ខេត្តស្វាយរៀង ៖ ជនសង្ស័យថ្លើមធំម្នាក់ ចូលលួចទូរសព្ទដៃ បាន១គ្រឿង នៅស្រុកស្វាយជ្រំ មិនអស់ចិត្ត ឡើងជិះរថយន្តតាក់ស៊ី ពីស្វាយជ្រំ ទៅលួចរថយន្តគេ បានមួយគ្រឿងទៀត នៅស្រុកស្វាយទាប រួចបានឡើងបើករថយន្តគេចខ្លួន ក៏ប៉ុន្តែត្រូវម្ចាស់គេឃើញទាន់ ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ដេញស្ទាក់ចាប់ រហូតចាប់វាយខ្នោះបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ។

មហាជនហួសចិត្តលោកចោរថ្លើមធំម្នាក់នេះជាខ្លាំង ដែលហ៊ានធ្វើសកម្មភាពលួចទូរសព្ទទុកចោលក្នុងឡាន បាន១គ្រឿងហើយ ឆ្លៀតមកលួចឡានសាំយ៉ុងមួយគ្រឿងទៀត ដែលម្ចាស់ឈប់ដាក់អីវ៉ាន់ ម្តុំផ្សារប្រសូតិ បើកទៅយ៉ាងរំភើយ ផ្អើលផ្សារប្រសូតិ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្សារប្រសូតិ ស្ថិតនៅភូមិប្រសូតិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផន វីរៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមវត្តនៅភ្នំពេញ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរសព្ទមួយគ្រឿង ម៉ាក vivo ពណ៍ឈាមជ្រូកលាយខ្មៅ នៅផ្សារស្រុកស្វាយជ្រំ រួចបានជិះតាក់ស៊ី មកផ្សារប្រសូតិ ក៏ឃើញរថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AL-3122 ខណៈម្ចាស់រថយន្តលើកដាក់អីវ៉ាន់ ចុះពីលើរថយន្ត ហើយមិនបាកដកកូនសោចេញពីរថយន្ត ក៏ឡើងលួចបើកចេញតែម្តង ។
ប្រភពបន្តថា ខណៈនោះ ម្ចាស់រថយន្តឃើញទាន់ ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ទើបបើករថយន្តដេញតាម និងទំនាក់ទំនងសមត្ថកិច្ចតាមដងផ្លូវស្ទាក់ចាប់បាននៅចំណុចផ្លូវបំបែកជាបួន ក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ។
សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យយកទៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីសាកសួរ ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចរថយន្តជនរងគ្រោះពិតប្រាកដមែន ។
ក្រោយពីសួរចម្លើយជនសង្ស័យរួច លោកអធិការនគរបាលស្រុកស្វាយទាប បានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងអនុវត្តបន្តតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ