រោះថ្នាក់នៃភេសជ្ជ:ប៉ូវកម្លាំងចំពោះសុខភាពសិស្ស ហើយជំរុញអោយចាត់ការលុបបំបាត់អោយបាន កុំអោយមានភេសជ្ជ:នេះលក់នៅតាមសាលា ។

នាឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារ ឆ្នាំសិក្សាចាស់ ឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២៦ ខែកុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងផ្ទាល់ឲ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ លើរបបអាហាររបស់ក្មេងៗ ជាពិសេសហាមដាច់ខាតលើការលក់ដូរភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងដល់សិស្ស ដើម្បីធានាឱ្យបានសុខភាពរបស់សិស្សានុសិស្សនៅក្នុងប្រទេសមានសុខភាពបរិបូរណ៍រំដោះខ្លួនចេញពីបញ្ហាជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងៗទៀត ។

សម្តេចមហាបវរធិបតី បានស្នើឲ្យក្រសួងយកចិត្តទុកដាក់លើកកម្ពស់ការអប់រំ និងណែនាំទាំងក្នុងសាលា និងក្រៅសាលា អំពីគ្រោះថ្នាក់នៃពពួកភេសជ្ជៈប៉ូវកម្លាំង ។ សម្តេចបានបញ្ជាក់ថា «ទឹកប៉ូវកម្លាំងអស់ហ្នឹង គឺមិនមែនសម្រាប់ក្មេងនោះទេពីព្រោះប្រសិន បើក្មេងទទួលច្រើន ជារឿងមួយដែលប្រកាសអាសន្ន ។ រឿងនេះជារឿងបញ្ហារយៈពេលវែងសម្រាប់យើង ។ បើសិនជាក្មេងៗយើង១០ឆ្នាំ ទៅ២០ឆ្នាំទៀត ពួកគេមានអាយុ ៣០ទៅ ៤០ឆ្នាំ មានជំងឺទឹកនោមផ្អែមនោះពួកគេនឹងក្លាយជាបន្ទុក និងជាបញ្ហាហើយ» ។

សម្តេចមហាបវរធិបតី សង្កត់ធ្ងន់ថា ប្រទេសដែលមានប្រជាជនកើតជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងច្រើន មិនមែនជាទ្រព្យរបស់ប្រទេសជាតិ ដែលអាចបម្រើការអភិវឌ្ឍប្រកបដោយចីរភាពបានទេ ។ ពួកគេនឹងក្លាយជាបន្ទុក ដូច្នេះអ្នកពាក់ព័ន្ធត្រូវគិតគូរមើលឱ្យបានហ្មត់ចត់ ។
សម្តេចមហាបវរធិបតី បានស្នើសុំឲ្យឱពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ អ្នកទាំងអ្នកលក់ដូរ និងសាធារណជនត្រូវគិតគូរពីបញ្ហាភេសជ្ជៈផ្អែមនេះផង ។ សម្តេចបានបន្ថែមថា មកដល់ពេលនេះមានក្មេងតូចៗច្រើនណាស់ នៅមន្ទីរពេទ្យគន្ធបុប្ផា បានកើតជំងឺទឹកនោមផ្អែម ដែលបញ្ហាទាំងនេះពេលខ្លះពាក់ព័ន្ធនឹងការខ្វះការយល់ដឹងរបស់ឪពុកម្តាយផងដែរ ៕
ចែករំលែកព័តមាននេះ