រាជធានីភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសរំលេចអំពីបញ្ហាជំងឺមិនឆ្លងដែលជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើប្រភេទជំងឺទាំងអស់នេះព្រោះជាប្រភេទជំងឺវិវត្តន៍ទៅថ្ងៃខាងមុខ ។

លើកឡើងក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្តនារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយសារជំងឺឆ្លងនេះ ជាបញ្ហាសំខាន់លោកសាស្ត្រាចារ្យ ឈាង រ៉ា បានណែនាំមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពបង្កើនការបណ្តុះបណ្តាល និងបង្កើនការផលិតសារអប់រំសុខភាពដល់ប្រជាពលរដ្ឋដូចជា ការធ្វើលំហាត់ប្រាណជាប្រចាំផ្លាស់ប្តូរទម្លាប់នៃការរស់នៅ របបអាហារ «តិចអំបិល តិចខ្លាញ់ តិចស្ករ» និងផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយ ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកត្រូវតាមដាននឹងយកចិត្តទុកដាក់បញ្ហាជំងឺឆ្លងដែលអាចនឹងមានកើតជាយថាហេតុណាមួយក្នុងករណីដែលមិនមានការវាយតម្លៃ និងទប់ស្កាត់បានទាន់ពេលវេលា ។ ក្នុងនោះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងត្រូវពិនិត្យដានវាយតម្លៃសភាពការ និងស្រាវជ្រាវពីភាពច្បាស់លាស់នៃជំងឺឆ្លងផ្សេងៗ ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ត្រូវអនុវត្តតាមអភិក្រម ក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ ប័ណ្ណប.ស.ស ប័ណ្ណងាយរងហានិភ័យ ដោយធានាបានថា កុំឱ្យមានការរើសអើសត្រូវគិតថា ប្រជាពលរដ្ឋម្នាក់ៗ ត្រូវតែទទួលបានការព្យាបាលដូចគ្នា ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំអំពីការរៀបចំទម្រង់ឯកសារ លិខិតស្នាមរបាយការណ៍ ជំនួយស្មារតី និងការវាយតម្លៃសភាពការណ៍ផ្សេងៗ ក្នុងនាមអ្នកដឹកនាំដែលត្រូវដឹងអំពីការរៀបចំ និងការសរសេរឱ្យចំគោលដៅនៃទិសដៅការងារ ដើម្បីក្លាយជាឯកសារដែលមានទាំងសារគន្លឹះជាមួយចក្ខុវិស័យ និងទិសដៅការងារច្បាស់លាស់ ដើម្បីជួយជំរុញក្នុងការសម្រេចចិត្តក្នុងនាមអង្គភាព ស្ថាប័នឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ៕
ចែករំលែកព័តមាននេះ