រាជធានីភ្នំពេញ ៖ កម្ពុជា និងកូរ៉េខាងត្បូង បានបើកពិព័រណ៍សិល្បៈ រួមគ្នានៅខេត្ដសៀមរាប ក្រោមគំនិតផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សព្វផ្សាយ តំបន់បេតិកភណ្ឌ ពិភពលោករបស់កម្ពុជា និងការបង្ហាញវប្បធម៌កូរ៉េ នៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញសម្រស់ ដ៏វិចិត្រ នៃប្រាង្គប្រាសាទបុរាណ និងស្នាដៃដ៏វិសេសរបស់បុព្វបុរសខ្មែរ ។
ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ លោកជំទាវ ជ្រឹង បុទុមរង្សី បានបញ្ជាក់នៅក្នងកម្មវិធីពិព័រណ៍ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមុខសារមន្ទីរជាតិអង្គរ ខេត្តសៀមរាប ថា ពិព័រណ៍នេះ បានដើរតួជាកាត្តាលិករដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងទេសចរណ៍ ឲ្យកាន់តែស៊ីជម្រៅរវាងប្រជាជាតិយើងទាំងពីរ និងជានិមិត្តរូប នៃស្មារតីយូរអង្វែង នៃទំនាក់ទំនងការទូត វប្បធម៌ និងពង្រឹងចំណងមិត្តភាពប្រទេសទាំងពីរ ។
ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ស្នាដៃសិល្បៈ នៃវប្បធម៌ខ្មែរ បានចារិកទុកនៅតាមផ្ទាំងសិលា នៃជញ្ជាំងប្រាង្គប្រាសាទនានា ដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងវប្បធម៌រូបី និងអរូបីរបស់បុព្វបុរសខ្មែរ ហើយ ដែលមរតកទាំងនេះ បានកំពុងទាក់ទាញវិស័យទេសចរណ៍ ដែលជាប្រភពសេដ្ឋកិច្ចជាតិ មិនចេះរីងស្ងួត ។
លោកជំទាវក៏បាន ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិចិត្រកម្មច្នៃម៉ូតបុរាណ នៃសិល្បករកម្ពុជា និងកូរ៉េ ដែលបានបង្ហាញនូវស្នាដៃប្រកបដោយភាពច្នៃប្រឌិតរស់រវើក មានសោភណភាពស្រស់ស្អាត និងស្របតាមវប្បធម៌។ ស្នាដៃសិល្បៈ និងការផ្លាស់ប្តូរវប្បធម៌ គឺជាការបង្ហាញពីភាពដ៏បរិសុទ្ធបំផុត នៃទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ផ្សាភ្ជាប់ដួងចិត្តកាន់តែជិតស្និទ្ឋថែមទៀត ។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ពិព័រណ៍សិល្បៈកម្ពុជា-កូរ៉េ ជាព្រឹត្តិការណ៍អន្តរជាតិមួយ សម្រាប់ខេត្តសៀមរាប នៅដើមឆ្នាំ២០២៥នេះ ហើយព្រឹត្តិការណ៍នេះ ក៏ស្តែងចេញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកូរ៉េ ខាងត្បូង និងកម្ពុជា ប្រជាជនកម្ពុជា និងប្រជាជនកូរ៉េ ។
ឯកឧត្តម បន្តថា ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះក៏ជាការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរ-កូរ៉េ ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាប ព្រមទាំងបានចូលរួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍ក្នុងខេត្ត ព្រមទាំងបងប្អូនប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាប ទាំងមូល ដែលកំពុងប្រាស្រ័យទាក់ទងនឹងសក្តានុពលវិស័យទេសចរណ៍ជាចម្បងនេះ ។
ចំណែកលោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ បានលើកឡើងថា ការតាំងពិព័រណ៍សិល្បៈកម្ពុជា កូរ៉េ នៅខេត្តសៀមរាបនាពេលនេះ ជាការ បង្ហាញ នូវស្នាដៃរចនាម៉ូតបុរាណកូរ៉េហៅថា (maedeup) ដែលមានប្រវត្តិសាស្ត្រតាំងពីរាប់ពាន់ឆ្នាំមកហើយ ក្នុងសម័យ រាជវង្ស ចូសុន និងបានប្រើប្រាស់ ក្នុងការតុបតែងក្នុងព្រះរាជវាំង និងតាមផ្ទះអ្នកមានឋានៈជាន់ខ្ពស់ ឬក៏សម្រាប់ប្រារព្ធ ក្នុងពិធីពិសេសៗផ្សេងទៀត ។
លោកថា ពិព័រណ៍នេះ មិនត្រឹមតែជាសិល្បៈប៉ុណ្ណោះទេ វាជានិមិត្ត នៃសេចក្តីមេត្តា ករុណា និងបេតិកភណ្ឌវប្បធម៌ តាមរយៈប្រពៃណីដ៏មានតម្លៃ នៃប្រទេសទាំងពីរ សំដៅពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងបង្កើតកេរ្តិ៍ដំណែលដ៏យូអង្វែងសម្រាប់មនុស្សជំនាន់ក្រោយទៀតផង ។
សូមជម្រាបថា ខេត្តសៀមរាបបានបង្កើត នូវចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុង នៃសាធារណរដ្ឋកូរ៉េ ចំនួន ៣ខេត្ត-ក្រុង រួមមានទីក្រុងស៊ូវ៉ុន នៃខេត្តឃ្យុងគី ខេត្តជុងចុងណាំដូ និងខេត្តកាងវ៉ុន តាមរយៈទំនាក់ទំនងខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពទាំងនេះ ខេត្តសៀមរាប ទទួលបាននូវលទ្ធផល នៃកិច្ចសហប្រតិបត្តិការគួរឲ្យកត់សម្គាល់ទាក់ទងទៅនឹង វិស័យវប្បធម៌ សង្គមកិច្ច កសិកម្ម អប់រំ ទេសចរណ៍ សុខាភិបាល ពាណិជ្ជកម្មជាដើម ដោយផ្លែផ្កាទាំងនេះ កើតចេញពីភាពជាបងប្អូន ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តសៀមរាប និងខេត្ត-ក្រុង សម្ព័ន្ធមេត្រីភាព នៃសាធារណរដ្ឋកូរ៉េ ៕





ចែករំលែកព័តមាននេះ