ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​បង្ហាញ​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​បំផុត​ទាំង​៥ ប្រចាំ​ទី្វ​ប​អាស៊ី

23 ម៉ោង មុន

អន្តរជាតិ ៖ បើ​យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​ពី​គេហទំព័រ Bloomberg បាន​បង្ហាញ​អំពី​គ្រួសារ​មហាសេដ្ឋី​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​បំផុត​ទាំង ៥ ប្រចាំ​ទ្វីបអាស៊ី នៅ​ក្នុង​ឆ្នាំ ២០២៥​។ គ្រួសារ​ទាំង​៥​នេះ…

អន្តរជាតិ ៖ បើ​យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​ពី​គេហទំព័រ Bloomberg បាន​បង្ហាញ​អំពី​គ្រួសារ​មហាសេដ្ឋី​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​បំផុត​ទាំង ៥ ប្រចាំ​ទ្វីបអាស៊ី នៅ​ក្នុង​ឆ្នាំ ២០២៥​។ គ្រួសារ​ទាំង​៥​នេះ សុទ្ធសឹងតែ​គ្រប់គ្រង​ក្រុមហ៊ុន​ធំ​ៗ លើ​វិស័យ​អចលនទ្រព្យ ការ​លក់រាយ បច្ចេកវិទ្យា និង​ថាមពល ដោយ​ទ្រព្យសម្បត្តិ​រួម​បញ្ចូល​គ្នា​សរុប​ជាង ២៤៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

១-គ្រួសារ​ត្រកូល Ambani ប្រទេស​ឥណ្ឌា
គ្រួសារ​ដ៏​មាន​ឥទ្ធិពល​នៅ​ប្រទេស​ឥណ្ឌា ដែល​គ្រប់គ្រង​ក្រុមហ៊ុន Reliance Industries មួយ​នេះ គឺជា​គ្រួសារ​អ្នកមាន​បំផុត​នៅ​ទ្វីបអាស៊ី ជាមួយ​ទ្រព្យ​សុទ្ធ​សរុប​ប្រមាណ ៩០.៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។
ដើម​កំណើត​ក្រុមហ៊ុន Reliance Industries មាន​តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ នៅ​ពេល​ដែល​លោក Dhirubhai Ambani ឪពុក​របស់​លោក Mukesh និង​លោក Anil បាន​ចាប់ផ្តើម​ក្រុមហ៊ុន​ឡើង​។ បន្ទាប់​ពី​មរណភាព​លោក Dhirubhai ក្នុង​ឆ្នាំ ២០០២ ប្រពន្ធ​របស់​លោក​បាន​សម្រប​សម្រួលការ​បែងចែក​ទ្រព្យសម្បត្តិ​គ្រួសារ​ទៅ​កូន​ៗ ប្រុស​២​នាក់ និង​ស្រី​២​នាក់​។

បច្ចុប្បន្ន លោក Mukesh គឺជា​អ្នកដឹកនាំ​ក្រុមហ៊ុន​ដ៏​ធំ​របស់​ប្រទេស​ឥណ្ឌា ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ុម​បៃ​មួយ​នេះ ដោយ​ប្រតិបត្តិការ​រោងចក្រ​ចម្រាញ់​ប្រេង​ដ៏​ធំ​បំផុត​របស់​ពិភពលោក និង​កំពុង​ធ្វើ​ពិពិធ​កម្ម​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា លក់រាយ សេវាកម្ម​ហិរញ្ញវត្ថុ និង​ថាមពល​កកើត​ឡើង​វិញ ដោយ​កូន​ៗ​របស់​លោក​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្នែក​ផ្សេង​ៗ​នៃ​ក្រុមហ៊ុន​។

សព្វថ្ងៃ​លោក Mukesh កំពុង​រស់នៅ​ក្នុង​លំនៅ​ដ្ឋា​ន​ដ៏​ប្រណីត​កម្ពស់​២៧​ជាន់ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​លំនៅ​ដ្ឋា​ន​ឯកជន​មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​របស់​ពិភពលោក ហើយ​ជា​រឿយ​ៗ លោក​ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​លើ​ពិភពលោក តាម​រយៈ​ការ​ចំណាយ​លុយ​មិន​សំចៃ​ដៃ​ទៅ​លើ​ពិធី​ផ្សេង ជា​ពិសេស​ការ​ចំណាយ​រាប់រយ​លាន​ដុល្លារ​លើ​ពិធី​មង្គល​កូន​ៗ​របស់​លោក​។

២ -គ្រួសារ​ត្រកូល Chearavanont ប្រទេស​ថៃ
គ្រួសារ​ជំនួញ​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​ថៃ​មួយ​នេះ ជាប់​នៅ​ចំណាត់ថ្នាក់​លេខ​២ ជាមួយនឹង​ទ្រព្យសម្បត្តិ​សុទ្ធ​សរុប​ចំនួន ៤២.៦​ពាន់​លាន​ដុល្លារ​។

ផ្តើម​ចេញពី​លោក Chia Ek Chor ជនជាតិ​ចិន​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ ១៩២១ ហើយ​បាន​បង្កើត​ហាង​លក់​គ្រាប់ពូជ​បន្លែ​ជាមួយ​បងប្អូន​ប្រុស​របស់​លោក​។ ជាង​មួយ​រយ​ឆ្នាំ​ក្រោយមក ហាង​លក្ខណៈ​គ្រួសារ​មួយ​នេះ បាន​ប្រែ​ក្លាយទៅជា​ក្រុមហ៊ុន Charoen Pokphand Group ឬ CP Group ដែល​ជា​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ និង​បសុសត្វ​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​។

កូនប្រុស​របស់​លោក Chia Ek Chor គឺ​លោក Dhanin Chearavanont គឺជា​ប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន CP Group​។ នៅ​ឆ្នាំ ២០២០ ចៅប្រុស​របស់​លោក Dhanin ឈ្មោះ Korawad បាន​បង្កើត​ក្រុមហ៊ុន Amity ដែល​ជា​ក្រុមហ៊ុន​ផ្តោត​លើ​បច្ចេកវិទ្យា​។

៣-គ្រួសារ​ត្រកូល Hartono ប្រទេស​ឥណ្ឌូ​ណេ​ស៊ី
ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ នៃ​បញ្ជី គ្រួសារ​ត្រកូល Hartonos ដែល​គ្រប់គ្រង​ក្រុមហ៊ុន​ផលិត​បារី Djarum និង​ធនាគារ BCA បាន​រាយការណ៍​ថា​មានទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន ៤២.២​ពាន់​លាន​ដុល្លារ​។

ផ្តើម​ចេញពី​លោក Oei Wie Gwan នៅ​ឆ្នាំ ១៩៥០ បាន​ទិញ​ម៉ាក​បារី Kretek ហើយ​ប្តូរ​ឈ្មោះ​ជា Djarum​។ ក្រុមហ៊ុន​បាន​បន្ត​រីក​ចម្រើន​បោះ​ជំហាន​ឥត​ឈប់​ឈរ ក្លាយជា​ក្រុមហ៊ុន​ផលិត​បារី​ឈានមុខ​គេ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

បន្ទាប់​ពី​មរណភាព​របស់​លោក​ក្នុង​ឆ្នាំ ១៩៦៣ កូន​ៗ​របស់​លោក​បាន​បន្ត​ពង្រីក​អាជីវកម្ម​ដោយ​ការ​វិនិយោគ​នៅ​ក្នុង​ធនាគារ BCA ឬ Bank Central Asia ដែល​ជា​ភាគហ៊ុន​សព្វថ្ងៃ​តំណាង​ឱ្យ​ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​គ្រួសារ​មាន​បំផុត​នៅ​ឥណ្ឌូ​ណេ​ស៊ី​មួយ​នេះ​។

៤-គ្រួសារ​ត្រកូល Mistry ប្រទេស​ឥណ្ឌា
គ្រួសារ​ត្រកូល Mistry ជំនាន់​ទី ៥ គឺជា​គ្រួសារ​ឥណ្ឌា​ទី​ពីរ​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី ជាមួយ ទ្រព្យ​សុទ្ធ​ស​តុ​ប ៣៧.៥​ពាន់​លាន​ដុល្លារ​។ ប្រភព​នៃ​ទ្រព្យសម្បត្តិ កើត​ចេញពី​សាជីវកម្ម​គ្រួសារ Shapoorji Pallonji Group ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជីតា​គឺ​លោក Pallonji Mistry ដែល​ជា​សហគ្រាស​សំណង់​នៅ​ក្នុង​ឆ្នាំ ១៨៦៥​។

សព្វថ្ងៃ សហគ្រាស​សំណង់ Shapoorji Pallonji Group ប្រតិបត្តិការ​លើ​វិស័យ​ចម្រុះ ជា​ពិសេស​ផ្នែក​វិស្វកម្ម និង​សំណង់​។ ទោះ​យ៉ាងណា​ក៏​ដោយ ទ្រព្យ​របស់​គ្រួសារ​នេះ​ត្រូវ​បាន​ចង​ភ្ជាប់​ជា​ចម្បង​ក្នុង​ការ​វិនិយោគ​មិន​ច្បាស់លាស់​ក្នុង​ក្រុមហ៊ុន Tata Sons ដែល​ជា​សម្ព័ន្ធ​ដ៏​សំខាន់​នៃ​ក្រុមហ៊ុន Tata Group មាន​តម្លៃ ៤០០​ពាន់​លាន​ដុល្លារ​។ គ្រួសារ​នេះ មិន​អាច​ទទួល​បានទ្រព្យ​សកម្ម​ដ៏​ធំ​បំផុត​របស់​ខ្លួន ដែល​ជា​ភាគហ៊ុន ១៨.៤% ក្នុង​ក្រុមហ៊ុន Tata Sons នោះ​ទេ ដោយសារ​តែ​ភាព​ស្មុគស្មាញ​ផ្នែក​ផ្លូវច្បាប់​នៃ​ក្រុមហ៊ុន​ចុង​ក្រោយ​។

៥-គ្រួសារ​ត្រកូល Kwok តំបន់​រដ្ឋបាល​ពិសេស​ហុងកុង
គ្រួសារ​មហាសេដ្ឋី​ល្បី​បំផុត​របស់​ហុងកុង​មួយ​នេះ មានទ្រព្យ​សុទ្ធ​សរុប​ចំនួន ៣៥.៦​ពាន់​លាន​ដុល្លារ​។ ប្រភព​ទ្រព្យសម្បត្តិ​កើត​ចេញពី​លោក Kwok Tak-seng ដែល​បាន​បង្កើត​ក្រុមហ៊ុន Sun Hung Kai Enterprises ក្នុង​ឆ្នាំ ១៩៦៣​។ នៅ​ឆ្នាំ ១៩៧២ លោក​បាន​ចុះបញ្ជី​ក្រុមហ៊ុន Sun Hung Kai Properties ដែល​ជា​ការ​ផ្លាស់​ប្តូរ​ជំរុញ​ក្រុមហ៊ុន​នេះ​ឱ្យ​ក្លាយជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​ហុងកុង​។

បន្ទាប់​ពី​មរណភាព​របស់​លោក Kwok Tak-seng ក្នុង​ឆ្នាំ ១៩៩០ កូនប្រុស​ទាំង​បី​របស់​លោក គឺ​លោក Walter, Thomas និង Raymond Kwok បាន​ទទួល​មរតក និង​សហការ​គ្រប់គ្រង​អាជីវកម្ម​គ្រួសារ​នៅ​ឆ្នាំ ១៩៩០​។ ប៉ុន្តែ​ដោយសារ​ជម្លោះ​គ្រួសារ និង​បញ្ហា​ផ្លូវច្បាប់​នោះ បច្ចុប្បន្ន​នេះ លោក Raymond Kwok គឺជា​ប្រធាន​ក្រុមហ៊ុន Sun Hung Kai Properties តែ​ម្នាក់​គត់​៕ ដកស្រង់ ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ