ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេខាធិការ​គណបក្ស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត ប្រចាំ​រដ្ឋធានី​ប៉េ​កាំ​ង​ កោតសរសើរ​ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា

18 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យឯកឧត្តម យី​ន លី…

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យឯកឧត្តម យី​ន លី (Yin Li) សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​លេខាធិការ​គណបក្ស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត ប្រចាំ​រដ្ឋធានី​ប៉េ​កាំ​ង ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៥​ នៅ​វិមាន​សន្ដិភាព ​។

ក្នុង​ឱកាស​នៃ​ជំនួប​ ឯកឧត្តម យី​ន លី បាន​កោតសរសើរ និង​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ជា​ខ្លាំង​ ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ជា​ពិសេស​ការ​បន្ត​រក្សា​បាន​នូវ​សន្ដិភាព​ ស្ថិរភាព​នយោបាយ​ ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​។ ឯកឧត្តម ​យី​ន លី បាន​បង្ហាញ ​នូវ​ជំនឿ​ជឿជាក់​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​បវរ​ធិ​បតី​ សេដ្ឋកិច្ច​កម្ពុជា​ នឹង​បន្ត​រីក​ចម្រើន និង​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ ។

ឯកឧត្តម​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ភាព​រីក​ចម្រើន ​នៃ​ទំនាក់ទំនង​គ្រប់​កម្រិត និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ចិន​-​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ បក្ស និង​ប្រជាជន​ ។

ជាមួយ​គ្នា​នោះ​ ឯកឧត្តម​បាន​គោរព​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី​ថា គោលបំណង ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម និងគណៈប្រតិភូ​ នា​ពេល​នេះ គឺ​ចូលរួម​អនុវត្ត​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ខ្លាំងក្លា​ថែម​ទៀត​ នូវ​រាល់​ការ​ឯកភាព​របស់​ថ្នាក់ដឹកនាំ​កំពូល ​នៃ​ប្រទេស​ទាំង​ពីរ និង​ការ​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង​ ។

ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​ថា ​រដ្ឋ​ធាន​ប៉េ​កាំ​ង ​មាន​បំណង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ រដ្ឋបាល​ខេត្តសៀមរាប និង​បណ្ដា​រដ្ឋបាល​ខេត្ត​ផ្សេង​ទៀត ផង​ដែរ​ ។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​បវរ​ធិ​បតី ​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​ នៃ​ទំនាក់ទំនង​គ្រប់​កម្រិត និង​កិច្ច​ហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​កម្ពុជា​-​ចិន​។ សម្ដេច​បវរ​ធិ​បតី ក៏​បាន​អរគុណ​រដ្ឋាភិបាល​ចិន ដែល​តែងតែ​ជួយ​គាំទ្រ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា និង​ចំពោះ​វិនិយោគិន​ចិន ដែល​កន្លង​មក​បាន​បណ្ដាក់ទុន​វិនិយោគ​ជា​ច្រើន នៅ​កម្ពុជា រួម​មាន ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត ដូច​ជា​៖​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ និង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ជាដើម​ ។

សម្ដេច​បវរ​ធិ​បតី និង​ឯកឧត្តម យី​ន លី ក៏​បាន​ពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ ​លើ​វិស័យ​សក្ដានុពល​ជា​ច្រើន​ ដែល​រួម​មាន ជា​អាទិ៍​ ៖ វិស័យ​នយោបាយ​, សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, វិនិយោគ​, បច្ចេកវិទ្យា​ឌី​ជី​ថ​ល​, សិល្បៈ​-​វប្បធម៌​, ទេសចរណ៍​, ការ​ផ្លាស់​ប្ដូរ​រវាង​ប្រជាជន និងប្រជាជន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ