ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុ ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន ២,២៦៦​ក្បាលដី ក្នុង​ឃុំ​ព្រៃ​នប់

18 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៥ លោក ម៉ាង ស៊ី​ណេ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៥ លោក ម៉ាង ស៊ី​ណេ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ អញ្ជើញ​ជា​គណអធិបតី​ក្នុង​ពី​ធី​ចែក​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ ភូមិ​ព្រៃ​នប់​១ ព្រៃ​នប់​២ ព្រៃ​នប់​៣ ភូមិ​បត់​សិរមាន់ និង​ភូមិ​បែក​ក្រង់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលស្រុក​ព្រៃ​នប់ និង​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ស្ថិត​នៅ​បរិវេណ​វត្ត​ព្រៃ​នប់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក ចេ​ង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ធ្វើ​របាយការណ៍​សង្ខេប ស្តី​ពី​ការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ ក្នុង​ឃុំ​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ជា​លទ្ធផល នៃ​ការ​វាស់វែង​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ស្ថិត​នៅ​ឃុំ​ព្រៃ​នប់ នា​ថ្ងៃនេះ គណៈកម្មការ​រដ្ឋបាល​បាន​លើក​សំណើរ​ផ្តល់​ជា​កម្មសិទ្ធិ និង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ២,២៦៦​ក្បាលដី ក្នុង​នោះ ភូមិ​ព្រៃ​នប់​១ មាន​ចំនួន ៣៩០​ក្បាលដី ភូមិ​ព្រៃ​នប់​២ ចំនួន ៦១៧​ក្បាលដី ភូមិ​ព្រៃ​នប់​៣ មាន​ចំនួន ៣៩៩​ក្បាលដី ភូមិ​បត់​សិរមាន់ មាន​ចំនួន ៥២០​ក្បាលដី និង​ភូមិ​បែក​ក្រង់​មាន​ចំនួន ៣៤០​ក្បាលដី​។ បណ្ណ​កម្មសិទ្ធិ គឺជា​ឯកសារ​គតិ​យុ​ត្ត ដែល​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់ និង​ធានា​ដោយ​រដ្ឋ មិន​មាន​ជន​ណា​ម្នាក់​មក​ដកហូត ឬ​រំលោភ​យក​បាន​ឡើយ ។

លោក ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី តាង​នាម​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​អបអរសាទរ​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នៅ​ភូមិ​ព្រៃ​នប់​១ ភូមិ​ព្រៃ​នប់​២ ភូមិ​ព្រៃ​នប់​៣ ភូមិ​បត់​សិរមាន់ និង​ភូមិ​បែក​ក្រង់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ស្រប​ពេល ដែល​ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស កំពុង​ទទួល​បាន នូវ​សេចក្តី​សោមនស្ស​រីករាយ​ជាមួយនឹង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការ​រស់នៅ​ដ៏​សុខ​ក្សេម​សាន្ត ក្រោម​ម្លប់​នៃ​សន្តិភាព ។ ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទាំង ១១១​ភូមិ នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​លទ្ធផល​ល្អ​គួរ​ជាទី​មោ​ទក ទាំង​អស់នេះ គឺ​ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ជាមួយ​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ក្នុង​ការ​កាន់កាប់​ដីធ្លី ដែល​បាន​ជួយ​ជំរុញ​នូវ​កំណើនសេដ្ឋកិច្ច​សង្គម ប្រកបដោយ​និរន្តរ៍ភាព និង​សុខដុម​នី​យ​កម្ម ជា​ពិសេស​ស្រប​តាម​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​ទៅ​ជា​ប៉ូ​ល​អភិវឌ្ឍ​ជាតិ​ទំនើប​ប្រកបដោយ​ចីរភាព ជីវភាព សុខភាព និង​សុភមង្គល​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ។

លោក​អភិបាលខេត្ត បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពុះពារ​បម្រើ និង​ការពារ​នូវ​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​ក្នុង​គ្រប់​កាលៈទេសៈ​ប្រកបដោយ​ឧត្តមគតិ និង​ការ​បេ្ត​ជ្ញា​ចិត្ត​យ៉ាង​មោះមុត គឺជា​និមិត្តរូប​នៃ​ការ​ចាប់ផ្តើម​ទំព័រ​កម្ពុជា សហ​សម័យ ដើម្បី​តម្រង់​ទិស​ឆ្ពោះទៅ​រក​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ។

លោក​អភិបាលខេត្ត ជឿជាក់​ថា ការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នា​ពេល​នេះ ធ្វើ​ឱ្យ​ទំនាស់​ដីធ្លី​អាច​នឹង​ត្រូវ​កាត់​បន្ថយ​បានជា​ច្រើន​ផង​ដែរ និង​បាន​ធ្វើការ​ផ្តាំផ្ញើ​ប្រជាពលរដ្ឋ​ត្រូវ​រក្សា​បណ្ណ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​វា​មាន​តម្លៃ​សម្រាប់​ឱ្យ​បងប្អូន​យក​ទៅ​ប្រើប្រាស់​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ