ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ស្វែងរក​ចាប់​ប៉េអឹម​ម្នាក់​ដែល​ប្រើ​ហិ.ង្សា​​លើ​គូស្នេហ៍​

15 ម៉ោង មុន
  • បាត់ដំបង

​​ខេត្តបាត់ដំបង ​៖   ក្រោយ​ពី​ទ​ទួល​ពាក្យបណ្ដឹង​ជន​រង​គ្រោះ (​ស្រី​ស្នេ​ហ៏​) ក្នុង​សំណុំរឿង«​ហិ​ង្សា​​ដោយ​ចេតនា​» កម្លាំង​អធិការ​ក្រុង​បាត់ដំបង​បាន​និង​កំពុង​ស្វែងរក​ឃាត់ខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ដែល​រង​ការ​ចោទប្រកាន់​ក្នុង​សំណុំរឿង​នេះ​ ។  នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ពេជ្រ…

​​ខេត្តបាត់ដំបង ​៖   ក្រោយ​ពី​ទ​ទួល​ពាក្យបណ្ដឹង​ជន​រង​គ្រោះ (​ស្រី​ស្នេ​ហ៏​) ក្នុង​សំណុំរឿង«​ហិ​ង្សា​​ដោយ​ចេតនា​» កម្លាំង​អធិការ​ក្រុង​បាត់ដំបង​បាន​និង​កំពុង​ស្វែងរក​ឃាត់ខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ដែល​រង​ការ​ចោទប្រកាន់​ក្នុង​សំណុំរឿង​នេះ​ ។  នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបង ​។

​លោក ពេជ្រ សា​រ៉ែ​ន បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៥  កុម្ភៈ នេះថា  មន្ត្រី​ជំនាញ​​របស់​លោក បាន​និង​កំពុង​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​មានមុខ​ងារ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ​។  លោក​អធិការ​រូប​នេះ​បាន​បញ្ជាក់​ថា ជនសង្ស័យ​បាន​រង​ការ​ចោទប្រកាន់​ពី​ស្ត្រី​រង​គ្រោះ​ម្នាក់​ដែល​ទំនងជា​គូ​ស្នេ​ហ៍នឹង​គ្នា​ផង ​បាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​ឃោ​រឃៅ​ទៅ​លើ​នាង​បណ្ដាល​ឲ្យ​រង​របួស​លើ​រាង​កាយ​ ។  ​ប៉ុន្តែ​ជនសង្ស័យ​រូប​នេះ​កំពុង​គេចខ្លួន  ហើយ​កម្លាំង​​របស់​លោក​នៅ​តែ​បន្ត​ស្វែងរក​នៅឡើយ​ទេ​ ។

​បើ​តាម​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា  នារី​រង​គ្រោះ​ឈ្មោះ លឿ​ត ស្រី​ណ​យ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​បាក់​ព្រា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ​ ។  ដោយឡែក​ ជន​រង​សង្ស័យ​ដែល​រង​បណ្ដឹង​ចោទប្រកាន់​​ឈ្មោះ នូ មិត្ត ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ ។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា  ជនសង្ស័យ និងនារី​រង​គ្រោះជា​គូសង្សា​រយ៉ាង​ស៊ីជម្រៅ​ ។

នារី​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​នគរបាល​ក្រុង​បាត់ដំបង​នៅ​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ ក្រោយ​នាង​ព្យាយាម​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមិន​បាន​សម្រេច​ ។

​ជន​រង​គ្រោះ​ឈ្មោះ លឿ​ត ស្រី​ណ​យ បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី ២៥ កុម្ភៈ ថា  ហេតុ​ការ​ណ៍​បាន​កើតឡើង​នៅ​វេលា​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី១៧ កុម្ភៈ នៅផ្ទះ​ជួល​របស់​គូ​ស្នេ​ហ៍នៅ​ក្នុង​ «​បុរី​រំចេក​» ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ ។ នាង​ណ​យ​ប្រាប់​ថា សង្សារ​ហេងស៊យ​របស់​នាង​ឈ្មោះ នូ មិត្ត ធ្វើ​ប៉េ​អឹ​ម​នៅ​ខេត្តបាត់ដំបង ​។

​រូប​នាង​និង​លោក​ប៉េ​អឹម​ឈ្មោះមិត្តនេះ​ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​យ៉ាង​ស៊ីជម្រៅ​អស់​រយៈពេល​ប្រហែល​០២​ឆ្នាំ​កន្លង​មក​ហើយ គីត​ត្រឹម​​ថ្ងៃ​ប្រើ​ហិង្សា​មក​លើ​នាង​។

​នាង​និយាយ​ថា  នៅ​មុន​កើតហេតុ នាង​បាន​តាម​ទាន់​គូ​ស្នេ​ហ៍​របស់​នាង​នាំ​ស្រី​ផ្សេង​ចូល​ខារ៉ាអូខេ​។  ដោយសារ​តែ​នាង​ខឹង នាង​ក៏​សុំ​បែក និង​សុំ​ទារ​លុយ​ដែល​ជំពាក់​នាង​ ។  នាង​បាន​បញ្ជាក់​ថា  ប្រហែល​ត្រង់​ចំណុច «​នាង​តាម​ទាន់​មាន​ស្រី​ថ្មី និង​ទាមទារ​លុយ​ជំពាក់​» នេះ​ហើយ  ទើប​លោក​ប៉េ​អឹម​ នូ មិត្ត ខឹង​នឹង​នាង ​។ ​ លុះ​ពេល​ចូល​ទៅ​ដល់​ក្នុងផ្ទះ​នៅ​វេលា​រំលងអ​ធ្រា​ត្រ ស្រាប់តែ​ស្ទុះ​ទៅ​វាយ​ទាត់​ធាក់​នាង​គ្មាន​ប្រណី​ដៃ​ទាំង​កណ្ដាល​អ​ធ្រា​ត្រ ពេល​នាង​កំពុង​រៀបចំ​អីវ៉ាន​ចាក​ចេញពីផ្ទះ​។

​ជុំវិញ​សំណុំរឿង​លោក​ប៉េ​អឹ​ម​ឈ្មោះ នូ មិត្ត ប្រើ​អំពើ​ហិ​ង្សា​យ៉ាង​ឃោ​រឃៅ​ទៅ​លើ​គូ​ស្នេ​ហ៍​បណ្ដាល​ឲ្យ​រង​របួស​ពេញ​រាង​កាយ​ខាងលើ​នេះ បើ​តាម​ជន​រង​គ្រោះ​បាន​ប្រាប់​ថា  មិន​ត្រឹម​​តែ​វាយដំ​ទៅ​លើ​នាង​យ៉ាង​ព្រៃផ្សៃ​ប៉ុណ្ណោះ​ទេ  ជនសង្ស័យ​ឈ្មោះ នូ មិត្ត រូប​នេះ​ បាន​ផ្ញើ​សារ​ជា​សម្លេង​តាម​ទូរស័ព្ទ​ជា​បន្ត​បន្តា​ប់ ទៅ​គំរាមកំហែង​នាង​គ្រប់​បែប​យ៉ាង ហើយ​ថែម​ទាំង​ជម្រុញ​នាង​ឲ្យ​ទៅ​ប្ដឹង​នៅ​តុលាការ កុំ​ប្ដឹង​ត្រឹម​តែ​អធិការ​ក្រុង ឬ​ចង់​ប្ដឹង​ដល់​ណា​ក៏​បាន​ដែរ​ ។

​នៅ​ក្នុង​សារ​ជា​សម្លេង​ជា​ច្រើន​ឃ្លី​ប​ដែល​កោះសន្តិភាព​ទ​ទូល​បានជា​បន្តបន្ទាប់  មាន​ឃ្លី​ប​សម្លេង​ខ្លះ លោក​ប៉េ​អឹម​ នូ មិត្ត បាន​ប្រាប់​ជន​រង​គ្រោះ​ដែល​ជា​គូ​ស្នេ​ហ៏ ក្រោយ​ពី​ដឹង​ថា នាង​បាន​ដាក់​ពាក្យ​ប្ដឹង​ខ្លួន​ទៅ​កាន់​អធិការ​ក្រុង​បាត់ដំបង  ជនសង្ស័យ​រូប​នេះ​អួត​ប្រាប់​នាង​ដូច្នេះ​ថា « ខ្ញុំ​មាន​ពេល​ណា​ទៅ​ចឹ​ង​… ចឹ​ង​… ទេ​។  ទៅ​អធិការ​ក្រុងវា​តូច​ណាស់  ទៅ​លើស​ហ្នឹង​ទៅ​… ទៅ​តុលាការ​អីចឹង​ទៅ​ណា​…»  ជន​នេះ​បាន​អួត​ទៀត​ថា «​ទៅ​អធិការ​ក្រុង វា​ទៅ​មិនកើត ដោយសារ​អធិការ​ក្រុង​វា​ពួកម៉ាក់​ទៅ​មិនកើត​»​។

​ក្នុង​ឃ្លី​ប​សម្លេង​មួយ​ឃ្លា​ទៀត «ហើយ​បើ​ធ្វើ​ខ្ញុំ​បាន ខ្ញុំ​សុខចិត្ត​កាត់​ម្រាម​កូនដៃ​មួយ​ចោល​»​។   នៅ​ក្នុង​ចំណោម​ឃ្លី​ប​សម្លេងរាប់​សិប​ឃ្លី​ប​ទៀតដែល​ភាគច្រើន​ជា​សម្លេង​គំរាមកំហែង​នាង​ ។ មិន​ត្រឹ​ម​តែ​ប៉ុណ្ណឹង​ទេ  មាន​ឃ្លី​ប​សម្លេង​មួយ​ឃ្លា​ដែល​មន្ត្រី​កងរាជអាវុធហត្ថ សំបូរ​រឿងអាស្រូវ​ស្រី​ញី​មិន​ចេះ​ចប់​រូប​នេះ​បាន​ផ្ញើ​ទៅ​អួត​ប្រាប់​នាង​ថា «​អ្នកឯង​ស្គាល់​ខ្ញុំ​តិច​ពេក​ហើយ​..!  ម៉ា​ស្រុក​ខ្មែរ​ចង់​និយាយ​ថា មេ​ដែល​ឡើង​ធំ​ទាំងអស់  ម៉ា​ស្រុក​ខ្មែរ​… គេ​ស្រលាញ់​ខ្ញុំ​ដូច​ប្អូនបង្កើត  សុទ្ធតែ​អគ្គ​… ទាំងអស់  អគ្គ​ព្រះរាជអាជ្ញា​ទាំងអស់​…  ចង់​លេង លេង​បាន​,,.»​។

​ពាក់ព័ន្ធ​នឹង​ពាក្យ​មួយ​ឃ្លី​ប​ដែល​លោក នូ មិត្ត អួត​កំញើញ​ស្រី​ស្នេ​ហ៍​ថា  «​លោក​អធិការ​ក្រុង​បាត់ដំបង ជា​ពួកម៉ាក់​របស់​ខ្លួន​» ​។  លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបង បាន​បដិសេធ​ន៍​ភ្លាម​ៗ ចំពោះ​អំ​នូ​ត​ជនសង្ស័យ​ឈ្មោះ នូ មិត្ត​ ។   លោក ពេជ្រ សា​រ៉ែ​ន បាន​ឆ្លើយ​តប​វិញ​ថា  «​កុំ​ថា​ឡើយ​ពួកម៉ាក សូ​ម្បី​ស្គាល់​ប្រវត្តិ​ជន​ម្នាក់​នេះ ក៏​លោក​ស្ទើរ​មិន​ស្គាល់​ផង​»​ ។

​លោក​អធិការ​បាន​បញ្ជាក់​ថា «​ខ្ញុំ​ធ្លាប់​ទៅ​ជួប​មិត្តភក្ដិ​របស់ខ្ញុំក្នុង​កម្មវិធី​មួយ​ ។  ហើយ​ចៃដន្យ​បាន​ជួប​ឈ្មោះ មិត្ត  នេះ ​តាម​រយៈ​មិត្តភក្ដិ​របស់ខ្ញុំក្នុង​គ្រាហ៍​នោះ  ថែម​ទាំង​បាន​ថតរូប​ជុំ​គ្នា​មួយ​ប៉ុ​ស្ដិ៍​​ទៀត​ផង​ ។  ក្នុង​កាលៈ​ទេសៈ​បែប​នេះ  ជនសង្ស័យ​ម្នាក់​នេះ មិនមែន​ជា​មិត្តភក្ដិ​ខ្ញុំ​ទេ​។  ខ្ញុំ​ទើប​ស្គាល់​ប៉ុណ្ណឹង​ឯង​» ​។

​យ៉ាងណា​ក្ដី  បើ​តាម​លោក ពេជ្រ សា​រ៉ែ​ន បាន​បញ្ជាក់​ថា «បើ​តាម​ខ្ញុំដឹង​ ជន​ម្នាក់​នេះកំពុង​យកឈ្មោះ​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៅ​ភ្ជាប់​ជាមួយនឹង​រឿងអាស្រូវ​របស់​ខ្លួន​ដែល​កំពុង​មានរឿង​រ៉ាវ​ជាមួយ​ស្ត្រី​រង​គ្រោះ ខណៈ​ដែល​ថ្នាក់ដឹកនាំ​មិនដឹង​ខ្លួន​បន្តិច​សោះ​»​ ។ ប៉ុន្តែ​ពេល​នេះ កម្លាំង​ជំនាញ​របស់​លោក​បាន​និង​កំពុង​តាម​រកមុខ ដើម្បី​ឃាត់ខ្លួន​តាម​បណ្ដឹង​ជន​រង​គ្រោះ​ហើយ​។

ដោយឡែក បើ​តាម​សម្ដី​នារី​រង​គ្រោះ ដែល​ជា​អតីត​គូ​ស្នេ​ហ៍​​ហេងស៊យ​វិញ បាន​បញ្ជាក់​ចុង​ក្រោយ​ថា នាង​នឹង​បញ្ជាក់​ការ​ទំនាក់ទំនង​ជាមួយ​ឈ្មោះ​មិត្ត​នេះ​ហើយ​ ។ នាង​មិន​អាច​សម្រប​ស​ម្រួល​​ជាមួយ​លោក​ប៉េ​អិ​ម​ឈ្មោះ នូ មិត្ត នេះ​បន្ត​ទៀងទេ​។ នាង​សំណូមពរ​សុំ​ឲ្យ​សមត្ថកិច្ច ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ