រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានរកឃើញផលិតផល SUPER XL និង AMOUR មានផ្ទុកសារធាតុហាមឃាត់ Sildenafil ធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិត ។ នេះយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៥ ។
ក្រសួងសុខាភិបាលបានលើកឡើងថា យោងតាមការស្រាវជ្រាវរបស់ភ្នាក់ងារត្រួតពិនិត្យឱសថ និងលទ្ធផលរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាលបានរកឃើញថា ផលិតផលចំនួន០២ មុខឈ្មោះ ១-SUPER XL ២.AMOUR ដែលបាន និងកំពុងផ្សព្វផ្សាយលក់តាមរយៈបណ្តាញទំនាក់ទំនងសង្គម មានផ្ទុកសារធាតុ Sildenafil ដែលជាឱស ថប្រើ សម្រាប់វិបត្តិសរីរាង្គភេទបុរស ។

ផលវិបាកនៃឱសថនេះ អាចបណ្តាលឱ្យមានផលប៉ះពាល់ដល់បេះដូង និងគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុទៀតផង ។ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ មន្ត្រីជំនាញនៃក្រសួងសុខាភិបាល បានសហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើនិយ័តកម្មនៅទីតាំងចំនួន២កន្លែងនៅរាជធានីភ្នំពេញ ដោយបានកសាងសំណុំរឿងបញ្ជូនជនពាក់ព័ន្ធទៅតុលាការតាមនីតិវិធីផងដែរ ។
ដើម្បីចៀសវាងការប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិត ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ផលិតផល SUPER XL និង AMOUR ទាំងនេះជាបន្ទាន់។

ទន្ទឹមនេះដែរ ក្រសួងសុខាភិបាលបានជម្រាបជូនថា រាល់ផលិតផលជំនួយផ្លូវភេទគ្រប់ប្រភេទ ដែលកំពុងផ្សព្វផ្សាយលក់តាមប្រព័ន្ធអនឡាញ គឺពុំមានការអនុញ្ញាតឱ្យធ្វើការផ្សព្វផ្សាយពីក្រសួងសុខាភិបាលនោះទេ ហើយតាមការស្រាវជ្រាវកន្លងមកភាគច្រើននៃផលិតផលទាំងនោះមិនមែនជាផលិតផលបំប៉នសុខភាពនោះទេ គឺជាទូទៅមានដាក់សារធាតុឱសថសម័យ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អ្នកប្រើប្រាស់ ឬឈានដល់បាត់បង់អាយុជីវិតទៀតផង។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងឈប់ជឿលើការផ្សព្វផ្សាយទាំងនោះទៀត ។
ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលនៅតែបន្តចែកចាយឬលក់ផលិតផលទាំង០២ខាងលើ ឬផលិតផលជំនួយផ្លូវភេទគ្មានលេខបញ្ជីកាផ្សេងទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលទាំងនេះជាបន្ទាន់។

ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល នឹងមានវិធានការតឹ ងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជន ណាដែលបន្តចែកចាយ ឬលក់ផលិតផល ប៉ះពាល់សុខភាពគ្មានលេខបញ្ជីកាខាងលើ ឬផលិតផលគ្មានលេខបញ្ជីកាផ្សេងទៀតទៅតាមច្បាប់ ស្តីពីវិសោធន កម្មច្បាប់ ស្តីពីការគ្រ ប់គ្រងឱសថជាធរមាន។ ក្រសួងសុខាភិបាលសង្ឃឹមថា ប្រជាពលរដ្ឋ អាជីវករ នឹងចូលរួមសហការអនុវត្តតាមសេចក្តី ជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
ចែករំលែកព័តមាននេះ