រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៥នេះ ឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ក្នុងឱកាសនៃជំនួបនោះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញ ដែលធ្លាប់ជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យទីក្រុងមួយនេះ មានការអភិវឌ្ឍរីកចម្រើន ហើយការរីកចម្រើនលើគ្រប់វិស័យនេះ គឺមិនអាចផ្តាច់បានពីការចូលរួមជួយជ្រោមជ្រែងគ្រប់បែបយ៉ាងពីមិត្តចិនបានឡើយ។ បើទោះបី រាជធានីភ្នំពេញ មានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈមក៏នៅតែមាន តម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញ ធ្វើការដោះស្រាយ ពិសេសលើការកកស្ទះចរាចរ និងបញ្ហាសំរាមសំណល់រឹងជាដើម ។
លោក បន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយប្រទេសទាំង២ កម្ពុជា-ចិន ទៅជាទំនង់ទំនង មិត្តភាពដែកថែប។ បច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តទំនាក់ទំនងជាមួយប្រទេសចិនបានល្អ និងគ្រប់ជ្រុងជ្រោយ ជាមួយនិងការជំរុញឱ្យក្មេងៗជំនាន់ក្រោយបន្តទំនាក់ទំនងនេះឱ្យកាន់តែល្អ និងយូរអង្វែងបន្តទៀត ។
លោក ឃួង ស្រេង បានបន្តទៀតថា តាមរយៈទំនងប្រទេសចិន និងកម្ពុជា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងរបស់ប្រទេសចិន បានចំនួន៩ទីក្រុងហើយ ក្នុងនោះទីក្រុងប៉េកាំង បានចងសម្ព័ន្ធមេត្រីភាពជាមូយរាជធានីភ្នំពេញ តាំងពីមុនការរីករាដាលជំងឺកូវីដ-១៩ ពោលគឺក្នុងឆ្នាំ២០១៨ មកម្ល៉េះ។ តាមរយៈទីក្រុងសម្ព័ន្ធមេត្រីភាពនេះ ទីក្រុងប៉េកាំង បានជួយរាជធានីភ្នំពេញ ជាច្រើនទាំងសម្ភារៈ បរិក្ខា និងថ្នាំពេទ្យជាដើម ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
ឯកឧត្តម យីន លី ក្នុងឱកាសនោះដែរ បានកោតសរសើរ និងបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំង ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់រាជធានីភ្នំពេញ។ ឯកឧត្តម បានបន្តថា ចិន និងកម្ពុជា ជាមិត្តកម្រិតខ្ពស់ មានសុខ រួមសុខ មានទុក្ខ រួមទុក្ខ និងមានជោគវាសនារួមគ្នា ។
ឯកឧត្តម យីន លី បានបញ្ជាល់ថា ទីក្រុងទាំង២ ប៉េកាំង និងទីក្រុងភ្នំពេញ មានលក្ខណៈពិសេសរៀងៗខ្លួន តែសម្រាប់ទីក្រុងភ្នំពេញ មានដង់ស៊ីតេខ្ពស់ ជាងទីទីក្រុងប៉េកាំង ពោលគឺទីក្រុងប៉េកាំង មានផ្ទៃដីទំហំ១៦,០០០គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅប្រមាណ២២លាននាក់ មានដង់ស៊ីតេ ៣,០០០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ចំណែកទីក្រុងភ្នំពេញវិញ មានមានផ្ទៃដីទំហំ ៦៩៥,២១៨គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង២លាន៥សែននាក់ មានដង់ស៊ីតេប្រមាណ ៣.៦០០នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។
ឯកឧត្ដមបន្តថា គោលបំណង នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនាពេលនេះ គឺដើម្បីចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀត ស្របតាមការឯកភាពរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ។ រដ្ឋធានីប៉េកាំង មានបំណងពង្រីក កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថល សិល្បៈ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ។
បន្ថែមពីលើគោលបំណងខាងលើឯកឧត្តម យីន លី បានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញ លើកិច្ចសហប្រតិបត្តិការ ចំនួន ៤ចំណុចបន្តែមទៀត រួមមាន ៖
ទី១-ការរក្សាទំនាក់ទំនងល្អរវាងគ្នានឹងគ្នា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើចំណុចសក្ដានុពលរបស់ទីក្រុងទាំងពីរ។
ទី២-ពង្រឹងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្របតាមខ្លឹមសារ នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជាដែលមានស្រាប់ លើវិស័យទីផ្សារកសិផល សេដ្ឋកិច្ចឌីជីថល ជំរុញសហគ្រាស និងក្រុមហ៊ុនរបស់ទីក្រុងប៉េកាំងមកវិនិយោគនៅរាជធានីភ្នំពេញ និងអញ្ជើញភាគីភ្នំពេញ«អភិបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំងវិញ។
ទី៣-ជំរុញទំនាក់ទំនងស៊ីជម្រៅរវាងប្រជាជន និងប្រជាជន តាមរយៈវិស័យវប្បធម៌ ទេសចរណ៍ សុខាភិបាល ទំនាក់ទំនងយុវជន និងយុវជន ព្រមទាំងសមាគមគ្រូ និស្សិត។ល។
និងទី៤-ការចែករំលែក បទពិសោធន៌រវាងគ្នា នឹងគ្នា លើការងារគ្រប់គ្រងទីក្រុង ការរៀបចំទីក្រុង ការងារទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធព្រមទាំងការសហការរវាងសហគ្រាស និងសហគ្រាស៕







ចែករំលែកព័តមាននេះ