ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ចង់​ឲ្យ​ជប៉ុន​ជួយ​ជំរុញ​ភាគី​ថៃ ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ហើយ​ឈរ​លើ​គោលការណ៍​តុលាការអន្តរជាតិ

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា មាន​បំណង​ចង់​ឲ្យ​ជប៉ុន ​ជួយ​ជំរុញ​ភាគី​ថៃ ដោះស្រាយ​ជម្លោះ នៃ​ប្រទេស​ទាំង​ពីរ​…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា មាន​បំណង​ចង់​ឲ្យ​ជប៉ុន ​ជួយ​ជំរុញ​ភាគី​ថៃ ដោះស្រាយ​ជម្លោះ នៃ​ប្រទេស​ទាំង​ពីរ​ ប្រកបដោយ​សន្តិវិធី ហើយ​ឈរ​លើ​គោលការណ៍​តុលាការអន្តរជាតិ​ ។

ការ​បង្ហាញ​បំណង​របស់​សម្តេច​តេ​ជោ ធ្វើ​ឡើង​ខណៈ​ដែរ ​សម្តេច​បាន​អនុញ្ញាត​ឲ្យនាយ​ឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការ​កង​ស្វ័យការពារ​ជើង​គោក​ជប៉ុន ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥​ នៅ​វិមាន​ព្រឹទ្ធសភា​ ។

បើ​តាម​លោក ជា ធី​រិ​ទ្ធ ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ជំនួបសម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅមេបញ្ជាការ​ទ័ពជើងគោក​ជប៉ុន ពី​ស្ថានភាព​បញ្ហា​ពិតប្រាកដ រវាង​កម្ពុជា​-​ថៃ ដែល​កំពុង​កើត​មាន​ឡើង​នា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​សម្ដេច​បាន​អរគុណ​ចំពោះ​ការ​ចូលរួម​រំលែក​ទុក្ខ​ពី​ខាងភាគី​ជប៉ុន​ ។

នៅ​ក្នុង​នោះ សម្ដេច​តេ​ជោ បាន​ពន្យល់​ថា ជា​ការ​ចាប់ផ្ដើម​គឺ ដោយ​មាន​ទា​ហ៊ាន​ថៃ​ ឆ្លង​ដែន​មក​បាញ់​សម្លាប់​យុទ្ធ​ជន​កម្ពុជា បន្ទាប់​មក​ថៃ ​សម្រេច​បិទ​ច្រកព្រំដែន​ជា​ឯកតោភាគី ​ជាដើម និង​សកម្មភាព​ជា​ច្រើន​ទៀត ​ដែល​ថៃ​បាន​រំលោភ​មក​កាន់​កម្ពុជា​បន្ថែម​ទៀត ដែល​ជា​ផ្នែក​មួយ​កម្ពុជា ​ត្រូវ​តែ​មាន​វិធានការ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លើយ​តប​ត្រឡប់​ទៅ​វិញ យ៉ាងណា​ក៏​ដោយ ​សម្ដេច​តេ​ជោ បាន​បញ្ជាក់​ចំពោះ​ឯកឧត្តម​មេបញ្ជាការ​ទ័ពជើងគោក​ជប៉ុន ដោយ​ច្បាស់​ថា ជំហរ​របស់​កម្ពុជា ​គឺការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី តាម​រយៈ​យន្តការ ​នៃ​ការ​ចរចា​ទ្វេភាគី និង​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​អន្តរជាតិ ពោល​គឺ​ការ​ដោះស្រាយ​ដោយ​យក​តុលាការអន្តរជាតិ ICJ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ នេះ​ជា​គោល​ជំហរ​យ៉ាង​ច្បាស់​អំពី ភាគី​កម្ពុជា ជា​ពិសេស​ជា​ការ​លើក​ឡើង​របស់ សម្ដេច​តេ​ជោ ពីព្រោះ​សម្ដេច​តេ​ជោ លោក​បាន​បញ្ជាក់​ថា លោក​មិន​នឹក​ស្មានថា មានរឿង​បែប​នេះ ចំពោះ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ទាល់តែ​សោះ​។ អ្វី​ដែល​លោក​ចង់បាន​គឺ ព្រំដែន​មួយ​ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ មិត្តភាព ព្រំដែន​ដែល​មានការ​ការ​រួម​គ្នា លោក​មិន​ចង់​ឃើញ​មានការ​ផ្ទុះអាវុធ ឬ​សង្គ្រាម​ជាមួយ​គ្នា​ឡើយ គឺ​ចង់​ឃើញ​តែ​ភាព​សន្តិភាព ​ដែល​បាន​កើតឡើង សម្រាប់​ព្រំដែន​ប្រទេស​កម្ពុជា ​។

សម្ដេច​តេ​ជោ បាន​ប្រាប់​ទៅ​កាន់ឯកឧត្តម មេបញ្ជាការ​ទ័ពជើងគោក​ជប៉ុន ​ថាអ្វី​ដែល​កម្ពុជា​ចង់បាន គឺ​ចង់​ឲ្យ​ជប៉ុន​ជួយ​ជំរុញ​ឲ្យ​ភាគី​ថៃ​ ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​គោរព​ទៅ​តាម​និយាម ឬ​ច្បាប់​អន្តរជាតិ ដែល​ជា​ជំហរ​របស់​កម្ពុជា ​ដែល​ចង់បាន និង​ចង់​ឃើញ​ការ​ដោះស្រាយ​ដោយ​តុលាការអន្តរជាតិ ​។

ក្នុង​កិច្ច​ពិភាក្សា ឯកឧត្តម​មេបញ្ជាការ​ទ័ពជើងគោក​ជប៉ុន ក៏​បាន​អរគុណ​សម្ដេច​តេ​ជោ ដែល​បាន​បញ្ជាក់​អំពីមូ​ក​ហេតុ ស្ថានភាព​ពិត និង​បញ្ហា​ព្រំដែន​របស់​ប្រទេស​កម្ពុជា ដែល​មាន​ជាមួយ​ប្រទេស​ថៃ​ ។ ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា អ្វី​ដែល​ជប៉ុន​ចង់បាន​ គឺ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ ក្នុង​បញ្ហា​ព្រំដែន​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​មេបញ្ជាការ​ទ័ពជើងគោក​ជប៉ុន បាន​សម្ដែង​នូវ​ក្ដី​អរគុណ​ចំពោះ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ចំណាយ​ពេលវេលា និង​អនុញ្ញាត​ឲ្យ​ឯកឧត្តម ជាមួយ​សហការី បាន​ចូល​ជួប​សម្ដែង​ការ​គួរសម ពិភាក្សា​ការងារ និង​ស្ដាប់​យោបល់​របស់​សម្ដេច ហើយ​ឯកឧត្តម​មេ​បញ្ជ​ការ​តំណាង​ឲ្យ​កងទ័ព​ជប៉ុន ក៏​បាន​ចូលរួម​រំលែក​មរណទុក្ខ​ចំពោះ ការ​ស្លាប់​របស់ យុទ្ធ​ជន​កម្ពុជា លោក សួន រ៉ោ​ន កាលពី​ពេល​ថ្មី​ៗ​នេះ ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​ ។

ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ចំពោះ ឯកឧត្តម​មេបញ្ជាការ​ទ័ពជើងគោក​ជប៉ុន ដែល​បាន​ចូលរួម​រំលែក​មរណទុក្ខ​មក​កាន់​យុទ្ធ​ជន​កម្ពុជា ដែល​ត្រូវ​បាន​ទា​ហ៊ាន​ថៃ ​បាញ់​សម្លាប់ កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា កន្លង​ទៅ​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្ដី​ពេញចិត្ត​ចំពោះ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​កម្ពុជា និង​ជប៉ុន ដែល​បាន​កើតឡើង​មាន​ភាព​រីក​ចម្រើន ជា​ពិសេស​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កេត​ឃើញ​ថា នៅ​ក្នុង​ផ្នែក​ពាណិជ្ជកម្ម និង​ផ្នែក​វិនិយោគ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​មានការ​រីក​ចម្រើន និង​មានការ​កើន​ឡើងជា​បន្តបន្ទាប់​ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​នូវ​ទំហំ​ពាណិជ្ជកម្ម និង​ជា​ការ​រុញច្រាន​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ​ឲ្យ​ទៅ​ជាមួយ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ