រាជធានីភ្នំពេញ ៖ បុរសដែលជាអ្នកបើករថយន្តដឹកប្រេងឥន្ធនៈម្នាក់ មានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ចំណែកប្រពន្ធក៏ឈឺទៀត និងគ្មានលុយផង ធ្វើឲ្យគាត់ពិបាកចិត្តយ៉ាងខ្លាំង ហើយក្រោយពីបានទៅសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យ បានរយៈពេល៤ថ្ងៃ ក៏ចេញមកផ្ទះវិញ។ លុះបានរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលហូបបាយថ្ងៃត្រង់រួច ឆ្លៀតពេលប្រពន្ធ និងកូនៗ រវល់តែលង់លក់នៅក្នុងដំណេក បុរសនោះក៏បានលួចចាកចេញពីផ្ទះ រួចបញ្ចប់ជីវិតខ្លួននៅលើដើមព្រីង តែម្ដង ។
សាកស.ពរបស់គាត់ត្រូវបានប្រពន្ធ និងកូនប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើដើមព្រីងវាលស្រែខាងក្រោយផ្ទះគាត់ ចម្ងាយពីផ្ទះប្រមាណជាង៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសខាងលើនេះឈ្មោះឆាន រិទ្ធ អាយុ៥៥ឆ្នាំ មុខរបរបើកបររថយន្តដឹកប្រេងឥន្ធនៈ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ បានបញ្ចប់ជីវិតខ្លួននៅលើដើមព្រីង ជាមួយនឹងខ្សែអង្រឹង ប្រវែងប្រមាណជាង២ម៉ែត្រ ។
បើតាមក្រុមគ្រួសាររបស់គាត់បានប្រាប់ឲ្យដឹងថា បុរសនោះមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ឈឺតម្រងនោម ក្រពះ និងពោះវៀនយូរមកហើយ រីឯប្រពន្ធគាត់ក៏មានជំងឺរ៉ាំរ៉ៃផងដែរ ហើយលុយក៏គ្មានទៀត ប៉ុន្តែរូបគាត់ជាប្ដីឈឺធ្ងន់ជាង មិនតែប៉ុណ្ណោះជំងឺតម្រងនោម ក្រពះ និងពោះវៀននេះ បានធ្វើទុក្ខខ្លាំងរយៈពេលជាង២ខែកន្លងមកហើយ។ គាត់បានព្យាបាលជាបន្តបន្ទាប់ ប៉ុន្តែពុំបានជាសះស្បើយសោះ ហើយនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កាន់តែធ្វើទុក្ខខ្លាំងថែមទៀត បន្ទាប់មកនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ គាត់បានសុំច្បាប់កន្លែងការងារ ដើម្បីឈប់សម្រាកនៅផ្ទះ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ប្រពន្ធ និងកូនបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
ក្រុមគ្រួសារ បានរៀបរាប់ប្រាប់ទៀតថា ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យ បាន៤ថ្ងៃ រហូតមកដល់វេលាព្រឹកថ្ងៃកើតហេតុ គឺថ្ងៃទី២២ ខែកុម្ភះ ក៏បានសុំគ្រូពេទ្យ ចេញមកសម្រាកនៅផ្ទះវិញ លុះពេលហូបបាយថ្ងៃត្រង់រួច បុរសនោះ រួមទាំងប្រពន្ធ និងកូន បាននាំគ្នាចូលដេករៀងៗខ្លួន ហើយខណៈ ដែលប្រពន្ធកូនដេកលក់មួយភាំង គាត់ក៏បានចេញបាត់ពីផ្ទះ។ ពេលនោះ ប្រពន្ធកូន មិនបានដឹងឡើយ ប៉ុន្តែក្រោយពេលភ្ញាក់ពីដំណេកបាត់ប្ដី និងឪពុក ក៏បាននាំគ្នាដើររក ក៏ស្រាប់តែប្រទះឃើញសាកស.ពគាត់នៅលើដើមព្រីងវាលស្រែក្រោយផ្ទះ ចម្ងាយជាង៣០ម៉ែត្រពីផ្ទះ បាត់ទៅហើយ ទើបនាំគ្នាស្រែកឆោឡោ និងស្រាយខ្សែ ដាក់ស.ពចុះនាំយកមកផ្ទះតែម្ដង ។
សមត្ថកិច្ច បានប្រាប់ថា មូលហេតុ ដែលឈានដល់ធ្វើឲ្យបុរសនោះដាច់ចោលប្រពន្ធនិងកូនបែបនេះ គឺទំនងជាគាត់ពិបាកចិត្ត នឹងខ្លួនឯងឈឺព្យាបាលអត់ជា ហើយពិបាកទ្រាំផង រីឯប្រពន្ធក៏ឈឺទៀត ហើយលុយក៏គ្មានទៀត ទើបលែងចង់រស់តទៅទៀត។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទៀន និងកម្លាំងនគរបាលខណ្ឌដង្កោ បានចុះទៅយកខ្សែចងហ៊ុមព័ទ្ធ នៅទីតាំងកើតហេតុខាងលើ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕






ចែករំលែកព័តមាននេះ