ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ពិនិត្យ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ឃុំ​ថ្មដា ដើម្បី​ឈាន​ទៅ​បើក​ច្រកព្រំដែន«​ច​១-​ឆាំ​រ៉ា​ក​»

16 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ លោក ខូ​យ រី​ដា និង​មានបាន​ការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម…

ខេត្តពោធិ៍សាត់ ៖ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ លោក ខូ​យ រី​ដា និង​មានបាន​ការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ និង​ជា​មេបញ្ជាការ​ទិស​ទី​៤ ពោធិ៍សាត់​, លោក​អភិបាលរង​ខេត្ត​, ក្រុមការងារ​មន្ទីរ​ជំនាញ​, កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ចុះ​ពិនិត្យ​ទីតាំង​គ្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន នៅ​ច្រក​ទ្វារ​តំបន់​ព្រំដែន ស្ពាន​ជ័យ​ជំនះ «​ច​១» ស្ថិត​ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ។

ការ​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ជំរុញ​ដំណើរការ​បើក​ច្រកព្រំដែន «​ច​១-​ឆាំ​រ៉ា​ក​» ឱ្យទៅ​ជា​ច្រក​តំបន់​ពាណិជ្ជកម្ម និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​ប្រទេស​ទាំង​ពីរ ដែល​កំពុង​ទន្ទឹងរង់ចាំ និង​ចង់​ឃើញ​ការ​ប្រែក្លាយ​ច្រកព្រំដែន​នេះ ជា​ព្រំដែន ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ល្អ យ៉ាង​ឆាប់រហ័ស ។

លោក ខូ​យ រី​ដា បានឱ្យ​ដឹង​ថា ច្រក​ទ្វា​តំបន់​ព្រំដែន ស្ពាន​ជ័យ​ជំនះ «​ច​១» ដែល​ស្ថិត​ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ និង​ច្រកព្រំដែន «​ឆាំ​រ៉ា​ក​» ដែល​ស្ថិត​ក្នុងភូមិ​ឆាំ​រ៉ា​ក ឃុំ​លែ​ម​ក្លាត់ ស្រុក​មឿង ខេត្ត​ត្រា​ត ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល ប្រទេស​ទាំង​ពីរ ស្រុះស្រួល និង​ឯកភាព​គ្នា ឱ្យ​ដំណើរការ​ឡើង​វិញ ទៅ​ជា​ច្រក​តំបន់​ពាណិជ្ជកម្ម​។

ជាមួយ​គ្នា​នោះ អភិបាលខេត្ត​ត្រា​ត ភាគី​ខាង​ប្រទេស​ថៃ ក៏​បាន​ចារ​ឯកភាព​រួចរាល់​ហើយ​ដែរ ជុំវិញ​ការ​ទទួលស្គាល់ និង​យល់ព្រម​តម្លើង​ច្រក​នោះ​។
ដោយឡែក សម្រាប់​ភាគី​ខេត្ត និង​ខេត្ត ពោល​គឺ​ខេត្តពោធិ៍សាត់ និង​ខេត្ត​ត្រា​ត បាន​និង​កំពុង​ត្រៀម​ជួប​ពិភាក្សា​គ្នា ដើម្បី​បង្ក​លក្ខណៈ និង​បង្កើន​ភាព​ស្និទ្ធស្នាល​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ក្នុង​ការ​ឆ្លើយ​តប​ឱ្យ​បាន​ឆាប់រហ័ស តាម​បំណងប្រាថ្នា នៃ​ការ​បើក​ច្រក​តំបន់​ពាណិជ្ជកម្ម​នេះ ។

លោក ខូ​យ រី​ដា បាន​បន្ថែម​ថា ជា​ការ​ពិត​ណាស់ ដំណើរការ នៃ​ការ​បើក​ច្រកព្រំដែន គឺ​មិន​មាន​ភាព​ងាយស្រួល​នោះ​ទេ ក៏​ប៉ុន្តែ​បញ្ហា​ទាំងនោះ យើង​មិន​អាច​ដាក់​ជា​បញ្ហា​ធំ​ចម្បង ដែល​ធ្វើ​ឱ្យ​រាំងស្ទះ​នោះ​ឡើយ​។ កត្តា​ដែល​សំខាន់ ច្រកព្រំដែន អាច​ដំណើរការ​ទៅ​បាន ទាល់តែ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​កិច្ច​ការងារ​ខ្លះ ក៏​ត្រូវ​មាន​យោគយល់ និង​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ផង​ដែរ​។ ជុំវិញ​បញ្ហា​ផ្លូវ​តាម​ខ្សែបន្ទាត់​ព្រំដែន ដែល​រង​ការ​ខូចខាត ដោយ​ទឹកភ្លៀង​ហូរ​ច្រោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ត្រៀម​កញ្ចប់​ថវិកា ក្នុង​ការ​ស្ថាបនា​ជួសជុល នឹង​ឈាន​ដល់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នៅ​តំបន់​រដ្ឋបាល​ច្រក​ផង​ដែរ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ និង​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​អាជ្ញាធរ​ស្រុក ក៏​ដូច​ជា​អាជ្ញា​ឃុំ​ថ្មដា ត្រូវ​បំផុស​ចលនា​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ព្រមទាំង​សម្អាត​បរិស្ថាន អនាម័យ និង​រៀបចំ​សណ្តាប់ធ្នាប់ តាម​ទី​សាធារណៈ ក៏​ដូច​ជា​មុខ​ផ្ទះ​ឱ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​គ្រប់គ្រង​រៀបចំ​ទុកដាក់​សំរាម និង​ទប់ស្កាត់​រាល់​ការ​សាងសង់​សំណង់​អនាធិបតេយ្យ ដែល​មាននៅ​ក្នុង​ឃុំ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចៀសវាង​បង្ក​បញ្ហា​ទៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ