ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​មិន​ទាន់​មាន​ផែន​ការ​ច្បាស់​ក្នុង​គម្រោង​ជួ​ប​គ្នា​រវាង​ត្រាំ និង​ពូទីន

1 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​ប្រទេស​អាមេរិក និង​រុស្ស៊ី​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ចាំ​បាច់​ត្រូវ​តែ​មាន​កិច្ច​ជំនួប​កម្រិត​កំពូល​រវាង​លោក​ត្រាំ និង​លោក​ពូទីន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ឱ្យ​ជ្រះ​ស្រឡះ​ជា​ស្ថាពរ​។ ប៉ុន្តែ​សេចក្ដី​លម្អិត​នៃ​គម្រោង​ជួប​គ្នា​​​មិន​ទាន់​ត្រូវ​ប្រទេស​ទាំង​២​កំណត់​ឱ្យ​បាន​ជាក់​លាក់​នៅ​ឡើយ​ទេ​។ អ្នក​នាំ​ពាក្យ​រុស្ស៊ី លោក​ប៉េស្កូស​ ​ថ្លែង​ថា​ភាគី​ទាំង​២​បាន​ឯក​ភាព​គ្នា​នៅ​ក្នុង​កិច្ច​ជំនួប​ដំបូង​នៅ​ទី​ក្រុង​រីយ៉ាត ប្រទេស​អារ៉ាប៊ី​សាអូ​ឌីត​ ថា​ថ្នាក់​ដឹក​នាំ​ទាំង​២​គួរ​តែ​ជួប​គ្នា​។…

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​ប្រទេស​អាមេរិក និង​រុស្ស៊ី​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ចាំ​បាច់​ត្រូវ​តែ​មាន​កិច្ច​ជំនួប​កម្រិត​កំពូល​រវាង​លោក​ត្រាំ និង​លោក​ពូទីន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ឱ្យ​ជ្រះ​ស្រឡះ​ជា​ស្ថាពរ​។ ប៉ុន្តែ​សេចក្ដី​លម្អិត​នៃ​គម្រោង​ជួប​គ្នា​​​មិន​ទាន់​ត្រូវ​ប្រទេស​ទាំង​២​កំណត់​ឱ្យ​បាន​ជាក់​លាក់​នៅ​ឡើយ​ទេ​។ អ្នក​នាំ​ពាក្យ​រុស្ស៊ី លោក​ប៉េស្កូស​ ​ថ្លែង​ថា​ភាគី​ទាំង​២​បាន​ឯក​ភាព​គ្នា​នៅ​ក្នុង​កិច្ច​ជំនួប​ដំបូង​នៅ​ទី​ក្រុង​រីយ៉ាត ប្រទេស​អារ៉ាប៊ី​សាអូ​ឌីត​ ថា​ថ្នាក់​ដឹក​នាំ​ទាំង​២​គួរ​តែ​ជួប​គ្នា​។

ថ្នាក់​ដឹក​នាំ​ទាំង​២​ក៏​បាន​បង្ហាញ​ចេត​នា​ចង់​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់​ដើម្បី​ជជែក​គ្នា​ផង​ដែរ​។ លោក​ប៉េស្កូស​ថ្លែង​ថា​ប្រធានា​ធិប​តី​ទាំង​២​ពិត​ជា​អន្ទះ​សា​ចង់​ជួប​មុខ​គ្នា​ជា​ខ្លាំង​ ហើយ​ក៏​បាន​ណែ​នាំ​ឱ្យ​​មន្ត្រី​ក្រោម​ឱវាទ​ត្រៀម​​រៀប​ចំ​គម្រោង​ជួប​គ្នា​​ជា​បណ្ដើរ​ៗ​ផង​ដែរ​។ ​​លោក​យល់​ថា​​ប្រទេស​ទាំង​២​ត្រូវ​ការ​ជជែក​ពិភាក្សា​គ្នា​​​នៅ​ក្នុង​ដំណាក់​កាល​ត្រៀម​​ជួប​គ្នា​កម្រិត​កំពូល​​នេះ​​​​។

ក្រោយ​កិច្ច​ជំនួប​រវាង​គណៈ​ប្រតិ​ភូ​អាមេរិក និង​រុស្ស៊ី​​កាល​ពី​ថ្ងៃ​អង្គារ​ លោក​ត្រាំ​ប្រកាស​ថា​លោក​អាច​នឹង​ជួប​លោក​ពូទីន​​​នៅ​ក្នុង​ខែ​កុម្ភៈ​នេះ​តែ​ម្ដង​​ក៏​អាច​ថា​បាន​។ ចំណែក​លោ​កពូទីន​ក៏​បាន​ថ្លែង​​​កាល​ពី​ថ្ងៃ​ពុធ​ផង​ដែរ​ថា​គម្រោង​ជួប​គ្នា​ (កម្រិត​កំពូល​) ត្រូវ​តែ​រៀប​ចំ​ឱ្យ​បាន​ប្រយ័ត្ន​ប្រយែង​ដើម្បី​ធានា​ថា​មិន​មែន​ជួប​គ្នា​ឥត​ប្រយោជន៍​ទេ​ ជួប​គ្នា​ហើយ​ចេញ​ជា​លទ្ធ​ផល​​​តែ​ម្ដង​។​

កាល​ពី​យប់​​ថ្ងៃព្រហស្បតិ៍ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​រូប៊ីយ៉ូ ថ្លែង​ថា​គម្រោង​ជួប​គ្នា​រវាង​លោក​ត្រាំ និង​លោក​ពូទីន​អាស្រ័យ​មួយ​ផ្នែក​ធំ​ទៅ​លើ​​ការ​ចរ​ចា​គ្នា​រីក​ចម្រើន​​​កម្រិត​ណា​។ ជា​ពិសេស លោក​​ត្រាំ​ចង់​ដឹង​ថា​តើ​លោក​ពូទីន​មាន​ឆន្ទៈ​មោះ​មុត​កម្រិត​ណា​​​នៅ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​​។

លោក​ប៉េស្កូស​បញ្ជាក់​ថា​លោក​ពូទីន​បើក​ចិត្ត​ទូលាយ​ជា​និច្ច​នៅ​ក្នុង​គម្រោង​ចរ​ចា​គ្នា​​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​។ យើង​មាន​គោល​ដៅ​របស់​យើង​ដែល​ជាប់​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​សន្តិ​សុខ​ជាតិ​​ និង​​ផល​ប្រយោជន៍​ជាតិ​របស់​យើង​ ហើយ​យើង​ត្រៀម​ខ្លួន​សម្រេច​ឱ្យ​បាន​គោល​ដៅ​នេះ​តាម​រយៈ​ការ​ចរ​ចា​​សន្តិ​ភាព​។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ក៏​សូម​ច្រាន​ព័ត៌មាន​ចុះផ្សាយ​នៅ​លើ​ទំព័រ​សារ​ព័ត៌​មាន​ ហ្វាន​ណាន់​សល​ ថាម​ស៍ (Financial Times) ដែល​ថា​នៅ​ក្នុង​កិច្ច​ជំនួប​នៅ​អារ៉ាប៊ី​សាអូឌីត ភាគី​រុស្ស៊ី​បាន​ទាម​ទារ​ឱ្យ​អង្គ​ការ​ណាតូ​ដក​កម្លាំង​របស់​ខ្លួន​ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​អឺរ៉ុប​ខាង​កើត​។ នេះ​ជា​អ្វី​ដែល​រុស្ស៊ី​ធ្លាប់​ទាម​ទារ​នៅ​ពេល​ចរ​ចា​គ្នា​ដំបូង​ៗ​បន្ទាប់​ពី​សង្គ្រាម​ទើប​តែ​ផ្ទុះ​ឡើង​បាន​ប៉ុន្មាន​ខែ​។

ពាក់​ព័ន្ធ​នឹង​កិច្ច​ជំនួប​​​នៅ​អារ៉ាប៊ី​សាអូឌីត​នោះ​ លោក​ប៉េស្កូស​យល់​ថា​សម្រាប់​ពេល​នេះ លោក​មិន​ទាន់​អាចធ្វើ​អត្ថា​ធិប្បាយ​ថា​តើ​ប្រតិ​បត្តិ​ការ​យោធា​ដែល​រុស្ស៊ី​បាន​ដាក់​ចេញនោះ​សម្រេច​តាម​ផែន​ការ​កម្រិត​ណា​ទេ​។ លោក​ថា​ប្រតិ​បត្តិ​ការ​នេះ​នៅ​តែ​បន្ត​ធ្វើ​ដូច​ភ្លៀង​រលឹម​។ គោល​ដៅ​ដែល​លោក​ពូទីន​ដាក់​ចេញ​ក្នុងនាម​ជា​ប្រមុខ​រដ្ឋ​ និង​ជា​អគ្គ​បញ្ជាការ​កង​ទ័ព​រុស្ស៊ី​​ត្រូវ​តែ​សម្រេច​​ឱ្យ​បាន៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ