ប្រទេសវៀតណាម ៖ ប្រភពពីសារព័ត៌មាន VnExpress ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការនាំចេញបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាមនៅក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ បានធ្លាក់ចុះ ១៧% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងតម្លៃត្រឹម៦៧៧លានដុល្លារអាមេរិក ដ្បិតការនាំចេញទុរេនបានធ្លាក់ចុះអូសទាញតួលេខការនាំចេញបន្លែ និងផ្លែឈើ ចំពេលមានបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារកាន់តែតឹងរ៉ឹងនៅក្នុងទីផ្សារមួយចំនួន។
យោងតាមសមាគមផ្លែឈើ និងបន្លែរបស់វៀតណាម បានឱ្យដឹងថា ទុរេនត្រឹម៣,៥០០តោនប៉ុណ្ណោះ ត្រូវបាននាំចេញគិតត្រឹមពាក់កណ្តាលខែកុម្ភៈនេះ ពោលធ្លាក់ចុះ ៨០% បើធៀបនឹងឆ្នាំមុន ខណៈជាធម្មតាទុរេនមានចំណែកស្ទើរពាក់កណ្តាល នៃការនាំចេញបន្លែ និងផ្លែឈើទាំងអស់របស់ប្រទេសនេះ។
ប្រទេសចិន ដែលជាទីផ្សារធំជាងគេសម្រាប់ទុរេន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានចាប់ផ្តើមទាមទារការបញ្ជាក់ត្រឹមត្រូវពីការនាំចូលគ្មានសារធាតុ Auramine O ឬថ្នាំពណ៌លឿង ដែលជាសារធាតុគីមីអាចបង្កមហារីក។ មិនតែប៉ុណ្ណោះ ក៏បាននិងកំពុងត្រួតពិនិត្យរាល់ការនាំចេញទុរេនពីវៀតណាមដ៏តឹងរ៉ឹងផងដែរ រហូតឈានដល់បដិសេធទិញទុរេនមិនបំពេញតាមស្តង់ដាររបស់ខ្លួនជាច្រើនពីវៀតណាមថែមទៀតផង។
កត្តានេះហើយ ទើបធ្វើឱ្យអ្នកនាំចេញទុរេនវៀតណាមត្រូវបង្វែរទិសដៅដឹកជញ្ជូនពួកគេត្រឡប់មកលក់នៅទីផ្សារក្នុងស្រុកវិញនៅក្នុងតម្លៃថោក ដែលនាំឱ្យអាជ្ញាធរវៀតណាមណែនាំប្រជាជនខ្លួនឱ្យពិចារណា មុនពេលទិញទុរេនខូចគុណភាពលក់តម្លៃថោកលើទីផ្សារបង្កឱ្យប៉ះពាល់ដល់សុខភាព។
លោក Dang Phuc Nguyen អគ្គលេខាធិការសមាគមផ្លែឈើ និងបន្លែវៀតណាម បានថ្លែងថា តម្រូវការសុវត្ថិភាពថ្មី បានធ្វើឱ្យអាជីវកម្មជាច្រើនត្រូវបញ្ឈប់ការនាំចេញ ខណៈពួកគេត្រូវរៀបចំឯកសារទទួលស្គាល់ចាំបាច់ មុនពេលអាចនាំចេញបាន។
មិនត្រឹមតែប្រទេសចិនប៉ុណ្ណោះទេ កោះតៃវ៉ាន់ក៏បានចាប់ផ្តើមត្រួតពិនិត្យរាល់ការនាំចូលទុរេនពីវៀតណាមផងដែរ បន្ទាប់ពីការនាំចេញគ្មានស្តង់ដារត្រូវបានរកឃើញកាលពីខែសីហាកន្លងទៅ។ សហភាពអឺរ៉ុបឯណោះវិញ បានបង្កើនអត្រាអធិការកិច្ចរបស់ខ្លួនទ្វេដងដល់ ២០% កាលពីចុងឆ្នាំ ២០២៤ បន្ទាប់ពីបានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតច្រើនលើសកម្រិត។ ក្រៅពីនេះ ការនាំចេញទុរេនវៀតណាម ក៏មើលឃើញការធ្លាក់ចុះ ដោយសារថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ដែលមានរយៈពេលវែងសម្រាប់ឆ្នាំនេះ ចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ។
នាយកប្រតិបត្តិក្រុមហ៊ុននាំចេញវៀតណាមមួយរូប បានលើកឡើងថា បណ្តាក្រុមហ៊ុននាំចេញកំពុងដំណើរការនីតិវិធីស្នើការទទួលស្គាល់ ហើយគ្រោងនឹងបន្តការនាំចេញទុរេនទៅកាន់ប្រទេសចិនវិញ នៅចុងខែកុម្ភៈនេះ។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម បានដាក់ចេញនូវវិធានការត្រួតពិនិត្យគុណភាពឱ្យកាន់តែតឹងរ៉ឹងសម្រាប់អ្នកដាំទុរេន និងបង្កើនកិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យ ការព្រមាន និងផាកពិន័យចំពោះអ្នកល្មើសច្បាប់។ ក្រសួងក៏កំពុងចរចារដករបាំងបច្ចេកទេសមួយចំនួន និងស្វែងរកទីផ្សារថ្មី ដើម្បីជួយបង្កើនការនាំចេញបន្លែ និងផ្លែឈើ៕


ចែករំលែកព័តមាននេះ